ពពែ ចៀម គោ និង​អូដ្ឋ​រាប់លាន​ក្បាល​ត្រូវបាន​សម្លាប់​នា​ពិធីបុណ្យ Eid al-Adha

415
ចែករម្លែក

​អ៊ិ​ស្លាម​សាសនិក ទូទាំង​ពិភពលោក​កំពុង​ប្រារព្ធ​ពិធីបុណ្យ Eid al-Adha ឬ​ហៅថា បុណ្យ​បូជា​សត្វ (Festival of the Sacrifice) ជា​ថ្ងៃ​ឈប់សម្រាក​ទី​២ ក្នុង​សាសនា អ៊ិ​ស្លាម ដែល​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ទូទាំង​ពិភពលោក ហើយ​វា​បង្ហាញ​ពី​ការ បញ្ចប់​ដំណើរ​ធម្ម​យាត្រា​ប្រចាំឆ្នាំ​ទៅកាន់​ក្រុង​មេក្កា (Mecca) ដែលជា​ទីក្រុង​ពិសិដ្ឋ នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។
​ ​
បុរស ស្ត្រី និង​កុមារ​នាំគ្នា​ថ្វាយបង្គំ​បួងសួង​ដល់​ព្រះ ហើយ​ការបូជា​ជីវិត​សត្វ​ដូចជា​ពពែ អូដ្ឋ គោ និង​ចៀម​ក៏​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​នេះដែរ​។
​ ​
សមាគម​អ្នក​កែច្នៃ​ស្បែក​សត្វ​ប៉ា​គី​ស្ថាន (Pakistan Tanners’ Association) និយាយថា សត្វ​រហូតដល់​ទៅ ១០ លាន​ក្បាល​ដែលមាន​តម្លៃ​សរុប​រហូតដល់​ទៅ ៣​ពាន់​លាន ដុល្លារ​ត្រូវបាន​បូជា​អំឡុង​ពិធី​នេះ​។
​ ​
ការថ្វាយ​បង្គំ​បួងសួង​ធ្វើឡើង​នៅ​ប្រទេស​ភូមា ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ និង​ប្រទេស​អ៊ីរ៉ាក់ ដោយ​គ្មាន​ការ​រឹតបន្តឹង​អ្វី​ឡើយ ខណៈ​ប៉ូលិស​ឥណ្ឌា ឆែកឆេរ​ខ្លួន​អ្នក​ទៅ​គោរពបូជា នៅពេល​ពួកគេ​ចូល​ព្រះវិហារ​ចំពេល​មានការ​រិះគន់​កាន់តែ​ច្រើនឡើង​ចំពោះ​ការគាបសង្កត់​ពួក​មូស្លីម ក្រោម​របប​សង្គមនិយម​កាន់សាសនា​ហិណ្ឌូ របស់​នាយករដ្ឋមន្ត្រី ម៉ូ​ឌី​។
​ ​
មូស្លីម​ខ្លះ​សម្លាប់សត្វ​ដោយ​បែងចែក​សាច់​ជា ៣ ចំណែក គឺ​មួយចំណែក​ទុក​សម្រាប់ គ្រួសារ មួយចំណែក​ទុក​សម្រាប់​ចែក​ញាតិមិត្ត និង​សាច់ញាតិ និង​មួយចំណែក​ទុក សម្រាប់​ចែក​អ្នកក្រ​។
​ ​
​យោងតាម​គម្ពីរ​គូ​រ៉ា​ន ការសម្លាប់​សត្វ​នេះ​គឺ​ដើម្បី​គោរព​ដល់ អ៊ីប្រាហ៊ីម ដែល​ហ៊ាន បូជាជីវិត​កូនប្រុស​តាម​បញ្ជា​របស់​ព្រះ​ជា​ម្ចាស់​។ ទោះជា​យ៉ាងណា ពេល​គាត់​បម្រុង នឹង​សម្លាប់​កូនប្រុស​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ចៀម​មួយ​ក្បាល​ឱ្យ​គាត់​សម្លាប់​ជំនួស​វិញ​៕ ប្រែ​សម្រួលៈ ខុម