ពង្រីក​ផ្លូវធំ​ហើយ ក៏​គួរ​គោរព​ច្បាប់​ផង​!

415
ចែករម្លែក

​កំណើន​យានយន្ត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទាមទារ​ឲ្យ​មានការ​ពង្រីក​ផ្លូវ​កាន់តែ​ធំ​ជាង​មុន ពោលគឺ​ផ្លូវ ពី​ពីរ​គន្លង​ត្រូវ​ពង្រីក​ទៅ​បួន​គន្លង​។ ការពង្រីក​ផ្លូវ​នេះ ដោយសារតែ​កំណើន យានយន្ត​លើ​ដងផ្លូវ​កាន់តែ​ច្រើនឡើងៗ ជាក់ស្តែង ក្នុង​មួយឆ្នាំៗ​ម៉ូតូ​ដែល​បាន​ចុះបញ្ជី នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ចំនួន ៣៥​ម៉ឺន​គ្រឿង ខណៈ​យានយន្ត​នៅ ទូទាំងប្រទេស សរុប​មាន​ជាង​ប្រាំមួយ​លាន​គ្រឿង​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា​ដោយសារតែ កំណើន​យានយន្ត នាពេល​បច្ចុប្បន្ន​ធ្វើ​ឲ្យ​ចរាចរ​នៅលើ​ដងផ្លូវ​កាន់តែ​មមាញឹក​ខ្លាំង និង​ពេលខ្លះ​បង្ក​ជាការ​កកស្ទះ​ចរាចរណ៍​ណែនណាន់តាន់តាប់​។​

​នៅក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​លើ​កំណាត់​ផ្លូវ​ក្រវាត់ក្រុង​សៀមរាប ប្រវែង​ជាង ពីរ​គីឡូម៉ែត្រ កាលពី​ថ្ងៃទី​១៥ ខែសីហា លោក ស៊ុន ចាន់ថុល បាន​លើក ឡើង​ថា ដោយសារតែ​កំណើន​យានយន្ត​លើ​ដងផ្លូវ​កាន់តែ​ច្រើនឡើងៗ ពីមួយ​ឆ្នាំទៅ មួយឆ្នាំ គឺ​ទាមទារ​ឲ្យ​មានការ​ពង្រីក​ផ្លូវ​កាន់តែ​ធំ​ជាង​មុន ពោលគឺ​ផ្លូវ​ពី​ពីរ​គន្លង​ទៅ​បួន គន្លង​។ ក្នុងនោះ ក្រៅពី​ការស្ថាបនា​ផ្លូវ ដែល​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់ ក្រសួង​ក៏បាន​ត្រៀម​កញ្ចប់​ថវិកា សម្រាប់​ពង្រីក​ផ្លូវជាតិ​ជាច្រើន​ទៀត​។​

​ក្រសួង​សាធារណការ បាន​លើកឡើងថា ផ្លូវជាតិ ដែល​បាន​សាងសង់ និង​ពង្រីក​ជា បួន​គន្លង​រួចរាល់​នៅក្នុង​ឆ្នាំ​២០១៨ មាន​ប្រវែង ១៥៧ គីឡូម៉ែត្រ ហើយ​នៅក្នុង​ឆ្នាំ ២០១៩​នេះ គម្រោង​ផ្លូវជាតិ​សំខាន់ៗ ដែល​ពង្រីក​ជា​បួន​គន្លង មាន​ប្រវែង​សរុប​ជិត ៦០០​គីឡូម៉ែត្រ បាន និង​កំពុងដំណើរការ​សាងសង់​។​

​ជាក់ស្តែង នៅ​ផ្លូវ​ទួល​ពង្រ ចាប់ពី​ចំណុច​ភ្លើងស្តុប កែង​ផ្លូវ​វេ​ង​ស្រេង ក្នុង​រាជធានី ភ្នំពេញ នាពេលនេះ កំពុង​ពង្រីក​ផ្លូវ​ទាំងសងខាង​។ ចំណុច​កែង​ផ្លូវ​ទួល​ពង្រ និង​ផ្លូវ វេ​ង​ស្រេង គឺ​ជាប់​ស្ទះ​ចរាចរ​យ៉ាងខ្លាំង ទាំង​ពេលព្រឹក ទាំង​ពេល​ល្ងាច រៀងរាល់ថ្ងៃ​។​

​ប៉ុន្តែ​ជាការ​កត់សម្គាល់ ការកកស្ទះ​ចរាចរណ៍​ភាគច្រើន ពិសេស​នៅ​ចំណុច​ភ្លើងស្តុប ផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ​ទួល​ពង្រ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​បង្កឡើង​ដោយ​អ្នកបើកបរ​យាន យន្ត​ផ្ទាល់​តែម្តង​។ ផ្លូវ​តូច​ស្រាប់​ហើយ ប៉ុន្តែ​អ្នកបើកបរ​មួយចំនួនធំ​មិន​គោរព​ភ្លើង សញ្ញា​ចរាចរណ៍​ឡើយ​។ ភ្លើង​ក្រហម នៅតែ​បន្តដំណើរ ពិសេស​អ្នកបើកបរ​ឡានធំៗ ដូចជា កុងតឺន័រ ជាដើម​។ ពេលខ្លះ អ្នកបើកបរ​ម៉ូតូ ឡានតូច ឈប់​ភ្លើងស្តុប​បែរជា ត្រូវ​អ្នក​ជិះឡាន ម៉ូតូ ម៉ូតូ​កង់​បី ស៊ី​ប្លេ​រ​ដេញ​ឲ្យ​ទៅមុខ​ទាំង​ភ្លើង​សញ្ញា​ចរាចរណ៍ ពណ៌​ក្រហម ទៅវិញ​។ នៅ​ចំណុច​ភ្លើងស្តុប​នេះ អ្នក​ចេញពី​ផ្លូវ​ទួល​ពង្រ​មិនសូវ​ជា គោរព​ភ្លើងស្តុប​ប៉ុន្មាន​ឡើយ លើកលែង​តែមាន​អ្នក​ឈរ​សម្រួល​ចរាចរណ៍​។​

​យ៉ាងណាក៏ដោយ នៅពេល​ពង្រីក​ផ្លូវធំ​ជាង​មុន តែបើ​អ្នកបើកបរ​យានយន្ត​មិន​គោរព ច្បាប់ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ គឺ​ការកកស្ទះ​នឹង​នៅតែ​បន្ត​កើតឡើង​ដដែល​។​

​គេ​នៅ​ចាំបាន​ថា លើផ្លូវ​វេ​ង​ស្រេង ចាប់ពី​រង្វង់​មូល​ចោមចៅ រហូតដល់​ច្រមុះជ្រូក ស្ទឹងមានជ័យ និង​បន្ត​ដល់​ស្ពាន​អាកាស​ស្ទឹងមានជ័យ គឺ​កាលពី​ផ្លូវ​ចាស់ នៅ​តូច ក្នុងអំឡុងពេល​បោះឆ្នោត​ឆ្នាំ​២០១៣ គឺ​ការកកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​លើផ្លូវ​ដែលមាន រោងចក្រ​កាត់ដេរ​ច្រើន​នេះ​។

​ប៉ុន្តែ​អំឡុង​ឆ្នាំ​២០១៤​ផ្លូវ​វេ​ង​ស្រេង​ត្រូវបាន​ពង្រីក​ថ្មី​បួន​គន្លង​ម្ខាង​ដោយមាន​ទាំង​ទ្រូងផ្លូវ​ពុះ​កណ្តាល ធំ​ជាង​ផ្លូវ​ចាស់​ពីរដង​។ តែ​មកដល់ពេលនេះ ចរាចរណ៍​លើផ្លូវ​វេ​ង​ស្រេង នៅតែ​កកស្ទះ​រាល់ថ្ងៃ រាល់​ម៉ោង​ដដែល​។ ហេតុអ្វី​? ។​

​មូលហេតុ ដោយសារតែ​អ្នកបើកបរ​មួយចំនួន មិន​គោរព​ច្បាប់ មិន​គោរព​ភ្លើង​សញ្ញា ចរាចរណ៍ ឈប់​ចត​លើផ្លូវ ។​ពិសេស​ឡានធំ យក​ផ្លូវ​ធ្វើ​ចំណត​ជាដើម​។ ម្យ៉ាងទៀត ផ្លូវ​វេ​ង​ស្រេង​នេះ មាន​កន្លែង​បត់​កាត់​ទទឹង​ច្រើន ហើយ​បើ​ដាក់​ភ្លើងស្តុប ក៏មាន​អ្នក បើកបរ​មួយចំនួន មិន​គោរព​។ រីឯ​អ្នកលក់ដូរ​នៅ​តំបន់​រោងចក្រ​វិញ គឺ​លក់​លើ​ចិញ្ចើមផ្លូវ ហើយ​បន្ត​លក់​នៅលើ​ទ្រូងផ្លូវ រទេះ​លក់​នំចំណី​អាហារ ក៏​ឈប់​ចត​លក់​លើ​គន្លង​ផ្លូវ ដោយ​កន្លែង​ខ្លះ ទុក​តែ​ប្រឡោះ​ឡាន​មួយ អាច​បើក​ឆ្លងកាត់​ប៉ុណ្ណោះ​។​

​ដូច្នេះ​ជា​ដំណោះស្រាយ បើសិនជា​ផ្លូវ ត្រូវបាន​ពង្រីក​ធំ​ហើយ តែ​អ្នកលក់ដូរ​មិនមាន របៀបរៀបរយ លក់​លើ​ចិញ្ចើមផ្លូវ ហៀរ​ដល់​លក់​លើ​ទ្រូងផ្លូវ​ទៀត​នោះ​ហើយ​អ្នក បើកបរ​យានយន្ត ពិសេស​ឡានធំ រ៉ឺម៉ក​ម៉ូតូ និង​ម៉ូតូ​កង់​បី​មួយចំនួន មិន​គោរព​ច្បាប់ ចរាចរណ៍ ស្លាក​សញ្ញា ភ្លើង​សញ្ញា​ចរាចរណ៍ នោះ​ការកកស្ទះ​ចរាចរណ៍​ក៏​នៅតែ​បន្ត កើតមាន​។

​រីឯ​អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ឈប់​ឲ្យ​មាន​អ្នកលក់ លើ​ចិញ្ចើមផ្លូវ និង​លើ​ទ្រូងផ្លូវ​តទៅទៀត ដោយ​យក​វិធានការ​ណែនាំ​អប់រំ​ម្តង​ជា​ពីរដង ហើយ​បើ​អ្នកលក់ដូរ អ្នក​ចត​ឡាន​លើផ្លូវ នៅតែ​មិន​ស្តាប់ គឺ​ត្រូវ​ចាប់​រឹបអូស​យក​របស់ របរ អូស​ឡាន​នោះ ទៅ​ខណ្ឌ​សង្កាត់ ព្រមាន និង​ធ្វើ​កិច្ចសន្យា​។ ការរៀបចំ​សណ្តាប់ លើផ្លូវ​នេះ គួរតែ​ធ្វើជា​ប្រចាំ និង​មិនគួរ​មាន​អាជ្ញាធរ​សមត្ថកិច្ច​ដាក់​ខែ​ពី​អ្នកលក់​រំលោភ បំពាន​ផ្លូវ​ទាំង​នោះឡើយ​។​

​បើ​កកស្ទះ​ចរាចរណ៍ គឺ​ត្រូវ​ពង្រីក​ផ្លូវធំ​ជាង​មុន តែ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ហើយ​មាន អ្នកលក់ដូរ​ពេញ​ផ្លូវ និង​មាន​អ្នក​ឈប់​យានយន្ត​លើផ្លូវ នោះ​ការកកស្ទះ​ចរាចរណ៍ ក៏​នៅតែ​បន្ត​។ យើង​មាន​ឧទាហរណ៍​លើផ្លូវ​ជាច្រើន​មកហើយ​។ សូម​ចូល​រួមទាំង អស់​គ្នា ទើប​យើង​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​៕ ដោយ​: ម៉េង​ឆៃ​

#