ផ្អាក​ការដ្ឋាន​សំណង់​ទាំងអស់​និង​ហាម​មិន​ឲ្យ​រថយន្ត​ធុន​ធំ រថយន្តឈ្នួល​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់ចូល​ក្រុងភ្នំពេញ​ចាប់ពី​ថ្ងៃទី​១​ដល់ទី​៥​ខែវិច្ឆិកា​

407

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​ម្ចាស់​ការដ្ឋាន​សំណង់​ទាំងអស់​នៅក្នុង​រាជធានី​និង​អ្នកបើកបរ​ឲ្យ​រថយន្ត​ធុន​ធំ ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ រថយន្ត​ដឹកទំនិញ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់​អំពី​ការផ្អាក​ចរាចរណ៍​យានយន្ត​ខាងលើ​ចូល​រាជធានី​ភ្នំពេញ​ក្នុងអំឡុង​បុណ្យអុំទូក​៣​ថ្ងៃ​ដើម្បី​កុំអោយ​ស្ទះចរាចរណ៍​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បានចេញ​កាលពី​ថ្ងៃទី​៣០​ខែតុលា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើ​​ការណែនាំ​ដូចខាងក្រោម​៖

១)​ហាម​មិន​ឲ្យ​រថយន្ត​ធុន​ធំ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ រថយន្ត​ដឹកទំនិញ ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ និង​ផ្អាក​ការដ្ឋាន​សំណង់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១​ដល់ទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ។

២) រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់ មិន​អនុញ្ញាត​ឲ្យ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​១​រហូតដល់​ថ្ងៃទី​៥​ខែវិច្ឆិកា​​ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​១០​ព្រឹក​ដល់​១០​យប់​។

៣)​យានយន្ត​ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​១ ៖​សម្រាប់​រថយន្ត​ធុន​ធំ​និង​រថយន្ត​ដឹកទំនិញ​ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ត្រូវ​ចូល​ចត​នៅក្នុង​បរិវេណ​វត្ត​និរោធ​រង្សី និង​ចំណតរថយន្ត​ផ្សារ​អំពៅ និង​ត្រូវ​បញ្ចៀស​ចរាចរណ៍​រថយន្ត​ធុន​ធំ​ចំណុច​ផ្លូវជាតិ​លេខ​១ កែង​ផ្លូវ​ថៃ​ហ្គ័​រ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ត្រូវ​ចូល​ចត​ក្នុង​បរិវេណ​វត្ត​និរោធ​រង្សី និង​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ (​ខាងត្បូង​វត្ត​ព្រែកប្រា​)​។

៤)​យា​យន្ត​ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​២៖ សម្រាប់​រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ ត្រូវ​ចូល​ចត​នៅ​ចំណត​ចាក់អង្រែ​ក្រោម និង​ក្នុង​បរិវេណ​អនុវិទ្យាល័យ​ចាក់អង្រែ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ត្រូវ​ចូល​ចត​ចំណត​ចាក់អង្រែ​​ក្រោម ក្នុង​បរិវេណ​អនុវិទ្យាល័យ​ចាក់អង្រែ ទីធ្លា​វត្ត​ចាក់អង្រែលើ និង​បណ្តោយ​មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន (​ផ្លូវ​៦០​ម៉ែត្រ​)​។

៥) យានយន្ត​ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ៖​សម្រាប់​រថយន្ត​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​ប៉ែក​ពាយ័ព្យ និង​ឦសាន​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ទំនប់​កប់​ស្រូវ​ទៅ​ផ្លូវជាតិ​លេខ​៥​ឬ​ឆ្លងកាត់​ស្ពាន​​ព្រែក​ព្នៅ​។ សម្រាប់​រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ត្រូវ​ចូល​ចត​នៅ​ចំណតរថយន្ត​ចោមចៅ​។

​ចំណតរថយន្ត​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក ត្រូវ​ឈប់​ចត​មិន​ឲ្យ​ហួស​ស្តុ​បណត​ប្រ៊ី​ត​ឡើយ​។

៦) យានយន្ត​ដែល​ធ្វើចរាចរ​ផ្លូវជាតិ​លេខ​៥៖ សម្រាប់​រថយន្ត​ធុន​ធំ​ត្រូវ​បង្វែរ​ទិស​ធ្វើដំណើរ​តាមផ្លូវ​ទំនប់​កប់​ស្រូវ​ឬ​ចូល​ចត​នៅ​ចំណត​​គីឡូម៉ែត្រ​លេខ​៩​។ សម្រាប់​រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ត្រូវ​ចូល​ចត​នៅ​សាលា​ដែក​ដោយ​មិន​ឲ្យ​ចូល​ហួស​ផ្លូវ​លេខ​៦៨​ឡើយ​។

៧) ​យានយន្ត​ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​៦៖​សម្រាប់​រថយន្ត​ធុន​ធំ​ត្រូវ​បង្វែរ​ទិស​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​តាមផ្លូវ​ទំនប់​កប់​​ស្រូវ​ឬ​ចូល​ចត​នៅ​ចំណតរថយន្ត​ព្រែកលៀប​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ត្រូវ​ចូល​នៅ​ទីតាំង​ដី​តំបន់​អភិវឌ្ឍន៍ OCIC​។

៨)​យានយន្ត​ដែល​ធ្វើចរាចរ​តាមផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​៣៧១ ៖​សម្រាប់​រថយន្ត​ធុន​ធំ​និង​រថយន្ត​ដឹកទំនិញ​ត្រូវ​ចូល​ចត​នៅ​ខាងត្បូង​​ស្ពាន​ម័ល​។

​ចំពោះ​រថយន្ត​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក ត្រូវ​ឈប់​នៅត្រឹម​ច្រមុះជ្រូក​ក្បាលថ្នល់ និង​ចត​តាម​បណ្តោយ​មហាវិថី​៦០​ម៉ែត្រ​។

៩)​យានយន្ត​ដែល​ធ្វើចរាចរ​តាមផ្លូវ​ចោមចៅ (​ផ្លូវ​វេ​ង​ស្រេង​)៖ សម្រាប់​រថយន្ត​ដឹក​អ្នកដំណើរ​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដែល​ចូល​តាម​​មហាវិថី​សម្តេច​មុនី​រ៉េត ត្រូវ​ចូល​ចត​នៅ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ​។

១០) ចំពោះ​រថយន្ត​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក តាមផ្លូវ​លេខ​៥៩៨​និង​មហាវិថី​ឧក​​ញ៉ា​ម៉ុង​ឫទ្ធី ត្រូវ​បង្វែរ​ចូល​តាមផ្លូវ​តូចៗ មិន​ឲ្យ​ចូល​ហួស​មហាវិថី​គឺ​ម អ៊ី​ល​ស៊ុ​ង និង​ចត​នៅ​បរិវេណ​បឹ​កក​ក់​៕​ដោយ​៖​វាសនា​