ផ្ល​យ មេ​វេ​ឌ័​រ វាយ​ឈ្នះ ខូ​ន័​រ ភ្លាម បង្អួត​លុយ ៣៥០ លាន​ដុល្លារ​លើ​បណ្តាញ​សង្គម​ភ្លែត​!

954
ចែករម្លែក

​គាត់​ពិតជា​សម​នឹង​ឈ្មោះ​ហៅ​ក្រៅ​ថា “​លោក​លុយ​” មែន ដូច្នេះហើយ គេ​មិនសូវ​ឆ្ងល់​ទេ ដែល ផ្ល​យ មេ​វេ​ឌ័​រ​បង្ហាញ​មូល​ប្ប​ទា​នប​ត្រ ភ្លាមៗ​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​លើ​កីឡាករ ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​។​

​កីឡាករ​អាមេរិក​រូប​នេះ​រកប្រាក់​បាន​យ៉ាងហោចណាស់ ១០០ លាន​ដុល្លារ​ពី​ការប្រកួត​ធំ​នេះ ប៉ុន្តែ​ទោះយ៉ាងណា គាត់​អាច​រកបាន​ដល់​ទៅ ៣៥០ លាន​ដុ​លា្ល​រ​ឯណោះ ហើយ​គាត់​បានបង្ហាញ​លុយ​មួយចំនួន​ដោយ​ឥត​អៀនប្រៀន​នៅក្នុង​វីដេអូ​ឃ្លី​ប​មួយ ដែល​បង្ហោះ​នៅលើ​គណនី អ៊ី​ន​ស្តា​ក្រាម (Instagram) របស់គាត់​។​

​វីដេអូ​ក្រោយ​ឆាក​នេះ​ក៏​បង្ហាញ​ផងដែរ​នូវ​ខ្សែក្រវាត់ WBC Money Belt Mayweather បន្ទាប់ពី​ផ្តួល​ម៉ាក​ហ្គ្រេ​ហ្គ័​រ​នៅ​ទឹក​ទី ១០ នៅឯ​សង្វៀន T-Mobile Arena ។​

​មេ​វេ​ឌ័​រ​ញញឹម​និង​និយាយ​កំប្លែង​ជាមួយ​កាមេរ៉ា​នៅក្នុង​វីដេអូ មុនពេល​ចាប់យក​មូល​ប្ប​ទា​នប​ត្រមក​បង្ហាញ​។​

​ទោះបីជា​មេ​វេ​ឌ័​រ​ត្រូវបាន​ធានាបាន​នូវ​ទឹកប្រាក់​ចំនួន ១០០ លាន​ដុល្លារ​ក្តី ក៏ប៉ុន្តែ​ប្រាក់ចំណូល​គាត់​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​រហូតដល់ ២០០ លាន​ដុល្លារ​ទៀត​ពី​ការលក់​សំបុត្រ ប្រាក់ចំណូល​ក្នុង​អ្នកទស្សនា​ម្នាក់ និង​ប្រាក់កម្រៃ​ផ្សេងៗ​ទៀត​ក៏​ត្រូវបាន​បូក​បញ្ចូល​ដែរ​។​

​មេ​វេ​ឌ័​រ ថែមទាំង​លើកឡើងថា​ប្រាក់ចំណូល​សរុប​អាច​ខ្ពស់ជាង​នេះ​ដោយ​និយាយថា​ក្រោយ​ការប្រកួត “​បើ​ខ្ញុំ​ឃើញ​មានឱកាស​រកប្រាក់​បាន ៣០០ លាន​ដុល្លារ​ឬ ៣៥០ លាន​ដុល្លារ​ក្នុង​រយៈពេល ៣៦ នាទី តើ​ហេតុអ្វី​ខ្ញុំ​មិន​ចាប់យក​ឱកាស​នេះ​?”​។​

​ម៉ាក​ហ្គ្រេ​ហ្គ័​រ ត្រូវបាន​គេ​ធានាថា​ទទួលបាន​ទឹកប្រាក់ ៣០ លាន​ដុល្លារ ដែល​នៅតែ​ខ្ពស់ជាង​ប្រាក់បៀវត្សរ៍​របស់គាត់​នៅក្នុង​ក្របខណ្ឌ UFC ចំនួន ១០ ដង ប៉ុន្តែ​គេ​រំពឹងថា​ប្រាក់ចំណូល​គាត់​នឹង​កើនឡើង​ដល់ ៧៥ លាន​ដុល្លារ នៅពេលណា​ដែល​ប្រាក់កម្រៃ​ផ្សេងទៀត​ត្រូវបាន​បូក​បន្ថែម​៕ ដោយ៖ កញ្ញាដាលីស

មេ​វេ​ឌ័​រ បង្អួត​ប្រាក់ ៣៥០ លាន​ដុល្លារ ជា​មូល​ប្ប​ទា​នប​ត្រ ក្នុង​វីដេអូ​ឃ្លី​ប​មួយ