ពពក​រាង​ដូច​ថាសហោះ រសាត់​លើ​ទីក្រុង​មូ​ស្គូ បង្ក​ការផ្អើលឆោឡោ​ស្មានតែ​យាន UFO ចុះមក​ផែនដី​

1083
ចែករម្លែក

​ដុំ​ពពក​រាង​ដូច​ថាសហោះ ដែល​រសាត់​ឆ្លងកាត់​ក្រុង​មូ​ស្គូ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ស្មានតែ​មនុស្ស​ភព​ក្រៅ​បម្រុង​នឹង​ចុះមក​ផែនដី​។ នេះ​បើ​យោងតាម​កាសែត​ដេលី​មែ​ល​ផ្សាយ​កាលពី​សុក្រ ទី​៣ សីហា​។​

​ពពក​នេះ​ត្រូវបាន​ប្រទះឃើញ​ហោះ​ទាប​នៅលើ​មេឃ​នៅលើ​មហាវិថី​អ៊ែន​ដ្រូ​ប៉ូវ នៅ​រដ្ឋធានី​របស់​រុស្ស៊ី ដោយ​អ្នកដើរ​ថ្មើរជើង​ម្នាក់ ដែល​ទាញយក​ទូរស័ព្ទ​ថត​វីដេអូ​។​

​បុរស​នោះ​អាច​ស្តាប់ឮ​កំពុង​និយាយថា “​តើ​នោះ​ជា​អ្វី​? មនុស្ស​ភព​ក្រៅ​? វា​ជា​យាន UFO?” ដែល​ក្រោយមក​គាត់​បាន​បង្ហោះ​វីដេអូ​នោះ​ទៅក្នុង​បណ្តាញ​សង្គម​។​

​វីដេអូ​នេះ​បាន​បង្កឱ្យមាន​ការជជែក​វែកញែក​បែក​ខ្ទិះ​ក្នុងចំណោម​អ្នកទស្សនា​វីដេអូ​។​

​មនុស្ស​មួយចំនួន​ជឿថា​ច្បាស់​ជា​មានរឿង​អ្វីមួយ​ចម្លែក​អំពី​ពពក​នៅថ្ងៃនោះ​ដែល​ហោះ​រសាត់​ទូទាំង​ទីក្រុង​និង​បាន​ប៉ាន់​ស្មានថា ព្រឹត្តិការណ៍​ចម្លែក​បន្ថែមទៀត​នឹង​មកដល់​ឆាប់ៗ​នេះ​។​

​អ្នក​បញ្ចេញ​មតិយោបល់​ម្នាក់​ឈ្មោះ អ៊ី​ល​យ៉ា និយាយថា “​អូ​វ៉ា​វ​! ខ្ញុំ​ក៏បាន​ប្រទះឃើញ​ពពក​ប្លែកៗ​ជាច្រើន​នៅ​កណ្តាល​ក្រុង​នៅថ្ងៃនោះ​ដែរ តែ​ខ្ញុំ​ស្មានថា​ខ្ញុំ​ស្រមៃ​ឃើញ​វា​។ ខ្ញុំ​ឆ្ងល់​ថា​តើ​នឹងមាន​អ្វី​កើតឡើង​បន្ទាប់​ទៀត​ន៎​?!”​។​

​អ្នកផ្សេង​ទៀត​បាន​និយាយ​លេងសើច​ថា ពពក​នេះ​សបញ្ជាក់​ពី​វត្តមាន​សត្វ​ចម្លែក​លើ​ពិភពលោក​។

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ឈ្មោះ​ខេ​ត​បាន​និយាយថា “​ខ្ញុំ​បានឃើញ​រឿង​ដូច​នោះ​នៅលើ​ផ្ទៃមេឃ​ជា​យូរ​មកហើយ ប៉ុន្តែ​លើក​មុន ពួកវា​ហាក់ដូចជា​មិន​ពិសេស​ប៉ុន្មាន​ទេ​។ តើ​ដូច្នេះ​មានន័យថា​មនុស្ស​ភព​ក្រៅ​ពិតជា​មាន​លើ​លោក​នេះ​មែន​ទេ​?”​។​

​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់ទៀត​បានកត់សម្គាល់​ថា “​នេះ​គឺជា​ទីបញ្ចប់​ហើយ​មែន​ទេ​?!”៕ ដោយ៖ កញ្ញាដាលីស

ពពក​រាង​ដូច​ថាសហោះ បាន​រសាត់​ពេញ​ក្រុង​មូ​ស្គូ​កាលពី​សុក្រ