ផ្សារ​ទំនើប​Olympia Plaza​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំក្រោយ​

1016
ចែករម្លែក

(​ភ្នំពេញ​)៖ ផ្សារ​ទំនើប​ដែលមាន​ទុនវិនិយោគ​តំលៃ​៨០​លាន​ដុល្លារ​កំពស់​៨​ជាន់​ស្ថិតនៅក្នុង​គំរោង​Olympia Plaza​ជាប់​ស្តា​ត​អូឡាំពិក​​នឹង​បើក​ឲ្យ​អាជីវករ​ចាប់ផ្តើម​ជួល​ស្តង់​នៅ​ចុងឆ្នាំ​នេះហើយ ដើម្បី​ឈានទៅ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨​។​
​ ​
​លោក​ម៉េង ចំរើន​ប្រធាន​គំរោង​Olympia Plaza​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១១ សីហា​កន្លងមក​ថា​ការសាងសង់​ផ្សារ​​ទំនើប​កំពស់​៨​ជាន់ និង​៣​ជាន់​ជា​ចំណត​យានយន្ត​ក្រោម​ដី នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ នៅសល់តែ​ការ​រចនា​ក្នុង​ផ្សារ​ប៉ុណ្ណោះ​។​ទន្ទឹម​​នឹង​នេះ​ក្រុមហ៊ុន​ក៏​នឹង​បើក​ឲ្យ​អាជីវករ​ជួល​តូប​ក្នុង​ផ្សារ​នៅក្នុង​ឆ្នាំនេះ​ផងដែរ និង​រំពឹង​ការបើក​ផ្សារ​ដំណាក់កាល​តំបូង​នៅ​ឆ្នាំ​២០១៨ និង​ដំណាក់កាល​ទី​២​អាច​នឹង​បើក​ពេល​ក្រោយ​។​លោក​បន្តថា ផ្សារ​នេះ​នឹងមាន​ស្ពាន​ត​ភ្ជាប់​ពី​អាគារ​ទាំង​បួន ក្នុង​គំរោង​នេះ​ដើម្បី​ផ្តល់​ភាពងាយស្រួល ដល់​អ្នក​រស់នៅក្នុង​គំរោង​នេះ​ងាយស្រួល​ដើរ​ទិញ​ទំនិញ ក៏ដូចជា​ការកំសាន្ត​។​
​ ​
​លោក​បន្តថា “​ដំណាក់កាល​ដំបូង​នៃ​ផ្សារ​នេះ នឹងមាន​ទំហំ​១២.០០០​ម៉ែត្រការ៉េ និង​ដំណាក់កាល​ទី​២​មាន​ទំហំ​ជាង​៣​ម៉ឺន​ម៉ែត្រការ៉េ ពោល​ទំហំ​ផ្សារ​នេះ​មាន​ទំហំ​សរុប​ប្រមាណ​៥​ម៉ឺន​ម៉ែត្រការ៉េ​”​។​លោក​បន្តថា “​ចំណត​យានយន្ត​ក្រោម​ដី​ចំនួន​៣​ជាន់​នឹង​អាច​ចត​យាន​​យន្ត​ចំនួន​ជាង​បី​ពាន់​គ្រឿង និង​មាន​ចំណត​ម៉ូតូ​ផងដែរ​”​។​
​ ​
​លោក​ទូច សំណាង​អគ្គនាយករង​ក្រុមហ៊ុន​OCIC​ដែល​វិនិយោគ​លើ​ផ្សារ​ទំនើប​នេះ​បាន​ថ្លែងថា​ផ្សារ​ទំនើប​នេះ​បោះទុន​វិនិយោគ​ប្រ​​មាណ​៨០​លាន​ដុល្លារ​អាមេរិក ព្រោះ​វា​ជា​គំរោង​ធំ​មួយ និង​ជា​ផ្សារ​ធំ​មួយ​ដែល​រៀបចំឡើង​តាម​ស្តង់ដា​អន្តរជាតិ​។​លោក​បន្តថា​គំរោង​Olympia City​ជា​គំរោង​ដ៏​ធំ​មួយ ដែល​បាននិងកំពុង​ទទួលជោគជ័យ ដោយសារ​ការលក់​រប​ស់​យើង​បាននិងកំពុង​មានការ​ចាប់​​អារម្មណ៍​ខ្លាំង​។​

​លោក​បន្តថា “​យើង​ជឿថា​ផ្សារ​នេះ នឹង​ទទួលបាន​ជោគជ័យ​នៅពេល​ដំណើរការ ដោយសារ​គំរោង​ផ្សារ​នេះ​ស្ថិតនៅ​ចំ​កណ្តាល​ក្រុង ដែលមាន​សកម្មភាព​សេដ្ឋកិច្ច​រស​រវើក កំនើនសេដ្ឋកិច្ច និង​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​បន្ត​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​”៕​ដោយ​ច្រាយ ចំណាន​/sn

អាគារ​ផ្សេងៗ​ក្នុង​គំរោង​Olympia City(​រូបថត​ឯកសារ​)​