ផ្សារ​ផលិតផល​កម្ពុជា​បង្ហាញ​វត្តមាន​របស់ នៅ​បណ្តុំ​ផ្សារ​ឃី​ង​សឹ​រ៉ូ​ដ ក្នុង​ក្រុង​សៀមរាប​

950
ចែករម្លែក

ដោយ : គូលែន / ​សៀមរាប : កាលពី​រាត្រី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក អ៊ុន សាវ៉ា​ន់ អ្នកគ្រប់គ្រង​ទូទៅ​ផ្សារ​ផលិតផល​កម្ពុជា និង លោក បាន​វិបុល នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ឃី​ង​សឺ​រ៉ូ​ដ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង កាត់​ខ្សែបូរ​បង្ហាញ​ស្លាក​សញ្ញា​ថ្មី​របស់​ផ្សារ​ផលិតផល​កម្ពុជា និង​ផ្តល់​ទីតាំង​ឱ្យ​ផ្សារ​ផលិតផល​កម្ពុជា លក់​ដោយ​មិន​គិត​កម្រៃ ដែលមាន​ទីតាំង​ស្ថិតនៅ​មាត់​ស្ទឹង​សៀមរាប ក្នុង​បណ្តុំ​ផ្សារ​ឃី​ង​សឹ​រ៉ូ​ដ ក្នុង​ក្រុង​សៀមរាប ។​

​លោក អ៊ុន សាវ៉ា​ន់ បាន​បញ្ជាក់ថា ផ្សារ​ផលិតផល​កម្ពុជា ប្រមូលផ្តុំ​ស្នាដៃ​ផលិត​ដោយ​ដៃ​របស់​កូន​ខ្មែរ ដែលមាន​ទេពកោសល្យ មកពី​សិប្បកម្ម និង​តាម​សហគមន៍​មួយចំនួន​ក្នុង​ខេត្តសៀមរាប ហើយ​ផលិតផល​របស់​កម្ពុជា​ក្នុង​នាពេល​បច្ចុប្បន្ន​មាន​៣៣​តូប និង​មាន​វត្ថុ​សម្រាប់​លក់​ជាច្រើន​មុខ ដែល​ត្រូវបាន​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ ជំនាន់​ក្រោយ​ពោរពេញ​ដោយ​ទេពកោសល្យ ។​

​លោក​បាន​បញ្ជាក់ទៀតថា អត្ថប្រយោជន៍​និង​ផល​កម្រៃ​បាន​ពី​ផ្សារ​ផលិតផល​កម្ពុជា នឹង​ធ្លាក់​ទៅ​ដៃ​ប្រជាជន​កម្ពុជា​នៅតាម​ជនបទ សហគមន៍ រួមទាំង​ប្រជាជន​ក្រីក្រ​ជាច្រើន​ដោយផ្ទាល់ តាមរយៈ​ការរកចំណូល​លើ​ជំនាញ និង​ភាព​ប៉ិនប្រសប់​របស់​ពួកគាត់ ក្នុងការ​ផលិត​លក់ម​ក​កាន់​ទីផ្សារ ហើយ​សម្ភារ​និង​ទំនិញ​របស់​ពួកគាត់​ភាគច្រើន​ជាវ​ត្ថុ​អនុស្សាវរីយ៍ និង​សម្ភារ​ប្រើប្រាស់ ដោយបាន​ផលិត ពី​វត្ថុធាតុដើម មាន​សំរាម ថង់​ផ្លា​ស្ទិ​ក សំបក​កំប៉ុង ក្រដាស​និង​រូបគំនូរ​ដ៍​វិចិត្រ​រចនា​ឡើង​ពី​គ្រាប់ស្រូវ​ជាដើម​។​ហើយ​ស្នាដៃ​ផលិត​សុ​ទ្ឋ​តែ​មានគុណ​ភាពល្អ ប្លែក​និង​ពិបាក​រក​ទិញ​ក្នុង​ទីផ្សារ នានា​។​

​លោក អ៊ុន សាវ៉ា​ន់ បញ្ជាក់​បន្ថែមទៀតថា ក្រុមហ៊ុន​ឃិ​ង​សឹ​រ៉ូ​ដ​មិន​យកប្រាក់​ចំណូល​ពី​ផ្សារ​នេះ​ទេ ហើយក៏​គ្មាន​រណា​ម្នាក់​ត្រូវ​បង់​កម្រៃជើងសា​រលើ​ការលក់ដូរ​របស់​ពួកគាត់​ដែរ ប៉ុន្តែ​ពួកគាត់​មាន​កាតព្វកិច្ច​បង់ប្រាក់​ប្រចាំខែ ក្នុង​មួយខែ​ត្រូវ​បង់​១៣០​ដុល្លារ​ក្នុង​មួយ​តូប ដើម្បី​តម្កល់ទុក​ក្នុង​សហគមន៍ សម្រាប់​ចំណាយ ជារួម​លើ​ការរៀបចំ​កម្មវិធី​ផ្សេងៗ ចំណាយ​ទៅលើ​អគ្គិសនី អនាម័យ​បរិស្ថាន​ជាដើម ដោយមាន​ការឯកភាព​គ្នា និង​ពុំមាន​អ្នកគ្រប់គ្រង​ថវិកា​ទាំង​នោះទេ គោលបំណង​សំខាន់​នៃ​ផ្សារ​នេះ គឺ​បង្កើត​ទីផ្សារ​សម្រាប់​ជួយ​បង្កើន​ការងារ​និង​មុខរបរ​បន្ថែម ក្នុង​មូលដ្ឋាន​សហគមន៍​ទៅតាម​សមត្ថភាព​និង​ជំនាញ​ប៉ិនប្រសប់ ដែល​បាន​បើក​លក់​ជា​សាធារណៈ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​ដល់​ម៉ោង​១០​យប់ ៕B

#