ផ​ម​ផេ​វ ព្រមាន​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​

734
ចែករម្លែក

​លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បង្កើន​សម្ពាធ​ហិរញ្ញវត្ថុ​ទៅលើ​ប្រទេស​អ៊ីរ៉ង់ ជាមួយនឹង “​ការដាក់ទណ្ឌកម្ម​យ៉ាង​ខ្លាំងក្លា​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​” បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ជាមួយ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​។​

​លោក​ផ​ម​ផេ​វ​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២១​ឧសភា​ថា “​យើង​នឹង​អនុវត្ត​សម្ពាធ​ហិរញ្ញវត្ថុ​មិន​ធ្លាប់មាន​ពីមុន​មកលើ​របប​អ៊ីរ៉ង់​។ ពួក​មេដឹកនាំ​នៅ​ក្រុង​តេ​ហេ​រ៉ង់​នឹង​មិនមាន​មន្ទិលសង្ស័យ​ចំពោះ​ការនិយាយ​ខ្លាំងៗ​របស់​យើង​នោះទេ​”​។​

​លោក​បាន​បន្ថែម​ក្នុង​សុន្ទរកថា​នៅ​ក្រុមអ្នកវិភាគ​អភិរក្ស Heritage Foundation ថា “​ទណ្ឌកម្ម​ជាច្រើន​នឹង​កាន់តែ​ធ្វើឱ្យ​ឈឺចាប់ ប្រសិនបើ​របប​នេះ​មិន​ផ្លាស់ប្តូរ​ទិសដៅ​ពី​ផ្លូវ​ដែល​មិនអាច​ទទួលយកបាន​និង​មិនមាន​ផល​ល្អ ដែល​ខ្លួន​បានជ្រើសរើស​សម្រាប់​ប្រជាជន​អ៊ីរ៉ង់​”​។​

​លោក​បាន​និយាយ​នៅក្នុង​ការគូសបញ្ជាក់​អំ​ពី​យុទ្ធសាស្ដ្រ​ថ្មី​របស់​អាមេរិក​ស្តីពី​ការដោះស្រាយ​ជាមួយ​របប​អ៊ីស្លាម​នេះ រួមទាំង​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​ចំនួន ១២ ពី​វ៉ាស៊ីនតោន​ចំពោះ​រាល់​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​តេ​ហេ​រ៉ង់ យ៉ាង​ដូច្នេះ “​អ៊ីរ៉ង់​នឹងមិន​មាន​សេរីភាព​ពេញទី​ដើម្បី​គ្របដណ្តប់​លើ​តំបន់​មជ្ឈិមបូព៌ា​នោះឡើយ​”​។

​លោក​ផ​ម​ផេ​វ​និយាយថា​ប្រសិនបើ​អ៊ីរ៉ង់​គោរព​តាម​លក្ខខណ្ឌ​តឹងរ៉ឹង​រួមទាំង​ការបញ្ចប់​កម្មវិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់ខ្លួន​និង​អន្តរាគមន៍​ក្នុង​ជម្លោះ​ក្នុង​តំបន់​ពី​យេ​ម៉ែន​រហូតដល់​ស៊ី​រី នោះ​អាមេរិក​នឹង​ដក​ទណ្ឌកម្ម​ចេញ​។​

​លោក​ផ​ម​ផេ​វ​និយាយថា “​យើង​នឹង​តាមដាន​ភ្នាក់ងារ​អ៊ីរ៉ង់​និង​អ្នកតំណាង​ក្រុម​ហេស​ប៊ូ​ឡា​របស់​ពួកគេ​នៅ​ជុំវិញ​ពិភពលោក​និង​កម្ទេច​ពួកនេះ​ចោល​”​។​

​លោក​ក៏បាន​ទាមទារ​ឱ្យ​អ៊ីរ៉ង់​ដោះលែង​ពលរដ្ឋ​អាមេរិក​ទាំងអស់ ដែល​ជាប់ពន្ធនាគារ​ពីបទ​ចោទប្រកាន់​ជាច្រើន​រួមទាំង​ចារកម្ម​៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក