ផ្សព្វផ្សាយ​ពី​កាតព្វកិច្ច​គណនេយ្យ និង​សវនកម្ម និង​បច្ចុប្បន្នភាព នៃ​ច្បាប់​សារពើពន្ធ សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ​

198
ចែករម្លែក

ដោយ​៖ គ​ន្ធា​ /
​ភ្នំពេញ​៖
កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែសីហា ឆ្នាំ​២០១៩ លោក ងី តា​យី រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ គណនេយ្យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី “​កាតព្វកិច្ច​គណនេយ្យ និង​សវនកម្ម​” និង “​បច្ចុប្បន្នភាព នៃ​ច្បាប់​សារពើពន្ធ​” សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ ដោយមាន​ចូលរួម​ពី​សហគ្រាស​អ្នក​ជាប់ពន្ធ ចំនួន​ប្រមាណ ៤៧០ នាក់ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

លោក ងី តា​យី រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ គណនេយ្យ

​លោក ងី តា​យី បាន​មានប្រសាសន៍ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ជា​សេនាធិការ បាន​សហការ​ជាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ រៀបចំ​សិក្ខាសាលា​នេះ​ឡើង ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង អំពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​គណនេយ្យ និង​សវនកម្ម នៅ​កម្ពុជា ដល់​សហគ្រាស ដើម្បី​ស្វែងយល់ អំពី​សារៈប្រយោជន៍ និង​កាតព្វកិច្ច​នានា ដែល​សហគ្រាស ត្រូវអនុវត្ត ក្នុងនោះ​រួមមាន កាតព្វកិច្ច​កាន់​បញ្ជី​គណនេយ្យ​, កាតព្វកិច្ច​រៀបចំ​របា​យ​ការណ៍​ហិរញ្ញវត្ថុ និង​កាតព្វកិច្ច​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ ឱ្យ​រង​សវនកម្ម​ឯករាជ្យ ។ សហគ្រាស ដែល​បាន​អនុវត្ត​កាតព្វកិច្ច​ទាំងនេះ បាន​ត្រឹមត្រូវ នឹង​ទទួលបាន​សារៈប្រយោជន៍ យ៉ាងច្រើន ដូចជា តម្លាភាព​នៃ​ការគ្រប់គ្រង ធនធាន​ហិរញ្ញវត្ថុ​, ភាពងាយស្រួល ក្នុងការ​ទទួលបាន​ឥណទាន ពី​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​, ការស្វែងរក​ដៃគូ​វិនិយោគ​ពី​បរទេស និង​ការ​ជៀសផុត ពី​ការពិន័យ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ជាដើម​។​

​លោក​បាន​បន្តទៀតថា ច្បាប់​ស្តីពី “​គណនេយ្យ និង​សវនកម្ម​” មាន​ចំណុច​ជា​ឧ​ត្ត​ម​ប្រយោជន៍ និង​គុណសម្បត្តិ​ជាច្រើន ដូចជា ១)- បង្កើន​តម្លាភាព និង​សុក្រឹតភាព នៃ​ឯកសារ​គណនេយ្យ និង​របាយការណ៍​ហិរញ្ញវត្ថុ របស់​សហគ្រាស ដែល​អាច​បង្កើន​នូវ​ជំនឿ​ទុកចិត្ត របស់​សាធារណជន លើ​សហគ្រាស ក៏ដូចជា​ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​។ ២)- ជំរុញ​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​នៃ​សហគ្រាស​។ ៣)- បង្កើន​គុណភាព និង​សមត្ថភាព​ធនធានមនុស្ស ជា​គណនេយ្យករ និង​សវន​ករ និង​លើកកម្ពស់​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម​។ ៤)- ជំរុញ​បន្ថែម និង​ទ្រទ្រង់​និរន្តរភាព នៃ​ទីផ្សារ​មូលធន ព្រមទាំង​បង្កលក្ខណៈ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម មានលទ្ធភាព ចូលរួម​ក្នុង​ទីផ្សារ​មូលធន​។ ៥)-​ជួយ​ទ្រទ្រង់​នូវ​លទ្ធភាព ក្នុងការ​ទទួលបាន​ឥណទាន​។ ៦)-​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​។ ៧)- បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។ ៨)-​ជា​មូលដ្ឋាន​ព័ត៌មាន ហិរញ្ញវត្ថុ​តែមួយគត់ ក្នុងការ​បង្ហាញ​របាយ​ការណ៍​ហិរញ្ញវត្ថុ ដើម្បី​ប្រកាស​ពន្ធ​។​

មន្ត្រីពន្ធដារ និងសហគ្រាស​អ្នក​ជាប់ពន្ធ ចំនួន​ប្រមាណ ៤៧០ នាក់ ចូលរួមសិក្ខាសាលា

​លោក ងី តា​យី ក៏បាន​ស​ង្គ​ត់​ធ្ងន់​ថា តាម​ស្មារតី​នៃ​ច្បាប់ ស្តីពី​គណនេយ្យ និង​សវនកម្ម សហគ្រាស និង​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ មាន​កាតព្វកិច្ច ជា​សារ​វ័​ន្ត​ចំនួន ៣៖ ១.​កាតព្វកិច្ច​កាន់​បញ្ជី​គណនេយ្យ ២.​កាតព្វកិច្ច​រៀបចំ​របា​យ​ការណ៍​ហិរញ្ញវត្ថុ ស្របតាម​ស្តង់ដារ​ជា​ធរមាន និង​៣.​កាតព្វកិច្ច​ដាក់ របាយការណ៍​ហិរញ្ញវត្ថុ ឲ្យ​រង​សវនកម្ម​ឯករាជ្យ​។​

​នា​ក្នុងឱកាស​នោះ ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានធ្វើ​បទ​បង្ហាញ អំពី​បច្ចុប្បន្នភាព នៃ​ច្បាប់​សារពើពន្ធ ដែល​ក្នុង​នោះបាន​សង្កត់ធ្ងន់​លើ​៖ ១.​ការកែសម្រួល​មូលដ្ឋាន គិត​ពន្ធលើប្រាក់បៀវត្ស​។ ២.​គោលការណ៍ និង​លក្ខខណ្ឌ នៃ​ការទទួលបាន​ការលើក​លែង​ពន្ធ រំដោះ​លើ​ប្រាក់ចំណេញ ១%​។​ ៣.​លក្ខខណ្ឌ​នៃ​ការកំណត់​ការកាន់កាប់​បញ្ជី​គណនេយ្យ បាន​ត្រឹមត្រូវ ដើម្បី​ទទួលបាន​កម្រិត អនុលោមភាព នៃ​ច្បាប់​ស្តីពី​សារពើពន្ធ​។ ៤.​ទោសទណ្ឌ​នៃ ការមិន​កាន់កាប់​បញ្ជី គណនេយ្យ​ត្រឹមត្រូវ និង​បទល្មើស​សារពើពន្ធ​។ ៥.​គោលនយោបាយ​លើកទឹកចិត្ត សារពើពន្ធ​ក្នុង​វិស័យ​អទិភាព​ទាំង ៦ របស់ រាជរដ្ឋាភិបាល​៕v