ផ្អើល​ផ្សារ​ធំថ្មី និង​សុ​វណ្ណា ចោមរោម​ថត​តួ​សម្តែង ដោយ​ស្មានតែ​គេ​ថត​រឿង​ឥណ្ឌា​

989
ចែករម្លែក

(​ភ្នំពេញ​)៖ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល នៅ​កណ្ដាល​ផ្សារ​ធំថ្មី និង​ផ្សារ​ទំនើប​សុ​វណ្ណា ទាំង​អ្នកលក់​អីវ៉ាន់ និង​អ្នកទិញ មិន​ថា​ទាំង​សន្តិសុខ​ផ្សារ ក៏​ចោមរោម មើល​ថតរូប​តួ​សម្តែង ជាមួយគ្នា ដែល​គ្រង​ឈុត​បែប​រឿង​ឥណ្ឌា ដោយ​ម្នាក់ៗ​ស្មានតែ​គេ ថត​រឿង​ស្រុក​ខ្មែរ​។​

​ការពិត​មិនមែន​សោះ ជាការ​រៀបចំ ដោយ​ស្ថានីយ​ទូរ​ស្សន៍​លេខ​៥ ដោយមាន​ផលិតករ ៣ រូប ដែលមាន​តារា​សម្ដែង និង​ជា​ពិធី​ការិនី​ល្បី​ផងដែរ បានបង្ហាញ​ខ្លួន គួរអោយភ្ញាក់ផ្អើល នៅ​កណ្ដាល​ផ្សារ​ធំថ្មី និង​ផ្សារ​ទំនើប​សុ​វណ្ណា ដោយ​អ្នក​ទាំង ៣ សុទ្ធតែ​តែង​តួ ជា​ឥណ្ឌា ក្នុង​រឿង​ហនុមាន​។

​នេះ​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ភាពយន្ត​រឿង “​សង្គ្រាម​មហាទេព​ស្ដេច​ហនុមាន​” ដែល​ភាពយន្ត ល្បី នៅក្នុង​ប្រទេស​ឥណ្ឌា និង​នៅ​ប្រទេស​ថៃ ហើយ​ត្រូវបាន​ទិញ​សិទ្ធិ​យកមក​បញ្ចាំង​នៅ​ប៉ុស្ដិ៍ លេខ​៥ កាលពីដើម​ខែឧសភា រៀងរាល់ថ្ងៃ​ចន្ទ ដល់​សុក្រ នៅវេលា​ម៉ោង​ថ្ងៃត្រង់​។

​លោក ហួង តារា​មុន្នី អ្នកគ្រប់គ្រង​ផ្នែក​សិល្បៈ​កម្សាន្ត​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ បាន​ថ្លែង​បញ្ជាក់ថា ដោយសារតែ​ភាពយន្ត​រឿង “​សង្គ្រាម​មហាទេព​ស្ដេច​ហនុមាន​” ត្រូវបាន​ទិញ​សិទ្ធិ ក្នុងតម្លៃ​ខ្ពស់ មកពី​ប្រទេស​ឥណ្ឌា យកមក​បញ្ចាំង នៅ​ប៉ុស្ដិ៍​លេខ​៥ ហើយ​ចង់ឱ្យ​មហាជន​ខ្មែរ​បានដឹង​ទូលំ ទូលាយ​ពី​ការដាក់​បញ្ចាំង ដើម្បី​បាន​ទស្សនា​ភាពយន្ត​ល្បីឈ្មោះ​មួយ​នេះ និង​ដើម្បី​បានដឹង​ពី ប្រវត្តិសាស្ត្រ​របស់​ហនុមាន ដែល​ពាក់ព័ន្ធ​នឹង​រឿង​រាមកេរ្តិ៍ ក្នុង​អក្សរសិល្ប៍​ខ្មែរ​ផង​។

​លោក​បាន​និយាយថា ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ បានសម្រេច​ចំណាយ​ទុន​ធំ ក្នុង​ការសុំ​សិទ្ធិ នៅ​ផ្សារ​ធំៗ មួយចំនួន នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាខ្មៅ​ដោយ​គម្រោង​ឱ្យ​ផលិតករ​របស់​ប៉ុស្ដិ៍ លេខ​៥ ដែលជា​តារា​សម្ដែង​ទាំង ៣​រូប តែង​តួ​ជា​ហនុមាន និង​ជា​ភរិយា​របស់​ហនុមាន ដែលជា​តួអង្គ​សំខាន់ ក្នុង​រឿង ឱ្យទៅ​ផ្សព្វផ្សាយ នៅតាម​ទីសាធារណៈ​ទាំងនោះ​។

​ក្នុង​ជំហាន​ដំបូង លោក​តម្រូវឱ្យ​ផលិតករ​ទាំង ៣ បង្ហាញខ្លួន​នៅ​ផ្សារ​ធំថ្មី​ដោយ​ក្រៅពី​ផ្ដល់ ឱកាស​ឱ្យ​បងប្អូន​អាជីវករ និង​អ្នកដើរ​ផ្សារ បាន​ថតរូប​ដោយផ្ទាល់ ជាមួយ​តួអង្គ​តំណាង ក្នុង​រឿង “​សង្គ្រាម​មហាទេព​ស្ដេច​ហនុមាន​” នេះ ក៏មាន​ការចែកជូន​នូវ​កាដូ​អនុស្សាវរីយ៍ ដល់​អ្នក​ថតរូប​ទាំងនោះ​ផង​។

​លោក​បាន​ថ្លែង​បញ្ជាក់ថា ភាពយន្ត​នេះ មាន​ចំនួន​ជាង ៣០០ ភាគ​ហើយ​បានដាក់​បញ្ចាំង នៅ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ ប៉ុន្មាន​ថ្ងៃ​មកហើយ ដោយ​តាំងពី​ដាក់​ផ្សាយ​កាលពី​ថ្ងៃទី​១ ឧសភា រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ១១ ព្រឹក​នោះ អត្រា​អ្នកតាមដាន​រឿងនេះ​កើនឡើង រាល់ថ្ងៃ​។ ផលិតករ ដែល​ត្រូវបាន​ជ្រើសឱ្យ​តែង​តួ​ជា​ហនុមាន និង​ជា​ព្រះ​នាង​ក្នុង​រឿង “​សង្គ្រាម​មហាទេព​ស្ដេច​ហនុមាន​” ទាំង​៣ រួមមាន លោក លន់ ឯក ដែលជា​អ្នក​ផលិតកម្ម ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ អ្នកនាង​កែវ សុវណ្ណនី ហៅ ញ៉ា​ញ់ អ្នកគ្រប់គ្រង​កម្មវិធី​តន្ត្រី​បន្ត​ផ្ទាល់ នៅ​រាល់ថ្ងៃ​អាទិត្យ និង​អ្នកនាង យ៉ុង លីកា អ្នកគ្រប់គ្រង​កម្មវិធី​ជាច្រើន​ប្រចាំ​នៅ​ទូរទស្សន៍ ប៉ុស្ដិ៍​លេខ​៥ ដូចគ្នា​។

​ផលិតករ​ទាំង ៣ ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​តំណាង​ក្នុង​រឿង​ភាគ​ឥណ្ឌា​ល្បីឈ្មោះ​មួយ​នេះ បន្ទាប់ពី​កត់សម្គាល់ថា មានមុខមាត់ និង​រូបរាង​ធំ​ខ្ពស់ សក្ដិ​សមជា​ជនជាតិ​ឥណ្ឌា និង​បន្ទាប់ពី​តែង​តួ ជា​ឥណ្ឌា​ទៅ ក៏​ទាក់ទាញ​។ អ្នកផ្សារ​ធំថ្មី ត្រូវគេ​បានឃើញ​ចោមរោម​ថត ជាមួយ​តួអង្គ​ទាំង ៣ ពេញ រយៈពេល​មួយ​ម៉ោង ដែល​អ្នក​ទាំង ៣ ចុះទៅ​ដល់​យ៉ាង​គគ្រឹកគគ្រេង ៕ ដោយ​: បូ​រិ​ន​