ផ្សារ​, ផ្សា​, ផ្សះផ្សា​, នីតិ​, នីតិក្រម​, ប្រឹក្សា​, ពិភាក្សា​, នខ្វាក់

169
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​s

​ផ្សារ ( ន​. ) (​ក្លាយ​មកពី​ពាក្យ​បរទេស​ថា ប៊ៈ​ហ្សា​រ​) ទីប្រជុំ​លក់​ទិញ​របស់​ផ្សេងៗ គឺ​ប្រជុំ​ផ្ទះ ឬ​រាន​តូចធំ​ដែល​គេ​ដាក់​ទំនិញ​លក់ដូរ ។ បុ​រា​ណ្យ​ប្រើពាក្យ​នេះ​ថា អាប័ណ (​ម​. ព​. នេះ ផង​) ។ ផ្សារផ្សោ ផ្សារ​ស្តុកស្ដម្ភ​និង​ផ្សារ​រាយរង​នៅ​លាយ​ចម្រុះ​គ្នា (​ព​. សា​.) ។ ( កិ​.) ភ្ជាប់​ភ្ជិត​ដោយ ទឹកបន្សារ : ផ្សារឆ្នាំង​ស្ពាន់​, ផ្សារ​ឡត​ស័ង្កសី ។

​ផ្សា ( កិ​. ឬ គុ​. ) ឈឺចាប់​ពើត​រោលរាល​ឆៀបៗ​ដោយ​មុខ​សស្ត្រា​, របួស​, ដាច់​, រលាត់​, ប៉ះពាល់​ត្រូវ​, ប្រទះ​នឹង​ជាតិ​ជូរ​, ប្រៃ​, ហឹរ​…​។ ខ្លោចផ្សា​កើតទុក្ខ​សង្រេង​ដោយ​សេចក្ដី​ស្ដាយ ស្រណោះ​ឬ​ដោយ​សេចក្ដី​អាល័យ​ហាក់ដូចជា​ឆេះ​ខ្លោច​ឈឺផ្សា​ក្នុង​ចិត្ត ។

​ផ្សះផ្សា ( កិ​. )​ធ្វើ​ឲ្យ​សះសា​, ឲ្យ​ជា​នឹង​គ្នា​វិញ គឺ​និយាយ​សង្រួបសង្រួម​អ្នក​ដែល​ឈ្លោះ ទាស់ទែង​ឲ្យ​សះជា​លើកលែង​ប្រកាន់​គ្នា ។​រឿង​ផ្សះផ្សា រឿង​វិវាទ​ត្រូវ​ផ្សះផ្សា​ឲ្យ​សះជា​នឹង​គ្នា ពុំ​បាច់​ជំនុំជម្រះ ,​រឿង​សម្របសម្រួល​) ។

​នីតិ នី​-​តិ បា​. សំ​. ( ន​. ) ច្បាប់​; ឧបាយ​ជា​គ្រឿង​ណែនាំ​; បែបផែន​; ទំនឹម ទំនៀម​, ប្រពៃណី ។ នីតិកម្ម (–​កាំ​) ការធ្វើ​ច្បាប់​, សិទ្ធិ​តែង​ច្បាប់​, អង្គច្បាប់ សម្រាប់​រដ្ឋ​នីមួយៗ ។ នីតិកាល កាល​របស់​នីតិ​, រយៈកាល​របស់​សភា​អ្នក​តែងតាំង​ច្បាប់ : នីតិកាល​នៃ​សភា​ទាំងពីរ​មាន កំណត់​តែត្រឹម ៤ ឆ្នាំ ។ នីតិកោសល (–​សល់​) អ្នក​ឈ្លាស​ក្នុង​ច្បាប់​, ដែល​វាងវៃ​ខាងច្បាប់ ។​

​នីតិក្រមៈ លំដាប់​នៃ​ច្បាប់​; ទម្រង់ការ​របស់​ច្បាប់ គឺ​របៀប​ដែល​ចៅក្រម​ត្រូវធ្វើ​ក្នុងការ​អង្កេត ពិនិត្យ​សាកសួរ​ពីបទ​ល្មើស​ផ្សេងៗ ។ នីតិនិយម ការកំណត់​យកតាម​ច្បាប់​, សេចក្ដី​ស្មោះត្រង់ ចំពោះ​ច្បាប់​រាជការ​សម្រាប់​រដ្ឋ ។ នីតិប្បញ្ញត្តិ បញ្ញត្តិ​របស់​ច្បាប់​, ការតែងតាំង​ច្បាប់​, ការបង្គាប់ ឲ្យ​ធ្វើតាម​ច្បាប់ : នីតិប្បញ្ញត្តិ​ជា​ភារៈ​របស់​សភា ។ នីតិបុគ្គល អ្នក​រៀបរៀង​ច្បាប់​, អ្នក​តែង តាំង​ច្បាប់ ។ នីតិប្រតិបត្តិ (–​ប្រៈតិ​បាត់​) ការប្រតិបត្តិ​តាមច្បាប់​, សេចក្ដី​គោរព​ច្បាប់ ។ នីតិសម្បទា (—​សាំ​-​ប៉ៈ​–) ការ​ដល់​ព្រម​, សមប្រកប​, បរិបូណ៌​ដោយ​ច្បាប់​, ការ​មាន​សិទ្ធិ​គ្រប់ គ្រាន់​តាមផ្លូវ​ច្បាប់ ។ នីតិសាស្ត្រ គម្ពីរ​ឬ​ក្បួនខ្នាត​ស្ដីពី​ច្បាប់ ។​ល​។

​ប្រឹក្សា ប្រឹក​-​សា សំ​. ( ន​. ) (​ប​រី​ក្សា​) ការពិចារណា​, ដំណើរ​ស្ទង់​ការ​,​ការ​ល្បងមើល​ឲ្យ​ឃើញ ពិត​; ការពិគ្រោះ​គ្នា ។ ខ្មែរ​យើង​ប្រើ​ជា កិ​. ពិគ្រោះគ្នា​,​ជជែក​ពិគ្រោះគ្នា​ឲ្យ​ឃើញ​ហេតុ ឃើញ​ដំណើរ : ចាំ​ប្រឹក្សា​គ្នា​សិន​, បាន​ប្រឹក្សា​យល់ព្រម​គ្នា​ហើយ​;​គណៈកម្មការ​បាន​ប្រឹក្សា​គ្នា អស់​រយៈកាល​ដ៏​យូរ​…​។

​ពិភាក្សា ពិ​ភាក​-​សា សំ​. ( កិ​. ) (​វិ​វ​ក្សា ជា ន​. “​សេចក្ដីប្រាថ្នា​, បំណង​ចង់​និយាយ ឬ​ចង់​ប្រឹក្សា​”) ជជែក​ពិគ្រោះគ្នា​, ប្រឹក្សា​គ្នា​, ប្រឹក្សា​រក​ឲ្យ​ឃើញ​ខុសត្រូវ : ចាំ​ពិភាក្សាគ្នា មើល​សិន​, ពួក​ចៅក្រម​ពិភាក្សា​ក្ដី (​ពាក្យ​នេះ​ក្លាយ​មកពី ពិ​ពា​ក្សា​ដែល​ក្លាយ​ចេញ​ម្ដង ហើយ​មកពី វិ​វ​ក្សា​) ។​

​នខ្វាក់ ន​-​ខ្វាក់ ព​. បុ​. ( ន​. ) អក្សរ ន ដែលមាន​រាង​សណ្ឋាន​កួច​ខ្វែង​ជា ត្រីកោណ (​បី​ជ្រុង​) (​មិនទាន់មាន​រូប​សញ្ញា​ដំណាង​ក្នុង​គម្រូ​ពុម្ពអក្សរ​យូ​នី​កូដ​ខ្មែរ​ទេ​) នេះ​សម្រាប់​សរសេរ​ចុះ ក្នុង​ផ្ទៃ​កន្សែង​យ័ន្ត​ក្នុងសម័យ​បុរាណ​ដោយ​គេ​សន្មត​ថា​ជា​តួអក្សរ​ពិសេស​មាន​អានុភាព​ពូកែ ស័ក្តិសិទ្ធិ សម្រាប់​ជួតក្បាល​ចូលកាន់​សង្គ្រាម​…​។ អ្នក​ដែល​មិនចេះ​អក្សរ​ច្រើន​និយាយ ប្រាប់​គ្នីគ្នា​ថា : ខ្ញុំ​ឥត​ចេះអក្សរ​មួយ​តួ​ទេ សូម្បីតែ​នខ្វាក់​ក៏​ឥត​ចេះ​ដែរ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា