ពងត្រី កា​វី​អា សម្បូរ​វីតាមីន​មាន​ប្រយោជន៍​សម្រាប់​សុខភាព​

969
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្រុមហ៊ុន Caviar & Traditions បានបង្ហាញ​រសជាតិ​មុខម្ហូប​ល្អ​៣​ប្រភេទ​ដែលមាន​ប្រយោជន៍​ដល់​សុខភាព ទៅដល់​ចុងភៅ​និង​តំណាង​ក្រុមហ៊ុន​ដៃគូ​ទំនាក់​ទំ​នង់​កាលពីពេល​ថ្មីៗ​នេះ​នៅ​សណ្ឋាគារ​ណាហ្គា​វើ​លដ៍ រាជធានី​ភ្នំពេញ​។​
​បើតាម​តំណាង​ក្រុមហ៊ុន Caviar & Traditions បានឱ្យដឹងថា​ការរៀបចំ​កម្មវិធី​នេះ​គឺ​ចង់បង្ហាញ​មុខម្ហូប​៣​ប្រភេទ​គឺ បង្គា​,​ត្រី Smoked Salmon និង​ពងត្រី​Caviar ។​មុច​ម្ហូប​ទាំងបី​នេះ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ហើយ​រាល់​មុខម្ហូប​និង​រសជាតិ​ទាំងនេះ​មាន​ចិញ្ចឹម​តាមបែប​ធម្មជាតិ​និង​ការទទួលស្គាល់​ពី​ស្ថាប័ន​នៅក្នុង​ប្រទេស​បារាំង​អំពី​គុណភាព​។​
​តួយ៉ាង​បង្គា​ដែល​ក្រុមហ៊ុន​នាំចូល​មកពី​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា គេ​ចិញ្ចឹម​វា​នៅក្នុង​ព្រៃកោងកាង​ក្នុង​ទំហំ​ដី​១​ម៉ែត្រការ៉េ​មាន​៥​ឬ​៦​បង្គា ដើម្បីឱ្យ​វា​ធំធាត់​ឡើង​តាមបែប​ធម្មជាតិ​និង​មិនមាន​ជំងឺ ខុសប្លែក​ពី​ការចិញ្ចឹម​នៅ​ប្រទេស​មួយចំនួន មាន​ពី​២០០​ទៅ​២៥០​បង្គារ​ក្នុង​ដី​១​ម៉ែត្រការ៉េ​។​
​គួរ​ជម្រាប​ថា​ដោយ​មើលឃើញ​ទីផ្សារ​អាហារ​ប្រណីត​នៅ​កម្ពុជា​កំពុង​ទទួលបាន​ការពេញនិយម​ខ្លាំង ពាណិជ្ជករ​ខ្មែរ និង​ជនជាតិ​បារាំង​បាន​សហការគ្នា​នាំចូល​ពងត្រី​ម្យ៉ាង​ដែលមាន​ឈ្មោះ កា​វី​យ៉ា (Caviar) ដែលជា​ប្រភេទ​ពងត្រី​សម្បូរ​ទៅដោយ​វីតាមីន​សម្បូរបែប មក​ច្នៃ​ជា​អាហារ​ប្រណីត​លំដាប់​ខ្ពស់​សម្រាប់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន Caviar &Traditions បាន​នាំចូល​ពងត្រី​កា​វី​យ៉ា ដែលមាន​ប្រភព​នៅ​សមុទ្រ​កា​ស្ពាន និង​សមុទ្រ​ខ្មៅ និង​ស្ថិតនៅ​ក្នុងប្រទេស​រុស្សី អ៊ីរ៉ង់ អា​ហ្សែ​បៃ​ហ្ស​ង់ កា​ហ្សា​ក់​ស្ថាន ប៉ូឡូញ ទួ​កមេ​នី​ស្ថាន ប៊ុលហ្គារី ហ្ស​ក​ហ្ស៊ី រ៉ូ​ម៉ា​នី តួ​ក​គី និង​អ៊ុយ​ក្រែ​ន​ជាដើម មក​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​កម្ពុជា​។​
ពងត្រី​កា​វី​យ៉ា​ជា​អាហារ​ប្រណីត​លំដាប់​ខ្ពស់ និង​មានតម្លៃ​ថ្លៃ ដែល​តម្លៃ​មាន​ចាប់ពី ៣០០០ ដល់​៧០០០ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ។​ពងត្រី​កា​វី​យ៉ា​ជា​អំបូរ​ពងត្រី​សមុទ្រ​ឈ្មោះ ស្ទឺ​ជិន និង​ជា​អាហារ​មានតម្លៃ​ខ្ពស់ ព្រោះ​គេ​ត្រូវ​ចិញ្ចឹម​ត្រី​កា​វី​យ៉ា​រហូតដល់​ទៅ​១៥​ឆ្នាំ ទម្រាំ​វា​ចម្រើន​គ្រប់​វ័យ​អាច​ផ្តល់​ជា​ពង​បាន ។​

​ពងត្រី​កា​វី​យ៉ា គឺ​ចែកចេញជា​៣​ប្រភេទ ៖ លេខ​១ គឺមាន​ឈ្មោះ​កា​វី​យ៉ា បេ​លូ​ហ្គា ដែលមាន​តម្លៃ​ប្រមាណ​ជាង​៣៨០០​ដុល្លារ​អាមេរិក​សម្រាប់​កន្លះ​គីឡូក្រាម​, ចំណែក​ប្រភេទ​លេខ​២ គឺមាន​ឈ្មោះថា កា​វី​យ៉ា អូ​ស៊ី​ត្រេ ដែល​ត្រឹមតែ​កន្លះ​គីឡូក្រាម​មានតម្លៃ​ជាង ១០០០​ដុល្លារ​អាម​រិ​ក រីឯ​លេខ​៣ គឺ​ប្រភេទ​ពងត្រី កា​វី​យ៉ា បា​រ៊ី (Caviar Baerii) ដោយ​ក្នុង​កន្លះ​គីឡូ​មានតម្លៃ​ជាង​៦៨០​ដុល្លារ​សហរដ្ឋអាមេរិក​។​

ប្រភេទ​ពងត្រី​កា​វី​យ៉ា​សម្បូរ​ដោយ​វីតាមីន​ខ្ពស់បំផុត ជាពិសេស​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន​មុខ​សម្រាប់​ទ្រទ្រង់​សារពាង្គកាយ និង​មាន​ជាតិ​ផូស្វ័រ កាល់ស្យូម ផ្ល​រី​ន ម៉ាញ៉េ​ស្យូ​ម និង​សូ​ដ្យូ​ម​ជាដើម​ដែល​សារធាតុ​ទាំងនេះ​គឺ​ពិត​ជាមាន​សារសំខាន់​ធ្វើឱ្យ​រាងកាយ​របស់​មនុស្ស​យើង​មាន​សុខភាព​ល្អជា​ពិសេស​ជួយ​ដល់​ស្បែក​និង​សក់​ឱ្យ​កាន់តែ​ស្រស់ស្អាត​៕

​ក្រុមហ៊ុន​បង្ហាញមុខ​ម្ហូប​៣​ប្រភេទ​គឺ បង្គា​,​ត្រី Smoked Salmon និង​ពងត្រី​Caviar ដែលមាន​ប្រយោជន៍​សម្រាប់​សុខភាព​