ពលករកម្ពុជានិងមីយ៉ាន់ម៉ាខុសច្បាប់​ជាង៥០០ នាក់​ត្រូវបាន​ថៅកែ​បោះបង់ចោល​ក្នុងប្រទេស​ថៃ​

1025
ចែករម្លែក

ពលករ​ចំណាកស្រុក​ខុសច្បាប់​ជាង ៥០០ នាក់ មកពី​កម្ពុជា និង មី​យ៉ាន់​ម៉ា ត្រូវបាន​ថៅកែ​បោះបង់ចោល ឬ ចាក​ចេញពី​ការងារ​ពួកគេ បន្ទាប់ពីថៃ​អនុម័ត​ច្បាប់ការងារដ៏តឹងរឹងមួយ ដែលដាក់​ពិន័យ​ធ្ងន់ធ្ងរ​លើ​ការជួល​ពលករ​បរទេស​គ្មាន​ឯកសារ​។ នេះ​បើតាម​ប្រភព​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

កម្មករ​កម្ពុជា​គ្មាន​ឯកសារ​សរុប ១៤៣ នាក់ ដែល​គេ​រកឃើញ​ក្នុង​ខេត្ត​ជាច្រើន រួមទាំង​ខេត្ត​អយុធ្យា ខេត្ត​សា​រ៉ា​បុរី និង ខេត្ត​ចា​ចឹ​ង​សៅ កាលពី​ថ្ងៃ​សុក្រ​ទី ៣០ មិថុនា ត្រូវបាន​នាំទៅ​ការិយាល័យ​អន្តោប្រវេសន៍​ក្នុង​ខេត្ត​ស្រះកែវ ដែលមាន​ព្រំដែន​ជាប់​កម្ពុជា​។ នេះ​បើតាម​ប្រភព​អាជ្ញាធរ​។​

ពួកគេ​ត្រូវបាន​ចុះបញ្ជី​ដោយ​ប៉ូលិស មុនពេល​បញ្ជូន​ចេញ​តាមរយៈ​ច្រក​ត្រួតពិនិត្យ​អន្តោប្រវេសន៍​ប៉ោយប៉ែត​ក្នុងប្រទេស​កម្ពុជា​។ ពលករ​ទាំងនោះ​ត្រូវបាន​ទុកចោល​តែលតោល នៅពេល​ថៅកែ​ពួកគេ​បដិសេធ​ទទួលយក​ពួកគេ​ត្រឡប់​ទៅធ្វើ​ការ​វិញ​។

ក្នុងស្រុក​មែ​សុ​ត ជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា ពលករ​មី​យ៉ាន់​ម៉ា​ខុសច្បាប់​ជាង ៤០០ នាក់​ត្រូវបាន​រាយការណ៍​ថា ឆ្លង​ព្រំដែន​ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ក្រុមហ៊ុន​ថៃ​ជាច្រើន​សម្រេចចិត្ត​មិន​ជួល​ពួកគេ បន្ទាប់ពី​ការ​អនុ​ម័ត្រ​ក្រឹត្យ​ថ្មី​។

ឈ្មួញកណ្តាល​ដែល​ជួយ​រក​ការងារ​ឱ្យ​ពលករ​ក៏បាន​បញ្ឈប់​សកម្មភាព​ស្វែងរក​ពលករ​ចំណាកស្រុក​ខុសច្បាប់​ដែរ ព្រោះ​បារម្ភ​ថា​ត្រូវគេ​ចាប់ខ្លួន ឬ រង​ការដាក់ទោស​ធ្ងន់ធ្ងរ​។​

​លោក​អនុសេនីយឯក​ប៉ូលិស បិ​ន​ចា​ពុល រ៉ូ​ដ​សាវ៉ា​ត់ ស្នងការ​ប៉ូលិសអន្តោប្រវេសន៍​ខេត្ត​ស្រះកែវ និយាយថា ការដាក់ទោស​ធ្ងន់ធ្ងរ​ក្រោម​សារាចរ​ស្តីពី​ការជ្រើសរើស​ជនបរទេស ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី ២៣ មិថុនា បាន​ញ៉ាំងឱ្យមាន​ការព្រួយបារម្ភ​ក្នុងចំណោម​ពលករ​កម្ពុជា​ខុសច្បាប់ ដែល​ធ្វើការ​នៅ​ខេត្ត​ជាច្រើន​។​

​យោងតាម​សារាចរ គោលបំណង​នៃ​សារាចរ​នេះ​គឺ​ដើម្បី​លើកកម្ពស់​ស្តង់ដារ​ជ្រើសរើស និង ការគ្រប់គ្រង​ពលករ និង​ដើម្បី​បញ្ចៀស​ការចោទប្រកាន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​អំពី​ការរំលោភបំពាន និង​ការជួញដូរ​មនុស្ស​។

ច្បាប់​ថ្មី​នេះ​ដាក់ទោស​ធ្ងន់ធ្ងរ​ទាំង​ចំពោះ​ការប្រព្រឹត្តិ​ខុស​ក្នុង​បទល្មើស​រដ្ឋប្បវេណី និង ព្រហ្មទណ្ឌ ដែល​ពាក់ព័ន្ធ​នឹង​ការជួល​ពលករ​ចំណាកស្រុក​ខុសច្បាប់ ជាមួយ​ការផាកពិន័យ​គឺ​ចាប់ពី ៤០០.០០០ ទៅ ៨០០.០០០ បាត​។

​លោក​អនុសេនីយឯក​ប៉ូលិស បិ​ន​ចា​ពុល រ៉ូ​ដ​សាវ៉ា​ត់ និយាយថា ពលករ​ចំណាកស្រុក​ជាច្រើន​បានប្រគល់​ខ្លួន​ឱ្យ​មន្ត្រី​អន្តោប្រវេសន៍​ខេត្ត​ដើម្បី​អនុញ្ញាតឱ្យ​ពួកគេ​វិលត្រឡប់​ទៅ​ស្រុក​វិញ​។

លោក​និយាយថា មន្ត្រី​បាន​សន្តោស​ប្រណី​ដល់​ពលករ​ដែល​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស ដោយ​មិន​ចោទ​ប្រកាន់ទោស​ប្រឆាំង​ពួកគេ​ទេ​។

​ប៉ុន្តែ​លោក​អនុសេនីយឯក​និយាយថា អ្នក​ដែល​ត្រូវបាន​រកឃើញ​និង​ចាប់ខ្លួន​ដោយ​ក្រុមមន្ត្រី នឹងរង​ការដាក់ទោសទណ្ឌ​ក្រោម​ក្រឹត្យ​ថ្មី​។

លោក​និយាយថា ពលករ​គ្មាន​ឯកសារ​ជាច្រើន​នាក់​ទៀត​រំពឹង​ចូលខ្លួន​មក​អាជ្ញាធរ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

លោក​និយាយទៀតថា ក្រៅពី​រុញច្រាន​ពលករ​ចំណាកស្រុក​ខុសច្បាប់​ឱ្យ​ចេញពី​ប្រទេស មន្ត្រី​អន្តោប្រវេសន៍​ក៏​នឹង​បង្កើន​យុទ្ធនាការ​ទំនាក់ទំនង​សាធារណៈ​ផងដែរ​អំពី​ក្រឹត្យ​ថ្មី​នេះ​។​

លោក​បាន​កត់សម្គាល់ថា រាល់​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​ចង់​វិល​ត្រឡប់មក​ថៃ​វិញ ត្រូវ​ឆ្លងកាត់​ដំណើរការ​ជ្រើសរើស​ស្របច្បាប់​៕ ដោយ ៖កញ្ញាដាលីស

ពលករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ជាង ៥០០ នាក់​ត្រូវ​ថៅកែ​បោះបង់ចោល​នៅ​ថៃ