ផ្សារ​ហ៊ុន​ជប៉ុន​និង​អាមេរិក​ដាំ​ក្បាល​ចុះ​ដោយសារតែ​ជម្លោះផ្ទៃក្នុង​នៅ​វ៉ាស៊ីនតោន​

645
ចែករម្លែក

​ភាគហ៊ុន​នៅ​ផ្សារ​ក្រុង​តូ​ក្យូ បាន​ធ្លាក់ចុះ​ជាង​៣​ភាគរយ​ពេល​បើក​ផ្សារ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​ធ្នូ ចំពេល​មានការ​មន្ទិល​ខ្លាំង​ឡើង​អំពី​សេដ្ឋកិច្ច​អាមេរិក និង​ការព្រួយបារម្ភ​​បង្កឡើង​ដោយ​វិបត្តិ​ថវិកា​របស់​រដ្ឋាភិបាល​អាមេរិក​។​

​ក្រុមហ៊ុន​មូល​ប​ត្រ Okasan Online Securities​បាន​និយាយថា​«​ផ្សារ​ហ៊ុន​ជប៉ុន​នឹង​ប្រែប្រួល​ក្រោយ​ការធ្លាក់​ចុះថ្លៃ​ភាគហ៊ុន​អាមេរិក​ដោ​យស​ន្ទ​ស្សន៍​Nikkei 225 ធ្លាក់ចុះ​​ក្រោម​កំរិត​២០.០០០​ជា​លើកដំបូង​ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ​២០១៧»​។​

​ពួក​អ្នកវិភាគ​និយាយថា ប្រាក់​យេន​ឡើងថ្លៃ​ទល់នឹង​ដុល្លារ​ក៏​ជា​កក្តា​ដាក់​ទម្ងន់​លើ​ទីផ្សារ​ផងដែរ​។​

​នៅ​ក្រុង​ញូយ៉ក ភាគហ៊ុន​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ដោយ​ពួក​អ្នកវិនិយោគ​ខ្វល់ខ្វាយ​នឹង​របាយការណ៍​ថា ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រា បាន​សួរ​អំពី​លទ្ធភាព​​បណ្តេញ​ប្រធាន​ធនាគារកណ្តាល​លោក ចេ​រ៉ូម ផោ​វេ​ល​។​

​ការធ្លាក់​ចុះថ្លៃ​នេះ​ក៏បាន​កើតឡើង​ក្រោយពី​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក ស្ទេ​វិ​ន ម្នូ​ជីន ខិតខំ​ស្តារ​ទំនុកចិត្ត​អ្នកវិនិយោគ ដោយបាន​ទូរស័ព្ទ​ទៅកាន់​ប្រធាន​ធនាគារ​ធំ​បំផុត​​របស់​អាមេរិក​ចំនួន​៦​។​

​ប្រធានាធិបតី​ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​ធ្នូ​បាន​បន្ត​វាយប្រហារ​ធនាគារកណ្តាល​Federal Reserve ដោយបាន​ពណ៌នា​វា​ថា​ជា​«​បញ្ហា​តែមួយគត់​»​សំរាប់​សេដ្ឋកិច្ច​អាមេរិក​​ខណៈ​មន្ត្រី​កំពូលៗ​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ចលាចល​ក្នុង​ទីផ្សារ​ហ៊ុន​៕​ដោយ​៖​វាសនា​

ថ្លៃ​ភាគហ៊ុន​បណ្តា​ផ្សារ​ហ៊ុន​ធំៗ​ជា ពិសេស​នៅ​អាមេរិក​បាន​ដាំ​ក្បាល​ចុះ​ដោយសារ​បារម្ភ​អំពី​កំណើនសេដ្ឋកិច្ច​យឺត ការបិទ​រដ្ឋាភិបាល​អាមេរិក​ដោយសារ​ឈ្លោះ​ជាមួយ​​សភា និង​របាយការណ៍​ថា លោក​ត្រាំ​ប្រុង​បណ្តេញ​ប្រធាន​ធនាគារកណ្តាល​