ផ​ម​ផេ​វ​និយាយថា អាម៉េរិក​គាំទ្រ “​សិទ្ធិ​ការពារ​ខ្លួន​” របស់​អា​រ៉ា​ប៊ី​សា​អូឌីត​

218
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេ​វ បាន​និយាយថា សហរដ្ឋ​អាម៉េរិក​គាំទ្រ “​សិទ្ធិ​ការពារ​ខ្លួន​” របស់​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី​ការវាយប្រហារ​កាលពី​ចុង​សប្តាហ៍ ផ្តោត​គោលដៅ​លើ​បេះដូង​ឧស្សាហកម្ម​ប្រេង​របស់ខ្លួន​។​

​ការវាយប្រហារ ដែល​លោក​បាន​ពិពណ៌នា​ថា​ជា “​អំពើ​បង្ក​សង្គ្រាម​” បាន​បង្ក​ការព្រួយបារម្ភ​អំពី​ការរីក​រាលដាល​ជម្លោះ​កាន់តែ​ធំ​នៅក្នុង​តំបន់ ខណៈ​ភាព​តានតឹង​នៅតែមាន​ខ្ពស់​នៅឡើយ ជុំវិញ​ការដួលរលំ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជាមួយ​មហាអំណាច​ពិភពលោក​។​

​ការលើកឡើង​របស់លោក​ផ​ម​ផេ​វ​កើតឡើង ខណៈ​លោក​កំពុងស្ថិត​នៅក្នុង​ទីក្រុង​ជេ​ត​ដា ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត បន្ទាប់ពី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ គឺ​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉ាត់ ប៊ី​ន សាល់​ម៉ាន់​។​

​កាលពី​ថ្ងៃ​ពុធ អា​រ៉ា​ប៊ី​សា​អូឌីត​បានបង្ហាញ​បំណែក​ដ្រូ​ន​និង​មី​ស៊ី​ល​នៅក្នុង​សន្និសីទ​សារព័ត៌មាន ហើយ​បាន​ដកស្រង់​ភស្តុតាង​ផ្សេងទៀត​ដែល​ពួកគេ​ចោទថា “​ការ​វាយឆ្មក់​នេះ​ត្រូវបាន​ឧបត្ថម្ភ​គាំទ្រ​ដោយ​អ៊ីរ៉ង់​”​។​

​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ ដែល​បាន​បដិសេធ​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​នោះ បាន​ព្រមាន​សហរដ្ឋ​អាម៉េរិក​ថា ខ្លួន​នឹង​សងសឹក​ភ្លាមៗ ប្រសិនបើ​ខ្លួន​ក្លាយជា​គោលដៅ​ត្រូវ​វាយប្រហារ​។​

​លោក​ផ​ម​ផេ​វ​បាន​សរសេរ​សារ​របស់គាត់​លើ Twitter បន្ទាប់ពី​បាន​ជួប​ជាមួយ​ព្រះអង្គម្ចាស់​សាល់​ម៉ាន់ ជុំវិញ​ការវាយប្រហារ​ដោយ​ដ្រូ​ន​និង​មី​ស៊ី​ល​ទៅលើ​រោងចក្រ​ផលិត​ប្រេង​និង​វាល​ប្រេងកាត​ដ៏​ធំ​។​

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​នៅ​យេ​ម៉ែន ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ ប៉ុន្តែ​សហរដ្ឋ​អាម៉េរិក​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​អនុវត្ត​ការវាយប្រហារ​នេះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ផេ​ម​ផេ​វ (​ឆ្វេង​) ជួប​ទ្រង់​ប៊ី​ន​សាល់​ម៉ាន់​នៅ​ទីក្រុង​ជេ​ត​ដា​កាលពី​ថ្ងៃ​ពុធ