ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ​តាម​បណ្ដា​អគារ​ធំៗ ដើម្បី​បង្ការ​និង​ទប់ស្កាត់​

183
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ការពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ​តាម​បណ្ដា​អគារ​ដែល​ប្រមូល​មនុស្ស​ច្រើន គឺជា​កិច្ច​ការសំខាន់ ពាក់ព័ន្ធ ការងារ​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដែល​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​និង​ម្ចាស់​អគារ​ធំៗ​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​បង្ការ​ទប់ស្កាត់​កុំឱ្យ​កើតមាន​នូវ​គ្រោះមហន្តរាយ​នានា ពិសេស​គ្រោះ​អគ្គិភ័យ​នេះ​តែម្តង​។​

​ដើម្បីឱ្យ​ការងារ​នេះ សម្រេចបាន​នូវ​ភាពជោគជ័យ លោក​មាន ចាន់​យ៉ាង​ដា អភិបាលរង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២ កញ្ញា​២០១៩​នេះ បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ប៉ូលីស​និង​ប៉េអឹម​ខណ្ឌទួលគោក​ចុះ​ពិនិត្យ​ទីតាំង​អគារ ការ​ឈូក​ទិព្វ និង​ឡាក់​គី​ស្តា ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ការពារ​គ្រោះ​អគ្គិភ័យ​តាម​អគារ​នីមួយៗ​។​

​ពាក់ព័ន្ធ​ការងារ​ដ៏​សំខាន់​នេះ​លោក មាន ចាន់​យ៉ាង​ដា អភិបាលរង​រាជធានី​បានបញ្ជាក់​ឱ្យដឹងថា​៖ អនុវត្តតាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឱ្យ​លោក​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ដោយមាន ការចូលរួម​ពី​អាជ្ញាធរ សមត្ថកិច្ច​ប៉ូលីស​និង​ប៉េអឹម​ខណ្ឌទួលគោក​ចុះ​ពិនិត្យ​ទីតាំង​អគារ​ការ​ឈូក​ទិព្វ និង​ឡាក់​គី​ស្តា ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​

​លោក​អភិបាលរង​បន្តថា​៖ អ្វីដែល​ជាការ​ណែនាំ​រប​ស់​ក្រសួងមហាផ្ទៃ គឺ​គ្រប់​អគារ​ធំៗ ដែលមាន​ប្រមូលផ្តុំ​មនុស្ស​ច្រើន ត្រូវ​គិតគូរ ពី​ច្រក​សុវត្ថិភាព សម្រាប់​ភ្ញៀវ​ដែល​ចូលមក​ហូប​ការ​និង​មក​ចូលរួម​ពិធី​ផ្សេងៗ ។ ត្រូវមាន​ប្រព័ន្ធ បង្ការ​អគ្គីភ័យ​នៅ​គ្រប់​អគារ ។ ការបំពាក់​បំពង់​ពន្លត់អគ្គីភ័យ ។ កន្លែង​ខ្លះ​បានតែ​បំពាក់ ប៉ុន្តែ​ប្រើប្រាស់​មិនកើត នៅពេល​មាន​បញ្ហា​កើតឡើង ដែល​ការងារ​នេះ​តម្រូវឱ្យ​ម្ចាស់​អគារ​ត្រូវ​ពង្រឹង​ការពិនិត្យ​ឡើងវិញ ដើម្បី​ធានាថា មាន​បញ្ហា​អាក្រក់​កើតឡើង​យើង​អាច​ទប់ស្កាត់បាន​ទាន់ពេល មិន​បង្កឱ្យមាន​គ្រោះមហន្តរាយ​ធំ​បាន​។​

​ក្នុងឱកាស​នោះដែរ លោក មាន ចាន់​យ៉ា​ដា បានធ្វើការ​អំពាវនាវ​ឱ្យ​ម្ចាស់​អគារ​ធំៗ អគារ​ការ ដែល​ទទួលភ្ញៀវ​ចេញ ចូល​ច្រើនៗ ចូលរួម​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដោយ​សហការ​ឱ្យបាន​ល្អជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​៕ ល​