ផ្សព្វផ្សាយ ពី​កាតព្វកិច្ច​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​

189
ចែករម្លែក

​ដោយ​៖ គ​ន្ធា​
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា ផ្សព្វផ្សាយ ស្តីពី​កាតព្វកិច្ច​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ជូន​ដល់​អ្នក​អភិវឌ្ឍន៍​លំនៅឋាន និង​ក្រុមហ៊ុន​កាស៊ីណូ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព លោក ម៉ី វ៉ាន់ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ឧស្សាហកម្ម ហិរញ្ញវត្ថុ​។​

លោក ម៉ី វ៉ាន់ មានមតិ​បើក​សិក្ខាសាលា ផ្សព្វផ្សាយ​ស្តីពី កាតព្វកិច្ច​ប្រឆាំង​ការសម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម ។ ( រូបថត គ​ន្ធា )​

​លោក ម៉ី វ៉ាន់ បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក នៃ​ក្រុម​ប្រទេស​អាស៊ី ប៉ាស៊ីហ្វិក (Asia Pacific Group) តាំងពី​ឆ្នាំ​២០០៤ ហើយ​ការ​ក្លាយខ្លួនជា សមាជិក​នេះ កម្ពុជា ត្រូវមាន​កាតព្វកិច្ច​អនុវត្ត តាម​អនុសាសន៍ ទាំង ៤០ និង​អនុសាសន៍​ស្នូល ទាំង ១១ ស្តីពី​ការប្រឆាំង ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​អង្គសិក្ខាសាលា​នេះ បាន​ពិភាក្សា​លម្អិត ពី​កាតព្វកិច្ច​សំខាន់ៗ ដែល​អ្នក​អភិវឌ្ឍន៍​លំនៅឋាន និង​ក្រុមហ៊ុន​កាស៊ីណូ ត្រូវអនុវត្ត ដើម្បី​ចូលរួម​ទប់ស្កាត់ ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក្នុងនោះ រួមមាន ការរៀបចំ​បង្កើត​គោលនយោបាយ និង​នីតិវិធី​ផ្ទៃក្នុង សម្រាប់​ទប់ស្កាត់ ការលាង​សម្អាត​ប្រាក់ របស់​ឧក្រិដ្ឋជន នៅពេល​ធ្វើ​ប្រតិបត្តិ​ទិញ​លំនៅឋាន និង​ការ​ប្រតិបត្តិការ ជាមួយ​អតិថិជន​កាស៊ីណូ​, ការរៀបចំ​បង្កើតឱ្យមាន​មន្ត្រី​ប្រតិបត្តិ​, គោលការណ៍​ស្គាល់​អតិថិជន​, ប្រព័ន្ធ​រាយការណ៍​ប្រតិបត្តិ​ការសង្ស័យ និង​ប្រតិបត្តិការ​សាច់ប្រាក់ ទៅ​អង្គភាព​ស៊ើបការណ៍ ហិរញ្ញវត្ថុ​កម្ពុជា ។​

លោក ម៉ី វ៉ាន់ មានមតិ​បើក​សិក្ខាសាលា ផ្សព្វផ្សាយ​ស្តីពី កាតព្វកិច្ច​ប្រឆាំង​ការសម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម ។ ( រូបថត គ​ន្ធា )​

​ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ឧស្សាហកម្ម​ហិរញ្ញវត្ថុ ក្រោម​ការដឹកនាំ​ផ្ទាល់ របស់លោក ម៉ី វ៉ាន់ ប្រតិភូ​រាជរដ្ឋាភិបាល បាន​សិក្សា​ស្រាវជ្រាវ ក្រោម​ជំនួយ​បច្ចេកទេស របស់​ដៃគូ​អភិវឌ្ឍន៍ ធនាគារពិភពលោក រៀបចំ​ជា​យន្តការ តាមដាន ត្រួតពិនិត្យ​ហានិភ័យ ការលាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម សម្រាប់​វិស័យ​អចលនវត្ថុ និង​កាស៊ីណូ ក្នុង​គោលដៅ​ការពារ ទប់ស្កាត់ ភាព​ងាយ​រងគ្រោះ ក្នុង​វិស័យនេះ និង​ដើម្បី​ធានា​ឱ្យបាន នូវ​ភាពរឹងមាំ ក្នុងការ​ចូលរួម​ទ្រទ្រង់ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាតិ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ​លោក ម៉ី វ៉ាន់ ក៏បាន​ស្នើឱ្យ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន និង​ក្រុមហ៊ុន​កាស៊ីណូ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ទាំងអស់ សូម​ចូលរួម ក្នុងការ​អនុវត្ត​កាតព្វកិច្ច​សំខាន់ៗ ដែលមាន​ចែង​ជា​ធរមាន ក្នុង​ច្បាប់ និង​ប្រកាស ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឱ្យមាន ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​អ្នក​អភិវឌ្ឍ​លំនៅឋាន​និង​វិស័យ​កាស៊ីណូ ឱ្យ​រួច​ផុតពី​ភាព ងាយ​រងគ្រោះ​ក្នុង​ការលាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕v

អ្នកចូលរួមសិក្ខាសាលា ផ្សព្វផ្សាយ​ស្តីពី កាតព្វកិច្ច​ប្រឆាំង​ការសម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម ។ ( រូបថត គ​ន្ធា )​