ពលករ​ខ្មែរ​ទៅ​ព្រឹក​វិល​ល្ងាច​ធ្វើការ​ស៊ីឈ្នួល​នៅ​ថៃ ប្រទូស្ត​រាយ​នឹង​ទាហាន​សឹក​រង​ខេត្តបន្ទាយមានជ័យ រឿង​បិទ​ច្រក​

664

បន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ចេញ​-​ចូលធ្វើការ​ស៊ីឈ្នួល នៅ​ប្រទេស​ថៃ ក្នុង​រូបភាព​ទៅ​ព្រឹក​-​វិល​ល្ងាច​ជាង​៦០០​នាក់ បានកើត​ប្រទូស្ត​រាយ ខឹងសម្បារ​តវ៉ា​នឹង​កម្លាំងយោធា​ផ្នែក​សឹក​រង ស្រុក​ម៉ាឡៃ និង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ ករណី​បិទ​ច្រករបៀង​បឹងបេង នៅ​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​។​

​ប្រភពព័ត៌មាន​ពី​ព្រំដែន​កម្ពុជា​-​ថៃ នា​ស្រុក​ម៉ាឡៃ​ប្រាប់​រស្មី​កម្ពុជា ថ្ងៃទី​៣​ខែកក្កដា ថា ជម្លោះ​កាលពី​ថ្ងៃទី​២​កក្កដា​កន្លងមក​នោះ រហូតដល់​ប្រវាយប្រតប់​គ្នា រវាង​ពល​យោធា និង​ពលរដ្ឋ​នោះ ដោយ​ទាហាន​ខាង​បិទ​ច្រករបៀង ដែល​តែង​បើក​ជាប្រចាំ​សោះ​នោះ​ត្រូវ​បិទ​មិន​ឲ្យ​មានការ​ឆ្លងដែន ដើម្បី​ទប់ស្កាត់​ពលករ​ចំណាក់ស្រុក​ខុសច្បាប់ ខណៈដែល​សមត្ថកិច្ច​ថៃ កំពុង​អនុវត្ត​ច្បាប់​ចាប់​កម្មករ​ខុសច្បាប់​។​

​ប៉ុន្តែ​លោក​មេបញ្ជាការ​កងអនុសេនាធំ​ទី​១ ផ្នែក​សឹក​រង​ម៉ាឡៃ បាន​ឲ្យ​សារព័ត៌មាន​ដឹងថា ការបិទ​ច្រករបៀង​បឹងបេង​នោះ ជាការ​អនុវត្តន៍​តាម​ផែនការ​ណែនាំ របស់​ឧ​ត្ត​ម​សេនីយ៍ ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ និង​គណៈ​បញ្ជ​ការ​កងឯកភាព​រដ្ឋបាល​ខេត្ត និង​ស្រុក ដើម្បី​ទប់ស្កាត់​បង្ក្រាប​ពលករ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​។​

​លោក​បន្តថា សកម្មភាព​ទប់ស្កាត់ បង្ក្រាប​នោះ គឺ​ធ្វើ​ទូទៅ​ទាំង​លើ​ពលករ​ខ្មែរ​ឆ្លង​ដែ​ន​ទៅ​ថៃ ក្នុង​រូបភាព​ទៅ​ព្រឹក​វិល​ល្ងាច និង​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ទៅ​ស្នាក់ នៅ​យូរ​ក្នុងប្រទេស​ថៃ​។ ពោលគឺ​ឲ្យ​តែ​ពលករ​ឆ្លងដែន​ខុសច្បាប់​ត្រូវតែ​ចាត់ការ​។ ហេតុដូច្នេះ​បានជា​ត្រូវ​បិទ​ច្រករបៀង នៃ​ព្រំដែន​នេះ​។ គឺ​ធ្វើ​ពី​ចាប់តាំងពី​ថ្ងៃទី​២៩​មិថុនា​។ ការទប់ស្កាត់​នេះ គឺ​ដើម្បី​បង្ការ​បញ្ហា​ផ្សេងៗ ដែល​អាច​កើតឡើង​ទៅលើ​ពួកគាត់ ខណៈដែល​បច្ចុប្បន្ន​ខាង​សមត្ថកិច្ច និង​អាជ្ញាធរ​ថៃ​កំពុង​រឹតបន្តឹង​ច្បាប់​ទៅលើ​ពលករ​ខ្មែរ ដែល​ទៅធ្វើ​ការខុសច្បាប់​ក្នុង​ទឹកដី​ថៃ លើ​គោល​ការ​ប្រាំបី​ចំណុច​នោះ​។ ចំពោះ​ការផ្ទុះ​ការតវ៉ា​នោះ មកពី​ក្នុងចំណោម​អ្នក​តវ៉ា មកពី​មាន​អ្នកខ្លះ ស្រវឹងស្រា​និយាយ​គ្នា​ស្តាប់​មិនបាន ហើយ​កម្លាំង​ក៏​តែងតែ​សម្រួល និង​ការពារ​សន្តិសុខ​ពលករ​ខ្មែរ​ចំនួន​ក្នុង​១​ថ្ងៃៗ ដែល​ពួកគាត់​ចេញចូល​តាម​ច្រក​នេះ​។​

​ឯ​មេ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​បឹងបេង បាន​ឲ្យ​ដឹងថា ចំពោះ​ការបិទ​ច្រករបៀង​នោះ ទាហាន​គ្មាន​មូលហេតុ និង​មិនបាន​ជូនដំណឹង​មក​ខាង​ប៉ូលិស​ឡើយ ហើយក៏​មិនបាន​ប្រកាសប្រាប់​ពលរ​ដ្ឋ ពលករ​មុន​ដែរ គឺ​សម្រេច​តែ​ខាង​ភាគី​សឹក​រង​សម្រេច​តែ​ខ្លួនឯង​។

សូមបញ្ជាក់ថា​ដើម្បី​បញ្ចៀស​កុំអោយ​កើតមាន​បញ្ហា​ចាប់បញ្ជូន​និង​រត់គេច​ពី​ការចាប់ខ្លួន​ពល​ករ​ខុសច្បាប់ខ្មែរ​រាប់ម៉ឺន​នាក់​ដូច​សព្វថ្ងៃ​សម្តេច​ក្រឡាហោម ស ខេង​បានចេញ​បញ្ជា​ឲ្យ​បិទ​ច្រករបៀង​ខុសច្បាប់​ទាំង​៤៣​កន្លែង​ក្នុង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ខុសច្បាប់​៕ ​ដោយ ៖ភ្នំ​ស្វាយ​

ពលករ​ខ្មែរ​ទៅ​ព្រឹក​វិល​ល្ងាច​ធ្វើការ​ស៊ីឈ្នួល​នៅ​ថៃ ប្រទូស្ត​រាយ​នឹង​ទា​ហ៊ាន​សឹក​រង​ខេត្តបន្ទាយមានជ័យ រឿង​បិទ​ច្រក (​រូប​: ភ្នំ​ស្វាយ​)​