ផ្ល​យ មេ​វេ​ឌ័​រ ថា វា​ពិតជា​មានតម្លៃ ដែល​ហ៊ាន​យក​កំណត់ត្រា​ឈ្នះ​មិនដែល​ចាញ់​មក​ប្រថុយ

1112
ចែករម្លែក

​ជាមួយនឹង​ការប្រកួត​ដ៏​ធំ​របស់គាត់​ទល់នឹង​កីឡាករ ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ (Conor McGregor) នឹង​មកដល់​ជាង​មួយ​សប្តាហ៍​ខាងមុខនេះ ផ្ល​យ មេ​វេ​ឌ័​រ បាន​ចេញមក​និយាយ​ឆ្លុះបញ្ចាំង​អំពី​ខ្លួនឯង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​សីហា នៅពេល​គាត់​ពិភាក្សា​អំពី​ការ​ប្រថុយ​ងើប​ចេញពី​ការចូលនិវត្តន៍​សម្រាប់​ការប្រកួត​ដ៏​ធំ​។​

​មេ​វេ​ឌ័​រ ដែល​មិនបាន​ប្រកួត​ជិត​ពីរ​ឆ្នាំ ត្រូវការ​ជ័យជម្នះ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​បំបែក​កំណត់ត្រា​របស់លោក រ៉ុ​ក​គី ម៉ា​ស៊ី​យ៉ា​ណូ (Rocky Marciano) និង​ឈានទៅ​សម្រេច​ឱ្យបាន​ជ័យជម្នះ ៥០-០ សម្រាប់​អាជីព​របស់គាត់ ខណៈពេលដែល​កីឡាករ ម៉ាក ហ្គ្រេ​ហ្គ័​រ ដែល​នឹង​បង្ហាញមុខ​ដំបូង​ក្នុង​កីឡាប្រដាល់​អាជីព​របស់គាត់ គឺមាន​កំណត់ត្រា ២១-៣ (​ឈ្នះ ២១ ចាញ់​៣) នៅក្នុង​ក្បាច់គុន​ចម្រុះ​។​

​ផ្ល​យ​បាន​ប្រាប់​នៅ​សន្និសីទកាសែត​មួយ​ថា “​នៅពេលដែល​អ្នក​ប្រដាល់​ម្នាក់​ធ្លាប់​ចាញ់​ពីមុនមក ប្រសិនបើ​គាត់​ចាញ់​ម្ដងទៀត គេ​នឹង​និយាយថា អូ៎ វា​មិនជា​ស្អី​ទេ គាត់​ធ្លាប់​ចាញ់​ពីមុន​ហើយ​។ ប៉ុន្តែ​នៅពេលដែល​អ្នក​ប្រដាល់​ម្នាក់​បាន​ប្រកួត​អស់​រយៈពេល ២០ ឆ្នាំ​មកហើយ​នោះ និង​មិនដែល​ប្រកួត​ចាញ់​សោះ នោះ​អ្វីៗ​ទាំងអស់​គឺមាន​ហានិភ័យ​ខ្ពស់​។ កេរ្តិ៍ដំណែល​របស់ខ្ញុំ​។ កំណត់ត្រា​ប្រដាល់​របស់ខ្ញុំ​។ អ្វីៗ​គ្រប់យ៉ាង​គឺ​ស្ថិតក្នុង​ហានិភ័យ​”​។​

​ការប្រកួត ដែល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​២ បាន​ផ្សព្វផ្សាយ​ជា​អន្តរជាតិ​នៅ​ទីក្រុង​ចំនួន ៤ ក្នុងប្រទេស​ចំនួន​៣​នោះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង បើទោះបីជា​អ្នកខ្លះ​សង្ស័យ​អំពី​របៀប​ដែល​ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​យ៉ាងដូចម្តេច​ក៏ដោយចុះ​។​

​មេ​វេ​ឌ័​រ ដែលជា​ស្តេច​ប្រដាល់​បច្ចេកទេស​និង​ជា​អ្នក​ពូកែ​ខាង​ការពារ​ខ្លួន ត្រូវគេ​រំពឹង​ខ្ពស់​ថា​នឹង​ឈ្នះ​ការប្រកួត​នៅ​ថ្ងៃទី ២៦ ខែសីហា​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស ប៉ុន្តែ​អ្នក​ប្រដាល់​អាយុ ៤០ ឆ្នាំ​រូបនេះ​បាន​និយាយថា នៅលើ​ក្រដាស អ្វីៗ​គ្រប់យ៉ាង​គឺ​ចង្អុល​ថា ប្រៀប​ឈ្នះ​គឺ​នៅ​ខាង​បុរស​អៀរ​ឡង់ អាយុ ២៩ ឆ្នាំ ដែលមាន​កម្ពស់​ខ្ពស់ជាង និង​មាន​ដៃ​វែង​ជាង​។​

​មេ​វេ​ឌ័​រ​ទទួលស្គាល់ថា​ការទាមទារ​ការហ្វឹកហាត់​ខ្លាំងក្លា​សម្រាប់​ការប្រកួត​នេះ​គឺមាន​ការលំបាក​ខ្លាំង ជាង​ពេលដែល​រូបគាត់​កំពុង​ពេញកម្លាំង ប៉ុន្តែ​គាត់​បាន​និយាយថា គាត់​មិនបាន​ទុក​គំនិត​អវិជ្ជមាន​ចូលទៅក្នុង​ចិត្ត​របស់គាត់​ទេ​។​

​មេ​វេ​ឌ័​រ​និយាយថា “​ខ្ញុំ​ព្យាយាម​មិន​គិត​អំពី​ការ​ចាញ់ ឬ ការទទួលបាន​អក្សរ ‘L’ (​ចាញ់​) ។ វា​ពិតជា​មិនមែនជា​ការផ្តោត​សំខាន់​របស់ខ្ញុំ​ទេ​។ រាល់ថ្ងៃ​ខ្ញុំ​ប្រាប់​ខ្លួន​ខ្ញុំ​ថា ខ្ញុំ​ជា​អ្នកឈ្នះ​។ ខ្ញុំ​កើតមក​ជា​អ្នកឈ្នះ​ក្នុង​ជីវិត​នេះ​។ មិន​ត្រឹមតែ​នៅក្នុង​សង្វៀន​ទេ តែ​ខ្ញុំ​ថែមទាំង​កើតមក​ជា​អ្នកឈ្នះ​ផងដែរ​”​។​

​ផ្ល​យ​និយាយទៀតថា “​អ្វីៗ​គឺ​អំពី​ការ​ប្រថុយ​។ ហើយ​ខ្ញុំ​នឹងមិន​ស្ថិតនៅ​កន្លែង​ដែល​ខ្ញុំ​កំពុង​នៅ​នេះ​ទេ ប្រសិនបើ​ខ្ញុំ​មិន​ហ៊ាន​ប្រថុយ ដូច្នេះ​ខ្ញុំ​មិន​ខ្លាច​នឹងដាក់​កំណត់ត្រា​ឈ្នះ ៤៩-០ ឱ្យ​ជួប​ហានិភ័យ​នោះឡើយ​សម្រាប់​ការប្រកួត​នេះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​មាន​តំលៃនឹង​ធ្វើបែបនេះ​”៕ ដោយ៖ កញ្ញាដាលីស

ផ្ល​យ និង ម៉ាក​ហ្គ្រេ​ហ្គ័​រ នឹង​ប្រកួត​នៅ​ឡាស​វេ​ហ្គាស នៅ​ថ្ងៃទី ២៦ ខែសីហា​ខាងមុខនេះ