ផ​ម​ផេ​វ​ហោះ​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី​អាម៉េរិក​បន្ទោស​អ៊ីរ៉ង់​រឿង​វាយប្រហារ​លើ​រោងចក្រ​ប្រេង​

244
ចែករម្លែក

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេ​វ បានគ្រោង​ហោះ​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​សងសឹក បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា​ខ្លួន​មាន​ភស្តុតាង​ថា​ការវាយប្រហារ​ទៅលើ​រោងចក្រ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​គឺមាន​ប្រភព​ចេញពី​អ៊ីរ៉ង់​។​

​អនុ​ប្រធានាធិបតី​អាម៉េរិក​លោក ម៉ៃ ផេ​ន បានប្រកាសថា លោក​ផ​ម​ផេ​វ​កំពុងធ្វើដំណើរ​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ពិភាក្សា​អំពី​ការឆ្លើយតប​របស់​យើង​។​

​លោក​ផេ​ន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា “​ដូចដែល​លោក​ប្រធានាធិបតី​បាន​និយាយ​ចឹ​ង យើង​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​អ្នកណាម្នាក់​ទេ ប៉ុន្តែ​សហរដ្ឋ​អាម៉េរិក​បាន​ត្រៀមខ្លួន​រួចហើយ​”​។​

​លោក​បាន​និយាយ​តាម​សម្តី​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​ចន្ទ​ថា “​យើង​បាន​ញាត់​គ្រាប់​ពេញ​អស់ហើយ ហើយ​យើង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ការពារ​ផលប្រយោជន៍​និង​សម្ព័ន្ធមិត្ត​របស់​យើង​នៅក្នុង​តំបន់​។ នឹងមិន​ឱ្យមាន​កំហុស​ឡើយ​អំពី​រឿងនេះ​”​។​

​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ប្រាប់​ទៅ​ទីភ្នាក់ងារសារព័ត៌មាន AFP ថា រដ្ឋបាល​ត្រាំ​បាន​សន្និដ្ឋានថា​ការវាយប្រហារ​កាលពី​ចុង​សប្តាហ៍​មុន​គឺពាក់ព័ន្ធ​នឹង​មី​ស៊ី​ល​បញ្ជា​ទិស​របស់​អ៊ីរ៉ង់ ហើយ​ភស្តុតាង​នោះ​នឹងត្រូវ​បង្ហាញ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​ក្រោយ​។​

​ជំហរ​រឹងត្អឹង​របស់​អាម៉េរិក​បានកើត​ឡើង ស្រប​ពេលដែល​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​បាន​ច្រានចោល​ការចរចា​ជាមួយ​វ៉ាស៊ីនតោន “​ទោះ​ក្នុង​កម្រិត​ណាក៏ដោយ​”​។​

​នេះ​ទំនង​បញ្ចប់​នូវ​ក្តីសង្ឃឹម​សេសសល់​សម្រាប់​ការប្រជុំ​ដ៏​អស្ចារ្យ​រវាង​ត្រាំ​និង​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស​សាន់ រូ​ហា​នី នៅឯ​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​ក្រោយ​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​នៅលើ​យន្តហោះ Air Force One នៅលើ​រដ្ឋ​កាលីហ្វ័រ​ញ៉ា លោក​ត្រាំ​បាន​និយាយថា​លោក​ក៏​មិន​រំភើប​អី​នោះដែរ​ចំពោះ​ការប្រជុំ​ផ្នែក​ការទូត​នេះ​។​

​លោក​ត្រាំ​បាន​និយាយថា “​ខ្ញុំ​មិនដែល​ច្រានចោល​អ្វី​ទាំងអស់ ប៉ុន្តែ​ខ្ញុំ​សុខចិត្ត​មិន​ជួប​គាត់​ល្អ​ជាង​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ម៉ៃ ផ​ម​ផេ​វ (​ឆ្វេង​) ជួប​ទ្រង់​ម៉ូ​ហា​ម៉ាត់ សាល់​ម៉ាន់ កាលពី​ខែមករា ២០១៩ ក្នុង​ទីក្រុង​ចេ​ត​ដា