ផ្សព្វផ្សាយ​ពី​ការដាក់ឱ្យ​ប្រើប្រាស់ ស្តង់ដា​គណនេយ្យ​សាធារណៈ​កម្ពុជា មូលដ្ឋាន​សាច់ប្រាក់​

182
ចែករម្លែក

ដោយ​៖ គ​ន្ធា​
​ភ្នំពេញ​៖
កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ផ្សព្វផ្សាយ ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់ ស្តង់ដា​គណនេយ្យ​សាធារណៈ​កម្ពុជា មូលដ្ឋាន​សាច់ប្រាក់ ។

​​សិក្ខាសាលា​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​លោក ងី តា​យី រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ តំណាង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​មន្ត្រី មកពី​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ ដែលមាន​ចំនួន​ប្រមាណ​ជា ៤៥០ នាក់​។​

​បើតាម​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ បានឱ្យដឹងថា សិក្ខាសាលា​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ ជូន​ដល់​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​នានា អំពី​ខ្លឹមសារ​ប្រកាស និង​ខ្លឹមសារ​គន្លឹះៗ នៃ​ស្តង់ដា​គណនេយ្យ​សាធារណៈ​កម្ពុជា មូលដ្ឋាន​សាច់ប្រាក់ ដើម្បី​ទុកជា​មូលដ្ឋាន សម្រាប់​ការអនុវត្ត​។​

​លោក ងី តា​យី តំណាង​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​អញ្ជើញ​បើក​សិក្ខាសាលា

​ប្រភព​ដដែល បា​នប​ញ​ញ​ជា​ក់ថា ស្តង់ដា​គណនេយ្យ​សាធារណៈ​កម្ពុជា មូលដ្ឋាន​សាច់ប្រាក់ មាន​សារៈសំខាន់​ក្នុងការ​៖ ១)-​បង្កើន​តម្លាភាព និង​សុក្រឹតភាព នៃ​ឯកសារ​គណនេយ្យ និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​។ ២)​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ តាមរយៈ​តំណាងរាស្ត្រ លើ​របាយការណ៍​ហិរញ្ញវត្ថុ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ដៃគូ​អភិវឌ្ឍន៍​នានា ។ ៣)-​ជំរុញ​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ នៃ​អង្គភាព ។ ៤)-​ពង្រឹង និង​ពង្រីក​សមត្ថភាព ធនធានមនុស្ស ជា​គណនេយ្យករ និង​លើកកម្ពស់​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម​ក្នុង​វិស័យ​សាធារណៈ​។​

លោក ងី តា​យី តំណាង​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​អញ្ជើញ​បើក​សិក្ខាសាលា

​នៅក្នុង​ឱកាស​បើក​សិក្ខាសាលា​នេះ លោក ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ក៏បាន​គូសបញ្ជាក់ថា ការដាក់ឱ្យ​អនុវត្ត​ស្តង់ដា គណនេយ្យ​សាធារណៈ​កម្ពុជា មូលដ្ឋាន​សាច់ប្រាក់ គឺជា​ផ្នែក​មួយ​នៅក្នុង​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ហើយក៏​ជា​ជំហាន​ដំបូង នៅលើ​កំណាត់​ផ្លូវ​ដ៏​វែង ក្នុង​កម្មវិធី​កំណែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​រាជរដ្ឋាភិបាល ដែល​ទាមទារ​ឱ្យមាន​ការចូលរួម ការគាំទ្រ ការសហការ​យ៉ាង​ស្អិតរ​មួ​ត និង​ការអនុវត្ត​ប្រកបដោយ​ឆន្ទៈ​មោះមុត ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បីឱ្យ​ទទួលបាន​លទ្ធ​ផល​ល្អប្រសើរ តាម​ការរំពឹងទុក​៕v