ផ​ម​ផេ​វ អាច​ផ្តល់អោយ​ក្រសួងការបរទេស​នូវ​ជីវិត​ថ្មី​

1277
ចែករម្លែក

ចរិត​សង្គ្រាម​និយម​ពី​ធម្មជាតិ​របស់លោក ម៉ៃ ផ​ម​ផេ​វ ជន​ដែល​លោក​ត្រាំ​តែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​ជំនួស​លោក រិ​ក ធី​ល​លឺ​សុន​​អាច​ខុសពី​បែបបទ​ការទូត​ជា​ប្រពៃណី​របស់​ប្រមុខ​ការទូត​។​តែ​បន្ទាប់ពី​ការកាត់ថ​វិកា​និង​បុគ្គលិក​គ្មាន​យោគយល់​អស់​ពេល​១៤​ខែ​សម្រាប់​ក្រសួងការបរទេស​ ​ការ​លម្អៀង​នយោបាយ​បែប​អភិរក្ស​និង​ភាពជិតស្និទ្ធ​របស់លោក​ចំពោះ​ប្រធានាធិបតី​ត្រាំ​អាច​ផ្តល់​ដង្ហើម​និង​កម្លាំង​ថ្មី​ដល់ទី​ភ្នាក់ងារ​មួយ​ដែល​ច្រើន​ត្រូវបាន​ផាត់​ចោល​នៅលើ​បញ្ហា​សន្តិសុខ​ជាតិ​សំខាន់ៗ​បំផុត​ក្នុងពេល​ក្រសួង​មួយ​នេះ​ស្ថិតក្រោម​ការដឹកនាំ​​របស់លោក​រិ​ក ធី​ល​លឺ​សុន​។​

​ផ​ម​ផេ​វ​(Pompeo)​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​CIA​ចេញពី​តំណែង នឹង​នាំមក​នូវ​ស្ទីល​និយាយ​ម៉ាត់ៗ​សំរាប់​មុខតំណែង​ជា​រដ្ឋមន្ត្រី​​ការបរទេស ដោយ​ផ្សេងគ្នា​ពី​វិធី​របស់លោក​ធី​ល​លឺ​សុន​។​

​ការមកដល់​របស់​ផ​ម​ផេ​វ​នៅ​ក្រសួងការបរទេស​ឬ​ហៅថា​Foggy Bottom ក៏​ធានា​ការប្រកាន់​គោលជំហរ​គឃ្លើន​ជាង​មុន​លើ​បញ្ហា​អ៊ីរ៉ង់​​និង​កូរ៉េខាងជើង ហើយ​លោក​នឹង​ចាប់ផ្តើម​ទទួលបាន​ជំនឿ​ទុកចិត្ត​ពី​ត្រាំ ជា​អ្វីដែល​អ្នកកាន់ការ​មុន​កម្រ​ទទួលបាន ហើយ​ខណៈដែល​​លោក​ធី​ល​លឺ​សុន​ត្រូវបាន​រិះគន់​ជាទូទៅ​ចំពោះ​ការ​គ្រប់​គ្រប់បែប​ឯកោ​ពី​គេឯង លោក​ផ​ម​ផេ​វ អាច ធ្វើ​ផ្ទុយ​។​

​លោក​នឹង​នាំមក​វិន័យ​របស់​អតីត​និស្សិត​លេចធ្លោ​នៅ​សាលា​បណ្ឌិតសភាយោធា​West Point ព្រមទាំង​កលឧបាយ​នយោបាយ​កាល​​ពី​លោក​ធ្វើជា​សមាជិកសភា​អស់​៤​អាណត្តិ ពេលដែល​លោក​បំរើការ​នៅក្នុង​គណៈកម្មការ​ស៊ើបការណ៍​របស់​សភា​។​

​ក្នុងនាម​ជានា​យក​CIA លោក​បាន​ប្រើ​ផ្លូវត្រង់​និង​ប្រើពេល​មិនយូរ​ទេ​ក្នុងការ​ចូលក្នុងរង្វង់​ផ្ទៃក្នុង​របស់​ត្រាំ​ជាមួយនឹង​ការចេះ​សរសើរ​​លោក​ប្រធានាធិបតី​ដោយបាន​រាយការណ៍​អំពី​កិច្ចការ​ចារកម្ម​ប្រចាំថ្ងៃ​ដល់​លោក​ត្រាំ​ដោយផ្ទាល់​។​ទោះជា​ជា​អ្នកគាំទ្រ​ជំហរ​របស់​ត្រាំ​​អំពី​បញ្ហា​អ៊ីរ៉ង់​និង​កូរ៉េខាងជើង ក៏​លោក​ផ​ម​ផេ​វ ចៀសវាង​និយាយ​ប្រឆាំង​ដោយផ្ទាល់​លើ​ការ​ចចេស​មានៈ​របស់​ត្រាំ​ដែលថា រុស្ស៊ី​មិន​​បានធ្វើការ​ដើម្បី​គាំទ្រ​ការឃោសនាបោះឆ្នោត​របស់​លោក​នៅ​ឆ្នាំ​២០១៦ ទោះជា​ថា​នោះ​ជា​អ្វីដែល​CIA​បាន​សន្និដ្ឋាន​។​

​កាលពី​ថ្ងៃ​អង្គារ លោក​ត្រាំ បាន​និយាយថា​«​ជាមួយនឹង​ផ​ម​ផេ​វ យើង​មានគំនិត​ស្រដៀង​គ្នា​ណាស់​»៕​ដោយ​៖​វាសនា​

​រូប​ឯកសារ​បង្ហាញ​លោក​ផ​ម​ផេ​វ ស្តាប់​សក្ខីកម្ម​មួយ​នៅក្នុង​សភា​

#