ផ្អាក​អាជីវកម្ម ក្រោយ​ធ្លាក់​រថយន្ត​បែន​ពីលើ​ភ្នំ​លៀប ស្លាប់​តៃកុង​ម្នាក់

709
ចែករម្លែក
  • 4
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ចេញទៅ​ផ្អាក​ហើយ​នូវ​អាជីវកម្ម​កាយ​ដី ក្រោយ​ការស្លាប់​តែ​កុង​ឡាន​ម្នាក់ ដែល​ធ្លាក់​រថយន្ត​បែន​ពីលើ​ភ្នំ​លៀប កាលពី​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០១៨ កន្លងមក​នោះ នៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ថា សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ផ្អាក​អាជីវកម្ម​កាយ​ដីភ្នំ​លៀប​នោះ ហើយក៏​ឃាត់ខ្លួន​ថៅកែ​ធ្វើ​អាជីវកម្ម​នោះមក​សួរនាំ​ផងដែរ​។​

​លោក​បាន​និយាយ​បន្តថា អាជីវកម្ម​នោះ​មាន​ម្ចាស់​ឈ្មោះ សឿ​ម សំបូ បានធ្វើ​ការកាយ​ដីភ្នំ​លើ​ផ្ទៃដី ទំហំ​៦,១៨២​ម៉ែត្រការ៉េ ក្នុង​ប្រតិបត្តិ​ការរក្សា​ចម្ងាយ​សុវត្ថិភាព​យ៉ាងតិច ២៥​ម៉ែត្រ​ពី​មាត់ រណ្តៅ​ចាស់ ដែលមាន​ស្រាប់ និង​៥​ម៉ែត្រ​ពី​មាត់​រណ្តៅ​បច្ចុប្បន្ន​ជុំវិញ​។ អាជីវកម្ម​នៃ​ក្រុមហ៊ុន នេះ​បាន​សុំច្បាប់​ដល់​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត និង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​រួចហើយ​ដែរ​។

​ឯ​លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ​វិញ​ឲ្យ​ដឹងថា មន្ត្រី​គណៈកម្មការ​ចម្រុះ​មួយ បាន​ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ឃើញថា ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវកម្ម​កាយ​ដី​លក់​ដោយ​ខុស​ទីតាំង​ដែល​បាន​សុំ​។ ពោលគឺ​ច្បាប់​បានអនុញ្ញាត​ឲ្យ​ជីក​កាយ​ដីភ្នំ​បាត​ក្រោម ក្នុង​រណ្តៅ​ចាស់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រុមហ៊ុន​បែរជា​ទៅ​កាយ​ដី​នៅលើ​ភ្នំ​ទៅវិញ ហើយ​ធ្វើ​ខុស​បច្ចេកទេស​ទៀតផង ទើប​បង្ក​ឲ្យ​រអិល​ធ្លា​ក់ឡាន​បែន បណ្តាល​ឲ្យ​ស្លាប់​តែ​កុង​ឡាន​ថែមទៀត​។​

​សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃទី​៤ ខែ វិច្ឆិកា​ឆ្នាំ​២០១៨ កន្លងមក​នៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​ណូ​១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង ៣A ១១០៧ ដែល​បើកបរ​ដោយ​ជនរងគ្រោះ​ឈ្មោះ​ឃិ​ញ ស៊ី ភេទ​ប្រុស​អាយុ​២២​ឆ្នាំ បាន​រអិល​ធ្លាក់​ពី​ជម្រាល​ចង្កេះភ្នំ​លៀប​បង្ក​ឲ្យ​ខូច​ខ្ទេច​រថយន្ត និង​ស្លាប់​តៃកុង​នេះ​។ រថយន្ត​និង​ម្ចាស់​អាជីវកម្ម​នេះ​មាន​ថៅកែ​ឈ្មោះ យឿន សំបូរ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​៕ ល​