ផ្ល​យ និង ម៉ាក​ហ្គ្រេ​ហ្គ័​រ ហុច​សម្តី​ផ្លែផ្កា​ឱ្យ​គ្នា​ទៅវិញទៅមក ខណៈ​ការប្រកួត​កាន់តែ​ខិតជិត​មកដល់​

937
ចែករម្លែក

​អ្នក​ប្រដាល់​ផ្ល​យ មេ​វេ​ឌ័​រ និង ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ ផ្តោះផ្តង​ពាក្យសម្តី​កាលពី​ថ្ងៃ​អង្គារ (​ថ្ងៃទី ២២ ខែសីហា​) ខណៈពេលដែល​ការរាប់​ថយក្រោយ​សម្រាប់​ការប្រកួត​ធំ​របស់​ពួកគេ​នៅ​ឡាស​វេ​ហ្គាស​កាន់តែ​ខិតជិត​មកដល់​។​

​អ្នកគាំទ្រ​រាប់ពាន់នាក់​រួមទាំង​អ្នកគាំទ្រ​ជនជាតិ​អៀរ​ឡង់​ដែលមាន​ក្រុម​អ្នកគាំទ្រ​ច្រើន បាន​ប្រមូល​ផ្តុំគ្នា​នៅ​ចំ​បេះដូង​នៃ​ទីក្រុង​ប្រដាល់ ឡាស​វេ​ហ្គាស នៃ​រដ្ឋ នេ​វ៉ា​ដា ដើម្បី​ស្វាគមន៍​ចំពោះ​មេ​វេ​ឌ័​រ និង ម៉ាក​ហ្គ្រេ​ហ្គ័​រ នៅក្នុង​ពិធី​ទទួល​ដ៏​ធំ​ជា​ផ្លូវការ​របស់​ពួកគេ​។​

​មេ​វេ​ឌ័​រ ដែលជា​អតីត​ជើងឯក​ប្រដាល់​ទម្ងន់​ធ្ងន់​អាយុ ៤០ ឆ្នាំ បាន​ត្រូវ​អូសទាញ​ឱ្យ​ចាក​ចេញពី​ការចូលនិវត្តន៍​ដើម្បី​ប្រកួត​ជាមួយ​កីឡាករ ម៉ាក​ហ្គ្រេ​ហ្គ័​រ ដែលជា​តារា​ក្បាច់គុន​ចម្រុះ​ក្របខណ្ឌ UFC​។​

​អ្នក​ទាំងពីរ​នឹង​ជួបគ្នា​ក្នុងការ​ប្រកួត​ប្រដាល់ ១២ ទឹក ក្រោម​ច្បាប់​ប្រដាល់​នៅ​ថ្ងៃ​សៅរ៍​ទី​២៦​ខាងមុខ (​ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា​) ដែល​គេ​ចាត់ទុកថា​នឹង​ក្លាយជា​ការប្រកួត​ស៊ីថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​

​ការប្រកួត​ឆ្លង​ក្របខណ្ឌ​នេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​ប្រដាល់​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយ​អ្នកខ្លះ​រិះគន់​ជា​សាធារណៈ​ថា​ព្រឹត្តិការណ៍​នេះ​ជាការ​ពញ្ញាក់​អារម្មណ៍​ប្រឌិត​ជា​សាធារណៈ​ដ៏​ចម្លែក​មួយ​ដើម្បី​រក្សា​នូវ​ប្រពៃណី​កីឡាកាស​របស់​ក្របខណ្ឌ WWE ។​

​ទោះយ៉ាងណា មេ​វេ​ឌ័​រ និង ម៉ាក​ហ្គ្រេ​ហ្គ័​រ ដែល​ប៉ះ​សម្តី​គ្នា​ម្តង​ហើយ​ម្តងទៀត​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្សព្វផ្សាយ​ជុំវិញ​ពិភពលោក​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដើម្បី​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​សម្រាប់​ការប្រកួត​កាលពី​ខែ​មុន​នោះ បាន​ទទូចថា ពួកគេ​ត្រៀមខ្លួន​ដើម្បី​ធ្វើសង្គ្រាម​លើស​ង្វៀន​សម្រាប់​មនុស្ស​គ្រប់​វ័យ​។​

​ម៉ាក​ហ្គ្រេ​ហ្គ័​រ ដែល​គេ​មើលឃើញថា​ចាញ់​ប្រៀប​ខ្លាំង​ក្នុង​អ្វីដែល​នឹង​ជាការ​ប្រដាល់​អាជីព​ជា​លើកដំបូង​របស់ខ្លួន​នោះ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា គាត់​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើឱ្យ​ក្រុមហ៊ុន​ភ្នាល់​ទាំងឡាយ​ស្រឡាំងកាំង​។​

​ម៉ាក​ហ្គ្រេ​ហ្គ័​រ​និយាយថា “​នេះ​មិនទាន់​ជា​បញ្ហា​ប្រឈម​ដ៏​លំបាក​បំផុត​របស់ខ្ញុំ​ឡើយ​។ ហើយ​ខ្ញុំ​នឹង​ផ្តួល​គាត់ (​ផ្ល​យ​)​។ ខ្ញុំ​បាន​សម្រប​ខ្លួន​យ៉ាង​ល្អឥតខ្ចោះ​ទៅនឹង​កីឡាប្រដាល់ ហើយ​ខ្ញុំ​មាន​ភាព​រីករាយ​និង​ត្រៀមខ្លួន​ជាស្រេច​។ ខ្ញុំ​ជា​បុរស​ពិសេស​ម្នាក់ ខ្ញុំ​នឹង​បង្ហាញថា​ថ្ងៃទី ២៦ ខែសីហា​នេះ ខ្ញុំ​នឹង​ផ្តួល​គាត់​និង​ធ្វើឱ្យ​គាត់​ឈឺចាប់​ក្នុង​ទឹក​ទី​១​ឬ​ទឹក​ទី​២​ប៉ុណ្ណោះ​”​។​

​ម៉ាក​ហ្គ្រេ​ហ្គ័​រ​បន្តថា “​ប្រសិនបើ​គាត់​នៅរស់ ខ្ញុំ​នឹង​សម្រេច​ថា​តើ​ខ្ញុំ​ធ្វើឱ្យ​គាត់​អាម៉ាស​ឬ​ធ្វើឱ្យ​គាត់​របួស​ឈឺចាប់​ខ្លាំង​។ ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​និង​ត្រជាក់ ដូចដែល​ខ្ញុំ​មាន​រាល់​ការប្រកួត​។ ខ្ញុំ​មាន​ភាព​មុត​ស្រួច​និង​សម្បទា​មាំមួន ហើយ​ខ្ញុំ​នឹង​គ្មាន​ត្រា​ប្រណី​ឡើយ​នៅ​ទីនោះ​។ ខ្ញុំ​ជឿជាក់ថា​គាត់ នឹង​សន្លប់​នៅក្នុង​ទឹក​ទី​១”​។​

​ចំណែក​ផ្ល​យ​វិញ បាន​បោះ​ពាក្យសម្តី​ឌឺដង​ទៅវិញ​ថា “​ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នក​រាល់គ្នា​ពីមុន​រួចហើយ ថា​ការប្រកួត​នេះ​នឹងមិន​ចំណាយពេល​យូរ​ទេ​។ ប្រសិនបើ​អ្នក​ភ្នាល់ សូម​ចាក់​ការប្រកួត​នេះ មិន​អូស​បន្លាយពេល​យូរ​ទេ​”៕ ដោយ៖ កញ្ញាដាលីស

ផ្ល​យ និង​ម៉ាក​ហ្គ្រេ​ហ្គ័​រ នឹង​ប្រកួត​នៅ​ឡាស​វេ​ហ្គាស​នៅ​ថ្ងៃទី ២៦ សីហា​ខាងមុខនេះ