ពន្ធ​របស់​ត្រាំ​អាច​រុញ​អោយ​ប្រេ​ស៊ីល​ខិត​ទៅ​កាន់តែ​ជិត​ចិន​

438
ចែករម្លែក

ការសំរេចចិត្ត​ភ្លាមៗ​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ដើម្បី​វាយ​ពន្ធ​លើ​ទំនិញ​លោហធាតុ​ប្រេ​ស៊ីល ជាការ​សំពង​មួយ​លើ​បំណង​របស់​ប្រធានាធិបតី ជែ បុល​សូ​ណារ៉ូ ដើម្បី​បង្កើត​​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ឡើង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​អាច​រុញ​ប្រទេស​មាន​សេដ្ឋកិច្ច​លំដាប់​ទី​១​នៅ​អាម៉េរិក​ឡាទីន​នេះ​ខិត​ទៅ​កាន់តែ​ជិត គូសត្រូវ​ពាណិជ្ជ​​កម្ម​កំពូល​របស់​ត្រាំ គឺ​ចិន​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​២​ធ្នូ លោក​ត្រាំ​បាន​និយាយថា លោក​នឹង​យក​ពន្ធ​លើ​ទំនិញ​ដែក​និង​អាលុយមីញ៉ូម ដែល​អាម៉េរិក​នាំចូល​ពីប្រេ​ស៊ីល ឬ​អា​ហ្សង់​ទីន ជាហេតុ​នាំ​អោយ​ប្រទេស​​នៅ​អាម៉េរិក​ឡាទីន​ទាំង​ពីរ​ស្រឡាំងកាំង​និង​ព្យាយាម​សុំ​ការពន្យល់​។​

​លោក​បុល​សូណ​ណារ៉ូ បាន​ដណ្តើមបាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំទៅ នៅពេល​បុរស​ដែល​គេ​ដាក់ឈ្មោះថា​Trump of the Tropics​នេះ​គំរាម​កាត់​បន្ថយអំណាច​កាន់​​តែ​កើន​ឡើង​របស់​ចិន​នៅក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​របស់​លោក​។​

​កាល​ពី​ចូលកាន់​តំណែង​ភ្លាម លោក​បង្កើន​ការទាក់ទង​ជាមួយ​លោក​ត្រាំ តែ​ក៏​ឈប់​រិះគន់​វាយប្រហារ​ចិន ក្នុង​ចំណាត់ការ​ជាក់ស្តែង​ឡើង​ដោយសារ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​​របស់​ប្រេ​ស៊ីល​។​

​តែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ វា​បង្ហាញ​កាន់តែច្បាស់​ថា មាន​យុទ្ធសាស្ត្រ​តែ​១​របស់​លោក​ដែល​ដំណើរការ​។​

​ការប្រកាស​យកពន្ធ​ចុងក្រោយ​របស់​ត្រាំ​បង្ហាញថា កាយវិការ​រាក់ទាក់​របស់លោក បុល​សូ​ណារ៉ូ ត្រូវ​ត្រាំ​ធ្វើ​មិនដឹងមិនឮ​។​ផ្ទុយទៅវិញ ទំនាក់ទំនង​ធ្លាប់តែ​រញ៉ាំរញ៉ូវ​របស់​លោក​ជា​មួយ​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បែរ​ប្រែជា​ស្រទន់​និង​រាក់ទាក់ ហើយ​នាំ​មក​លទ្ធផល​ធំដុំ ដោយ​ចិន​ទិញ​សាច់​ពីប្រេ​ស៊ីល​ក្នុង​បរិមាណ​ច្រើន​មិន​ធ្លាប់មាន ។​

​ពួក​អ្នកវិភាគ​បាន​និយាយថា ការ​ដែល​ត្រាំ​តែងតែ​ព្រងើយកន្តើយ​ដាក់​លោក​បុល​សូ​ណា​រី អាច​រុញ​អោយ​ប្រេ​ស៊ីល​ងាក​ទៅ​ឱបក្រសោប​ចិន​ដែល​មិន​សូរ​រករឿង​ជាង​។​

​នាយក​ក្រុម​ទីប្រឹក្សា​យោបល់​Control Risks​ប្រចាំ​តំបន់​លោក ថូ​ម៉ាស ហ្វា​វ៉ា​រ៉ូ បាន​និយាយថា កិច្ចខិតខំ​របស់​លោក​បុល​សូ​ណារ៉ូ ដើម្បី​ខិត​ទៅជិត​លោក​ត្រាំ​មិន​ទទួ​បាន​ការចាប់​​អារម្មណ៍​រដ្ឋធានី​វ៉ាស៊ីនតោន​ទេ នៅពេល​ចិន​កាន់តែ​បើកចំហ​នៅក្នុង​ការ​ធ្វើការ​ដោយ​យុទ្ធសាស្ត្រ​ជា​មួយ​ប្រេ​ស៊ីល​។​

​លោក​ថា «​វា​កាន់តែ​ច្បាស់​ហើយ​ថា ចិន​បាន​ព្យាយាម​ធ្វើ​ខ្លួនឯង​ជា​សម្ពន្ធមិត្ត​ជាប់លាប់​មួយ​របស់​រដ្ឋាភិបាលប្រេ​ស៊ីល មិន​ថា​មាន​ការខ្វែងគំនិត​គ្នា​ខាង​នយោបាយ​អី​ទេ និង​ខ្ញុំ​​គិត​ថា​សារ​នេះ​ជ្រួតជ្រាប​ច្បាស់​ណាស់​នៅ​ប្រេ​ស៊ីល​»​។​

​លោក​ហ្វា​វ៉ា​រ៉ូ បាន​បន្ថែមថា ចំណាត់ការ​វាយ​ពន្ធ​របស់​ត្រាំ​ដ៏​គួរអោយភ្ញាក់ផ្អើល ដែល​ទំនង​ជា​ការខិតខំ​ទ្រោល​មូលដ្ឋាន​អំណាច​(​កសិករ​អាម៉េរិក​)​របស់​លោក​នៅ​មុន​ការបោះឆ្នោត​​ប្រធានាធិបតី​អាម៉េរិក​នៅ​ឆ្នាំក្រោយ អាច​រុញអោយ​លោក​បុល​សូ​ណារ៉ូ ខិត​កាន់តែ​ជិត​ចិន​។​

​តាមពិត​ស្វាមីភក្តិ​របស់​លោក​បុល​សូ​ណារ៉ូ ចំពោះ​ត្រាំ​និង​អាម៉េរិក​មាន​ខ្លាំង​ជាង ចំពោះ​លោក​ស៊ី ជីន​ពីង និង​ចិន​ឆ្ងាយ តែ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាលប្រា​ស៊ីឡា និង​ប៉េកាំង​​បាន​ប្រែជា​ល្អ​ឡើង​ក្រោយ​លោក​ទៅធ្វើ​ទស្សនកិច្ច​ចិន​កាលពី​ខែតុលា និង​លោក​ស៊ី​ធ្វើ​ទស្សនកិច្ច​ទីក្រុង​ប្រា​ស៊ី​ឡា កាលពី​ខែ​មុន​។​

​អ្នកវិភាគ​បាន​និយាយថា​នៅ​ពេល​ត្រាំ​ទំនងជា​នឹង​ចាញ់ឆ្នោត​ហើយ​ត្រូវ​ជំនួស​ដោយ​បេក្ខជន​ជន​ប្រជាធិបតេយ្យ​ណា​ម្នាក់​ដែល​កាន់តែ​អរិភាព​ជាមួយ​បុល​សូ​ណារ៉ូ លោក​ស៊ី​ទំនងជា​​បន្ត​នៅ​ក្នុង​អំណាច​សំរាប់​អនាគត​ដែល​អាច​ប្រមើល​ទុក​បាន​៕​ប្រែ​សម្រួល​៖​វាសនា​

ភាពល្អូកល្អើនរវាង​ត្រាំ និង​សម​ភាគី ប្រេ​ស៊ីល លោក​បុល​សូណ​ណារ៉ូ​ កាន់តែបាត់បង់ក្រោយមេដឹកនាំអាម៉េរិកប្រកាសយកពន្ធលើទំនិញប្រេស៊ីល