ផ្សារ​នានា​នៅ​រាជធានី​ភ្នំពេញ​មិនទាន់​បើក​លក់​ជាធម្មតា​ទេ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ​

1178
ចែករម្លែក
  • 98
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ ទី​១០ ខែតុលា ឆ្នាំ​២០១៨​មើលឃើញថា ស្ថានភាព​របស់​ផ្សារ​មួយចំនួន​នៅ​ក្រុងភ្នំពេញ ដូចជា ផ្សារ​ធំថ្មី អូរឫស្សី អូឡាំពិក និង​ផ្សា​របឹង​កេងកង​ជាដើម នៅ​មិនទាន់​បើក​ដំណើរ​ការលក់​ដូច​ថ្ងៃ​ធម្មតា​ទេ ខណៈដែល​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នឹង​បញ្ចប់​នៅថ្ងៃនេះ​។​

​ប្រធាន​គណៈកម្មការ​ផ្សារ​អូរឫស្សី លោក ឡេង គឹម​ស្រ៊ុន បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុមអាជីវករ​ក្នុង​ផ្សារ​នឹង​ចាប់ផ្តើម​បើក​លក់​ជាធម្មតា​វិញ​ចាប់ពី​ស្អែក​តទៅ ក្រោយ​ឈប់សម្រាក​ជាច្រើន​ថ្ងៃ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ លោក​បន្តថា ទោះបីជា​អាជីវករ​លក់ដូរ​មិន​អ៊ូ​អ៊​រ​ដូច​សព្វថ្ងៃ​ក្តី ប៉ុន្តែ​ក្រុមការងារ​លោក​បាន​មើល​ការខុសត្រូវ​ជាប់​ជាប្រចាំ​និង​ជា​រៀងរាល់ថ្ងៃ​។​

​លោក គឹម​ស្រ៊ុន បាន​បញ្ជាក់ថា ជាការ​កត់សម្គាល់​ក្នុង​មួយឆ្នាំ​អាជីវករ​មួយចំនួនធំ​ក្នុង​ផ្សារ​ក្នុងឱកាស​បុណ្យទាន​ម្តងៗ ឈប់សម្រាក​យ៉ាងហោច​ចំនួន​បី​ដង រួមមាន​៖​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ​។​

​ទាក់ទិន​នឹង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​សង្កេតឃើញថា ក្រៅពី​ស្ថានភាព​លក់ដូរ​ទំនិញ​នៅតាម​បណ្តា​ផ្សារ​ក្នុង​ក្រុងភ្នំពេញ មើលឃើញថា ស្ថានភាព​ចរាចរណ៍​នៅតាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន​ហាក់​មិនសូវមាន​ភាព​មមាញឹក ឬ​កកស្ទះ​ដូច​សព្វដង​។ ចំណែកឯ​នៅតាម​បណ្តា​ភោជនីយដ្ឋាន រោងចក្រ សហគ្រាស និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន ក៏​ត្រូវបាន​បិទទ្វារ​និង​ស្ងប់ស្ងាត់​ផងដែរ​។ សូម​រម្លឹក​ទៀតថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៨​នេះ ត្រូវបាន​ឈប់សម្រាក​រយះពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១០ ខែតុលា​៕