ផ្សព្វផ្សាយ​ពី​សកម្មភាព​និង​របកគំហើញ​នៃ​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ

680
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សកម្មភាព​និង​របកគំហើញ​របស់​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ បានរៀបចំ​ប្រារព្វ​ធ្វើឡើង នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

​ក្នុង​រយ​:​ពេល​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៧​និង​ទី​២៨​ខែឧសភា​ឆ្នាំ​២០១៩​នេះ​ដោយមាន​ការចូលរួម​ពី​លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​គណៈប្រតិភូ មកពី​ប្រទេស​ឡាវ ។​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ និង​អន្តរ ជាតិ គ្រឹះស្ថានសិក្សា​នានា​។​

​លោកស្រី​បាន​និយាយថា​ការកើនឡើង​នូវ​កម្រិត​កម្តៅ​១,៥​ឬ​២​អង្សា​សេ​បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អាយុជីវិត​មនុស្ស សត្វ រុក្ខជាតិ នៅលើ​ភពផែនដី​យើង​នេះ ដែល​នាំ​ឲ្យ​មានការ​បាត់បង់​ជីវិត និង​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ច្រើនឡើង ហើយ​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ដូចជា​ប្រទេស​កម្ពុជា ជាដើម បាន​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​នេះ ។​

លោកស្រី​បាន​បន្តថា ការប្រយុទ្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ យើង​ចាំបាច់​ត្រូវការ​ហិរញ្ញវត្ថុ​ជា​ចាំបាច់ ហើយ​យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដថា​ប្រទេស​ដែលមាន​ឧស្សាហកម្ម​ជឿនលឿន​ត្រូវគោរព​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន ក្នុងការ​ផ្តល់ ហិរញ្ញ​ប្ប ទាន​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ។​

​លោក​បណ្ឌិត​ព្រី​យ៉ា​ដា​ស្ស៊ី​អ​.​ស៊ូ​ក្លា​សហប្រធាន​ក្រុមការងារ​ទី​៣​នៃ​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បាន​លើកឡើងថា​កម្ពុជា​និង​ឡាវ​មាន​ភាព​ងាយ​រងគ្រោះ​ខ្លាំង​និង​ទទួលរង​ផលប៉ះពាល់​ក្នុងការ​ប្រែប្រួល​អាកាសធាតុ​។​

ការប្រែប្រួល​អាកាសធាតុ​នេះ​គឺ​សំដៅ​ទៅលើ​ចំណុច​ផ្សេងៗ ដែល​រួមមាន​ការកើនឡើង​នៃ​សីតុណ្ហភាព​ក៏ដូចជា​ការផ្លាស់ប្ដូរ​នៃ​របរ​ទឹកភ្លៀង​ជាដើម​ដែល​ប៉ះពាល់​ទាំង​សុខភាព​មនុស្ស​ប៉ះពាល់​ដ​ល់​ដំណាំ​បង្កឱ្យមាន​នីវ៉ូទឹក​សមុទ្រ​កើនឡើង​ក៏ដូចជា​បាត់បង់​នូវ​រុក្ខជាតិ​ក្រោម​សមុទ្រ​ជាដើម​។

​ដូច្នេះ​ការយល់ដឹង​ពី​ការប្រែប្រួល​អាកាស​ធាតុពិត​ជាមាន​សារៈសំខាន់​ណាស់​ដើម្បីឱ្យ​មានការ​យល់ដឹង​និង​បង្ការ​ពី​បញ្ហា​ផ្សេងៗ​ក៏ដូចជា​ដឹង​ពី​ដំណាំ​ណា​ដែល​ត្រូវ​ដាំ​ឱ្យ​ស្របតាម​អាកាសធាតុ​និង​ផ្សុំ​ា​ខ្លួន​ឱ្យបាន​ជាមុន​។​

​លោក​បានលើកឡើង​បន្ថែមថា ទាក់ទង​នឹង​ការកើនឡើង​នូវ​កម្ដៅ​ផែនដី​នេះដែរ ជាប្រចាំ​ថ្ងៃ ការកើនឡើង​កម្ដៅ​ភពផែនដី​គឺមាន​ទម្រង់​ខុសគ្នា​ហើយ​ការឡើង​កម្ដៅ​នេះ​មិនមែន​កើតឡើង​នៅ​ស្រុក​ខ្មែរ​ទេ​តែ​កើតឡើង​ជាស​កល​។​ប៉ុន្តែ​ពេលខ្លះ​វា​កើតឡើង​នៅពេល​នីវ៉ូ​សមុទ្រ​កើនឡើង​ក្នុង​សមុទ្រ វា​បង្ក​ជា​មហន្ដរាយ​បែប​មួយ ខុសពី​ការឡើង​កម្ដៅ​លើ​ភពផែនដី ដែល​វា​មាន​មហន្ដរាយ​បែប​មួយ ៕S/

​រូបភាព​:​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សកម្មភាព​និង​របកគំហើញ​របស់​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅ​ខេត្តសៀមរាប ៕​គូលែន​