ពង្រឹង​ជើង​ទំនប់​អាង​ជើងគ្រុះ ហើយ​សាកល្បង​ដាំដូង​ក្រអូប​រាប់រយ​ដើម​នៅ​មាត់​អាង​

427
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ​
​បន្ទាយមានជ័យ​:
ក្រុមការងារ​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ បានដាក់​គ្រឿងចក្រ​ស្ថាបនា​ពង្រឹងពង្រីក​សមត្ថភាព​ទំនប់​អាង​ជើងគ្រុះ និង​សាកល្បង​ដាំដូង​ក្រអូប​រាប់រយ​ពាន់​ដើម​នៅ​មាត់​អាង ដែល​ស្ថិតនៅ​ភូមិ​គោក​សំរោង​លិច​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​

​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធាន​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ រួមជាមួយ​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ បាន​អញ្ជើញ​ពិនិត្យ​គម្រោង​ខាងលើនេះ កាលពី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក ប្រាក់ សារ៉ាក់ សមាជិក​ក្រុមការងារ​របស់លោក​ស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឲ្យ​ដឹងថា ទំនប់​អាង​ជើងគ្រុះ​ដែល​ក្រុមការងារ​ដាក់​គ្រឿងចក្រ បាននិងកំពុង​ពង្រឹងពង្រីក​សមត្ថភាព នៅមាន​ប្រវែង ៣.០០០​ម៉ែត្រ បន្ថែម​លើ​ទទឹង​៤​ម៉ែត្រ​គុណ​នឹង​២ និង​ជើងទេរ​៨​ម៉ែត្រ​។ ពោលគឺ​ដើម្បី​ទាញយក​សក្កា​នុព​ល​ស្រោចស្រព​នេះ លើ​វិស័យ​កសិកម្ម ក៏ដូចជា​គាំទ្រ​បន្ថែមទៀត​លើ​គម្រោង​រមណីយដ្ឋាន​ធម្មជាតិ​បៃតង​អាង​ជើងគ្រុះ​។ កន្លងមក អាងទឹក​បូរាណ​មាន​ទំហំ​៤,០០០​ម៉ែត្រ​គុណ គុណ​៦,០០០​ម៉ែត្រ ដែលជា​អាង​បូរាណ និង​ពង្រីក​បន្ថែម​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ​មួយ​នេះ ត្រូវបាន​ស្តារ​និង​ជួសជុល​ឡើងវិញ ដើម្បី​ទាញយក​ទឹក​ស្រោចស្រព​ដោយ​អង្គការ​អី​ខិ​ន​ដិ​ន​កម្ពុជា ក្រោម​មូលនិធិ​ការី​ដូ​រី និង​ស្ថានទូត​ចក្រភព​អង់គ្លេស​។​

​លោក​បន្តថា ក្នុង​តំបន់​អាង​នេះ លោកស្រី ម៉ៅ ម៉ា​ល័យ បាន​គាំទ្រ​និង​ឧបត្ថម្ភ​មូល​នី​ធិ​១០០,០០០.០០​រៀល រៀបចំ​សហគមន៍​ឱ​ឡឹ​កអាង​ជើងគ្រុះ​ផ្ទៃដី​៣០០​ហិកតា ដោយ​អនុវត្ត​ជំហាន​១ ចំនួន​៣៨​ហិកតា​។​

​ចំណែក​លោក​គឹម សុជាតិ អ្នកបច្ចេកទេស​នៃ​ក្រុមហ៊ុន​ផលិត​ពូជស្រូវ និង​ដំណាំ​នៅ​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា ក្នុងនាម​ជា​ដៃគូ​ជាមួយ​ក្រុមការងារ​លោក​ស្រី លោក​បាននិងកំពុង​សាកល្បង​ដាំ​ដុះ​តាម​បច្ចេកទេស​នូវ​ដូងក្រអូប​រាប់រយ​ពាន់​ដើម លើដី​នៅ​មាត់​អាង​ជើងគ្រុះ​នេះ​។​

​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​លោក អ៊ុ រាត្រី បាន​ជំរុញ​ឲ្យ​កម្មវិធី​អភិវឌ្ឍន៍​នៅ​អាង​ជើងគ្រុះ​នេះ ដើម្បី​ការរីកចម្រើន​នៅ​មូលដ្ឋាន ក៏ដូចជា​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​៕