ផ​ម​ផេ​វ​ព្រមាន​អ៊ីរ៉ង់​អំពី “​ការឆ្លើយតប​មិន​រួញរា​” ប្រសិនបើ​ផលប្រយោជន៍​អាម៉េរិក​រង​ផលប៉ះពាល់​នៅ​អ៊ីរ៉ាក់​

190
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​ធ្នូ​បាន​ព្រមាន​អ៊ីរ៉ង់​អំពី​ការឆ្លើយតប “​ឥត​រួញរា​” ប្រសិនបើ​ផលប្រយោជន៍​អាម៉េរិក​រង​ផលប៉ះពាល់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ បន្ទាប់ពី​មានការ​វាយប្រហារ​ដោយ​រ៉ុក្កែត​ជាច្រើនលើក​មកលើ​មូលដ្ឋាន​ជាច្រើន​។​

​លោក​ផ​ម​ផេ​វ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​ត្រូវតែ​…​ប្រើ​ឱកាស​នេះ​ដើម្បី​រំលឹក​មេដឹកនាំ​អ៊ីរ៉ង់​ថា​ការវាយប្រហារ​ណាមួយ​ដោយ​ពួកគេ​ឬ​ក្រុម​ដៃជើង​ណាមួយ​របស់​ពួកគេ​ដែល​ធ្វើឱ្យ​អន្តរាយ​ដល់​ជនជាតិ​អាម៉េរិក​សម្ព័ន្ធមិត្ត​ឬ​ផលប្រយោជន៍​របស់​យើង​ច្បាស់​ជា​ទទួលបាន​ការឆ្លើយតប​ឥត​រួញរា​ពី​សហរដ្ឋ​អាម៉េរិក​”​។​

​លោក​និយាយថា “​អ៊ីរ៉ង់​ត្រូវតែ​គោរព​អធិបតេយ្យភាព​របស់​ប្រទេសជិតខាង​របស់ខ្លួន​ហើយ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ផ្តល់ជំនួយ​និង​ការគាំទ្រ​ដ៏​សាហាវ​ដល់​ភាគី​ទី​បី​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​នៅ​ទូទាំង​តំបន់​”​។​

​អាម៉េរិក​បាន​សម្តែង​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ចំពោះ​ការវាយប្រហារ​ដ៏​កក្រើក​ទៅលើ​មូលដ្ឋានទ័ព​នៅ​អ៊ីរ៉ាក់​ដែល​ប្រើ​ដោយ​កងទ័ព​អាម៉េរិក ដែល​ភាគច្រើន​នៃ​ការវាយប្រហារ​ទាំងនោះ​ត្រូវបាន​អាម៉េរិក​ស្តីបន្ទោស​ទៅលើ​ក្រុម​យោធា​ស៊ី​អ៊ី​ត​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​

​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ចំនួន​ពីរលើក​នៅ​សប្តាហ៍​នេះ​បាន​សំដៅទៅ​បរិវេណ​មួយ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​បា​កដាដ ដែលមាន​កងទ័ព​អាម៉េរិក​ស្នាក់នៅ ដោយ​ធ្វើឱ្យ​ទាហាន​អ៊ីរ៉ាក់​ជាច្រើន​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​កាល​ពីថ្ងៃ​ចន្ទ​កន្លងទៅនេះ​។​

​លោក​ផ​ម​ផេ​វ​និយាយថា “​យើង​សង្ឃឹម​និង​សូម​អធិស្ឋាន​ដល់​ជនជាតិ​អ៊ីរ៉ាក់​ដ៏​ក្លាហាន​ទាំងនេះ​ឆាប់​ជាសះស្បើយ​ពីរ​បួស​របស់​ពួកគេ​”​។​

​អ៊ីរ៉ង់​មាន​ឥទ្ធិពល​ដ៏​លើសលប់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែលជា​ប្រទេសជិតខាង​របស់ខ្លួន ចាប់តាំងពី​ការ​លុកលុយ​របស់​អាម៉េរិក​ក្នុង​ឆ្នាំ ២០០៣ បាន​ផ្តួល​រលំ​របប​សា​ដាម ហ៊ូ​សេន​។​

​រដ្ឋបាល​ត្រាំ​ដែល​ជិតស្និទ្ធ​នឹង​សត្រូវ​របស់​អ៊ីរ៉ង់​គឺ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អ៊ីស្រាអែល​បាន​ព្យាយាម​ទប់ទល់​នឹង​ឥទ្ធិពល​អ៊ីរ៉ង់​នៅ​ជុំវិញ​តំបន់​រួមទាំង​តាមរយៈ​ទណ្ឌកម្ម​ក្នុង​គោលបំណង​រារាំង​រាល់​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​។​

​សហរដ្ឋ​អាម៉េរិក​កាលពី​សប្តាហ៍​មុន​បានដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​បីនាក់​នៃ​កងកម្លាំងប្រដាប់អាវុធ​និកាយ​ស៊ី​អ៊ី​ត​ឈ្មោះថា Hashed al-Shaabi ដោយ​ចោទប្រកាន់​ពួកគេ​ថា​បាន​ចូលរួម​ក្នុងការ​បង្ក្រាប​ដ៏​សាហាវ​ទៅលើ​ការតវ៉ា​ទូទាំងប្រទេស​៕ ដោយ៖កញ្ញាដាលីស

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ