ផ្សែង​អ័ព្ទ បណ្តាល​ឲ្យមនុស្ស​រាប់​ពាន់​នាក់​ធ្លាក់ខ្លួន​ឈឺ​នៅ​ថៃ​និង​វៀតណាម​

527
ចែករម្លែក
  • 939
    Shares

​អ្នកស្រុក​ជាង​៨.៥០០​នាក់​នៅ​ថៃ​ខាងជើង​បាន​ស្វះស្វែង​រក​ការព្យាបាល​ជំងឺពាក់ព័ន្ធ​ផ្លូវដង្ហើម​ចាប់តាំងពី​ខែ​មករា នេះ​បើ​តាម​ការិយាល័យ​សន្តិសុខ​សុខភាព​ជាតិ​។ ចាប់តាំងពី​​ខែ​កុម្ភៈ​ ​កំណក​ធូលី​តូច​ល្អិត​ហៅថា​PM2.5​នៅក្នុង​ខ្យល់អាកាស​នៅតាម​បណ្តា​ខេត្ត​ខាងជើង​បាន​កើន​ឡើង​ហួស​ពី​កម្រិត​សុវត្ថិភាព​ដែល​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។​

​មួយ​រយៈពេល​ចុងក្រោយ​នេះ កម្រិត​PM2.5​នៅ​ខេត្ត​ឈៀង​ម៉ៃ​បាន​ឡើងដល់​៤៩២,៥៧ មីក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​មែត្រ​ត្រីគុណ គឺ​លើស​កម្រិត​សុវត្ថិភាព​ដល់​ទៅ​១០​ដង​ដែល​កំណត់​​ដោយ​ថៃ និង​លើស​២០​ដង​ពី​កម្រិត​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។​

​ក្រៅ​ពី​ខេត្ត​ឈៀង​ម៉ៃ ខេត្ត​ភាគ​ខាងជើង​មួយចំនួនទៀត​ដូចជា ឈៀង​រ៉ៃ ,​ឡាំ​ផាង​,​ឡាំ​ភូម​,​មែ ហុង​សន ,​ណាន់​,​ព្រះ​,​ផា​យ៉ាវ​និង​តាក់ ក៏​ជួប​ខ្យល់អាកាស​មានធូ​លី​PM2.5​ឡើង​​ហួស​កម្រិត​សុវត្ថិភាព​ដែរ​។​

​ការដុត​ស្មៅ​ដុត​ព្រៃ​ដើម្បី​ធ្វើ​កសិកម្ម​នៅ​រដូវប្រាំង ជា​មូលហេតុ​ចម្បង​សម្រាប់​ខ្យល់អាកាស​អាក្រក់​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​នេះ តែ​ផ្សែង​អ័ព្ទ​កាន់តែ​ធ្វើឲ្យ​អាក្រក់​ឡើង​​ដោយសារ​ការពង្រីក​ឧស្សាហកម្ម​និង​កំណើន​យានយន្ត​នៅតាម​ដងផ្លូវ​។​

​ជុំវិញ​ផ្សែង​អ័ព្ទ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​នេះដែរ ទីក្រុង​ហាណូយ​របស់​វៀតណាម​ត្រូវបាន​ចាត់ថ្នាក់​ជា​ទីក្រុង​មាន​ផ្សែង​បំពុលបរិយាកាស​បំផុត​លំដាប់​ទី​២​នៅ​អាស៊ី​អាគ្នេយ៍​។​​ទោះជា​យ៉ាងណា មន្ត្រី​វៀតណាម​បាន​ចេញ​មក​អះអាង​ថា របាយការណ៍​របស់​World Air Quality Report ដែល​ថា​ក្រុង​ហាណូយ​ជា​ទីក្រុង​មាន​ខ្យល់អាកាស​កខ្វក់​លំដាប់​ទី​២​នៅ​អាស៊ី​អាគ្នេយ៍​នោះ ជា​ការ​មិន​ត្រឹមត្រូវ​។​

​យោង​តាម​សារព័ត៌មាន​វៀតណាម មនុស្ស​ជាង​៦០.០០០​នាក់​បាន​ស្លាប់​ដោយ​ជំងឺស្ត្រូក ជំងឺ​បេះដូង មហារីក​សួត​និង​ជំងឺ​ផ្សេងទៀត ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ខ្យល់​អាកាស​​កខ្វក់​កាលពី​ឆ្នាំ​២០១៦៕​ដោយ​៖​វាសនា​/Ha

​ផ្សែងអ័ព្ទគ្របលើអគារនិងដងផ្លូវនៃក្រុងហាណូយ

#