ផ្សព្វផ្សាយ​អោយ​បញ្ឈប់​ការប្រើ​ប​សុ​ឱសថ​Diclofenac​គឺជា​ថ្នាំ​បំផ្លាញ​សត្វ​ត្មាត​នៅ​កម្ពុជា​

182
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​-​ភ្នំពេញ​ ៖ អង្គការ​N G O​និង​ស្ថាប​ន្ត័​ពាក់​ព​ន្ធ័​ទៅនឹង​អភិរក្ស​សត្វ​ត្មាត​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​12​ខែកញ្ញា​នេះ​បាន​បើក​ការផ្សព្វផ្សាយ​មួយ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើ​ប​សុ​ឱសថ​មួយ​ប្រភេទ​គឺ​ឌី​ក្លូ​ហ្វេ​ណាក់​(Diclofenac)​ដែលជា​ថ្នាំ​កាច​សាហាវ​ត្រូវបាន​អ្នកបច្ចេកទេស​រកឃើញ​ថា​ជា​ថ្នាំ​ធ្វើអោយ​សត្វ​ត្មាត​ងាប់ ពេល​គេ​យកទៅ​ប្រើ​សំរាប់​ព្យាបាល​សត្វ​ផ្សេងៗ​។​បើ​សត្វ​ត្នា​ត​ស៊ី​សត្វ​ងាប់​ទាំងនេះ​គឺ​សត្វ​ត្មាត​នោះ​នឹង​ងាប់​តែម្តង​។​

ឥឡូវនេះ​លោក​ប៊ូ​វរ​សក្ស​តំណាង​អង្គការ​Birdlife​បានលើកឡើង​ក្នុង​សិក្ខាសាលា​នៅ​អគ្គនាយកដ្ឋាន​ពេទ្យសត្វ​ថា​គោលបំណង​គឺ​ផ្សព្វផ្សាយ​បញ្ជ្រៀបឲ្យមាន​ការយល់​ដឹង​ដល់​មន្ត្រី​មាន​សមត្ថកិច្ច ដេប៉ូ​លក់​ថ្នាំ​ទាំងអស់​ឈប់​លែងអោយ​លក់​ថ្នាំ​ប្រភេទ​នេះ​តទៅទៀត​។​បើ​មិន​អញ្ចឹងទេ​សត្វ​ត្មាត​នៅ​កម្ពុជា​អាច​អស់​ពូជ​។​ ហើយ​ត្រូវអនុវត្ត​ទាំងអស់គ្នា​នូវ​សេចក្តីជូនដំណឹង​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី​២៩ ​ខែកក្កដា​នេះ ​បាន​ហាមឃាត់​ជាបន្ទាន់​ក្នុង​ការលក់ និង​ការប្រើប្រាស់​ប​សុ​ឱសថ​ឈ្មោះ​ឌី​ក្លូ​ហ្វេ​ណាក់​(Diclofenac)​នៅក្នុង​ប្រទេស​កម្ពុជា​។

វិធានការ​នេះ​គឺ​ដើម្បី​ការពារ​សត្វ​ត្មាត​មាន​សេសសល់​នៅ​កម្ពុជា​ហើយ​ស្ថិតក្នុង​ស្ថានភាព​​​​​​​កំពុងតែ​ថយចុះ និង​មានការ​គំរាមកំហែង​ឈានទៅរក​ការ​ផុត​ពូជ​។ លោក​Alistair Mould​សហប្រធាន​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា “​ថ្នាំ​ព្យាបាល​សត្វ​ឌី​ក្លូ​ហ្វេ​ណាក់​(Diclofenac) មិន​បង្ក​គ្រោះថ្នាក់​ចំពោះ​សត្វពាហនៈ និង​សត្វ​ចិញ្ចឹម​ដទៃទៀត​នោះទេ ប៉ុន្តែ​ជា​មូលហេតុ​ធ្វើឱ្យ​សត្វ​ត្មាត​ស្លាប់​បាន​ប្រសិនបើ​ពួកគេ​ទៅ​ស៊ី​សាកសព​សត្វពាហនៈ​ដែល​មុនពេល​ស្លាប់​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​”​។ ប្រភេទ​សត្វ​ត្មាត​ទាំងអស់​ដែលមាន វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​ការពារ​ដោយ​ច្បាប់​កម្ពុជា ហេតុនេះ​វិធាន​ការដែល​ចែង​ក្នុង​សេចក្តីប្រកាស​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការពុល​ដោយសារ​ធាតុ​ឌី​ក្លូ​ហ្វេ​ណាក់​(Diclofenac)​ទៅលើ​ពួកវា ខណៈដែល​សារធាតុពុល​នៃ​ថ្នាំ​គីមីកសិកម្ម​ដទៃទៀត​ដូចជា​ប្រភេទ ថ្នាំ​កាបូ​ហ្វូ​រាន​(carbofuran) នៅតែ​បង្ក​ហានិភ័យ​ខ្ពស់​ធ្វើឱ្យ​ថយចុះ​នូវ​ចំនួន​សត្វ​ត្មាត​ក្នុងប្រទេស​កម្ពុជា​។​

​នៅ​ឥណ្ឌា កាលពី​អតីតកាល​គឺជា​ប្រទេស​ដែលមាន​ចំនួន​សត្វ​ត្មាត​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក ពោលគឺ​មាន​រហូត​ទៅដល់​រាប់លាន​ក្បាល តែ​ចំនួន​សត្វ​ត្មាត​ដែលមាន​ក្នុងប្រទេស​នេះ​ប្រមាណ​ជា​99% ត្រូវបាន​បាត់បង់​ដោយសារតែ​ការប្រើប្រាស់​ថ្នាំ​ឌី​ក្លូ​ហ្វេ​ណាក់ (Diclofenac) ក្នុងការ​ព្យាបាល​សត្វពាហនៈ​។

ការបាត់បង់​ស្ទើរតែ​គ្មាន​វត្តមាន​របស់​ពពួក​សត្វ​ស៊ី​សាកសព​ជា​អាហារ​នេះ​ពី​ក្នុង​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី បាន​បង្ក​ឲ្យ​ឥណ្ឌា​កើតមាន​វិបត្តិ​សុខភាព​សាធារណៈ​ដ៏​ធំ​មួយ ពោលគឺ​សាកសព​សត្វពាហនៈ​រាប់លាន​ក្បាល​ត្រូវបាន​គរ​ចោល​ដោយ​គ្មាន​អ្នក​ស៊ីសំ​អាត​។ ទន្ទឹមនឹងនោះ ជំនួស​វិញ​ដោយ​ចំនួន​ឆ្កែ​អនាថា​មានការ​កើនឡើង ដែល​នេះ​គឺជា​មូលហេតុ​បណ្តាលឱ្យមាន​កំណើន​មនុស្ស​ស្លាប់​ដោយសា​ជំងឺ​ឆ្កែ​ឆ្គួ​ត​។ ហេតុ​ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា​បានធ្វើការ​ហាមឃាត់ ការនាំ​ចូល និង​ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ឌី​ក្លូ​ហ្វេ​ណាក់​(Diclofenac)​នេះ ដោយ​លើក​កំពស់​ក្នុងការ​ប្រើប្រាស់​ប​សុ​ឪ​សថ​ប្រភេទ​មេ​លុក​ស៊ី​ខេ​ម (meloxicam) ជំនួស​វិញ ព្រោះ​វា​ជា​ប្រភេទ​ប​សុ​ឱសថ​ដែលមាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​ក្នុងការ​ព្យាបាល​សត្វ​ដូចគ្នា ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ត្មាត​។ ក្រោយ​ដាក់ចេញ​នូវ​បម្រាម បច្ចុប្បន្ននេះ​មាន​ភស្តុតាង​បង្ហាញ​អំពី​ការកើនឡើង​វិញ​នៃ​ចំនួន​សត្វ​ត្មាត​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​១ (CVWG) ដែលជា​ក្រុមការងារ​ដែលមាន​ការ​រួម​ផ្តុំ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​អភិរក្ស​មួយចំនួន​ដើម្បី​ធ្វើការ​អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០៤​មក​ម្លេះ​។ សត្វ​ត្មាត​នៅ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ឈានទៅរក​ការវិនាស​ផុត​ពូជ​យ៉ាងខ្ពស់ ដោយ​ផ្អែក​លើក​លទ្ធផល​នៃ​ការអង្កេត​តាមដាន​ចាប់ពី​ផ្តើម​គម្រោង​រហូតដល់​បច្ចុប្បន្ន យើង​ឃើញថា​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុ​ជាមាន​ធ្លាក់ចុះ​ប្រមាណ​ជា​៥០%​។ ការបំពុល និង​ការបាត់បង់​ទីជម្រក គឺជា​មូលហេតុ​ចម្បង ដែល​បណ្តាលឱ្យ​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​មានការ​ធ្លាក់ចុះ​។

យោងតាម​លទ្ធផល​ជំរឿន​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២០១៩​នេះ​បាន​បង្ហាញថា សត្វ​ត្មាត​តែ ១២០​ក្បាល​ប៉ុណ្ណោះ​ត្រូវបាន​កត់ត្រា​ក្នុង​តំបន់​សំខាន់ៗ​ទាំងអស់​ដែលមាន​នៅ​កម្ពុជា​។​

នៅ​ឆ្នាំ ២០១៨ ប​សុ​ឱសថ​ឌី​ក្លូ​ហ្វេ​ណាក់ (diclofenac) ត្រូវបាន​រកឃើញ​ដាក់លក់​ជា​លើកដំបូង​នៅលើ​ទីផ្សា​ក្នុងប្រទេស​កម្ពុជា​ដោយ​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា និង​ក្រោយមក​ក្រុម​កា​ងារ​នេះ បានស្នើ​ទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឲ្យ​មានការ​ហាមឃាត់​ប​សុ​ឱសថ​ប្រភេទ​នេះ ។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​យល់​យ៉ាងច្បាស់​អំពី​កត្តា​អវិជ្ជមាន​នៃ​ប​សុ​ឱសថ​ឌី​ក្លូ​ហ្វេ​ណាក់​(Diclofenac)​ចំពោះ​សត្វ​ត្មាត​នៅ​កម្ពុជា ក៏ដូចជា​ផលវិបាក​ដែល​អាច​កើតមាន​ចំពោះ​សុខភាព​មនុស្ស​ផងដែរ​។ ក្រសួង មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​បានធ្វើ​កិច្ចសហការ​ក្នុង​ការចេញ​ជា​សេចក្តីប្រកាស​នេះ​។​

នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​ជួយសង្គ្រោះ និង​ការពារ​សត្វ​ត្មាត​របស់​កម្ពុជា​ពី​ការ​ផុត​ពូជ​ដោយ​រង​ផលប៉ះពាល់​ពី​ការប្រើប្រាស់​ប​សុ​ឱសថ​ឌី​ក្លូ​ហ្វេ​ណាក់​(diclofenac)​​ក្នុង​គោលបំណង​ព្យាបាល​សត្វពាហណៈ​។ សេចក្តីសម្រេច​នេះ​ចាំបាច់​ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ អនុវត្តន៍​ច្បាប់ និង​ត្រួតពិនិត្យ​តាមដាន​ទៅលើ​ដំណើរការ​នៃ​ការអនុវត្ត​។​

កញ្ញា នី ណៃ​គី អ្នកសម្របសម្រួល​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​មានប្រសាសន៍ថា សេចក្តីប្រកាស​ដែល​ចេញ​ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នេះ​គឺជា​វិធានការ​ដែលមាន​សារៈសំខាន់​ណាស់​ក្នុងការ​អភិរក្ស​សត្វ​ត្មាត ប៉ុន្តែ​យើង​ក៏​នៅតែ​បន្ត​ធ្វើការ​យ៉ាងសកម្ម​ថែមទៀត​ដើម្បី​ទប់ស្កាត់​ការបំពុល​សត្វ​ត្មាត​ដោយ​ថ្នាំ​គីមីកសិកម្ម​ផ្សេងទៀត ។​

លោក​ តាន់ ផាន់​ណា​រ៉ា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ​ និង​សុខភាព​សត្វ​បាន​តាំងចិត្ត​និង​ហ៊ាន​គាំទ្រ​នូវ​សេចក្តីប្រកាស​ក្រសួង ហើយ​សំរេចចិត្ត​ហាមប្រាម​និង​ទប់ស្កាត់​មិន​អោយមាន​ថ្នាំ​នេះ​លក់​នៅលើ​ទីផ្សារ​តទៅទៀត​។​ហើយ​ពេទ្យសត្វ​នៅតាម​គោលដៅ​ខេត្ត​នានា​។​ ពិសេស​ខេត្ត​គោលដៅ​ទាំង​5​ដែលមាន​ត្មាត​រស់នៅ​ត្រូវ​តាមដាន​រាល់​សកម្មភាព​ដេប៉ូ​លក់​ថ្នាំ​កសិកម្ម ថ្នាំ​សត្វល្អិត​គឺ​មិនអោយ​ប្រភេទ​ថ្នាំ​នេះ​នាំចូល​ឫ​លក់បាន​ជាដាច់ខាត​។ ​ក៏ប៉ុន្តែ​លោក​អគ្គនាយក​បាន​រំលឹក​ដល់​មន្ត្រី​អង្គការ​ទាំងអស់​ថា​សត្វ​ត្មាត​ជា​សត្វ​ហើរ​ចល័ត​ស្វែងរក​ចំណី​ពី​ប្រទេសជិតខាង​តាម​ការ​ឆ្លងដែន​។​ ដូច្នេះ​គួរពិនិត្យមើល​ថា​ខ្លាចក្រែង​វា​ស៊ី​ចំណី​នៅ​ប្រទេស​ទាំងនោះ ​ប៉ះចំ​ថ្នាំ​ប្រភេទ​នេះ​ដែលមាន​ប្រើប្រាស់​នៅ​ប្ទេ​ស​ទាំងនោះ​ឫ​យ៉ាងណា​ ​តែ​សំរាប់​កម្ពុជា​យើង ពិតជា​គ្មាន​ថ្នាំ​ប្រភេទ​នេះ​តទៅទៀត​ទេ​។​ សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ក៏បាន​ធ្វើ​ប្រារព្ធ​ទិវា​យល់ដឹង​សត្វ​ត្មាត​អន្តរជាតិ​ជាការ​អបអរសាទរ​ប្រចាំឆ្នាំ​2019​ផងដែរ​៕B/

#