ពលករ​ខ្មែរ​ធ្វើការ​ស្របច្បាប់​នៅ​កូរ៉េ ផ្ញើ​លុយ​មក​ស្រុកកំណើត​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​

650

(​ភ្នំពេញ​)៖ ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការងារ​ស្របច្បាប់​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្ញើ​ប្រាក់​របស់ខ្លួន​ស្ទើរ​គ្រប់គ្នា មក​ស្រុកកំណើត​ហើយ​ចំនួន​​ទឹកប្រាក់​ដែល​ត្រូវ​ផ្ញើមក​ស្រុកកំណើត​គិត​សរុប​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​នេះ​ជាការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​បានឱ្យដឹង​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ​ឆ្នាំ​២០១៧​។​

លោក​ឡុង ឌី​ម៉​ង់​និងរដ្ឋមន្រ្តីការងារចុះជួបសំណេះសំណាលជាមួយពលករកម្ពុជានៅកូរ៉េ
​ ​

​លោក​ឡុង ឌី​ម៉​ង់​បាន​ប្រាប់​រស្មី​កម្ពុជា​ថា ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការងារ​ស្របច្បាប់​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ប្រមាណ​ជាង​ប្រាំ​ម៉ឺន​នាក់ និង​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការមិន​ស្របច្បាប់​មាន​ប្រមាណ​៥​ភាគរយ​។​ចំនួន​ពលករ​ខ្មែរ​មិន​ស្របច្បាប់​នេះ​បាន​នឹង​កំពុង​ថយចុះ​ជា​បន្តបន្ទាប់​ផងដែរ ។​

​លោក​បន្តថា ទាំង​ពលករ​ខ្មែរ​ស្របច្បាប់​និង​មិន​ស្របច្បាប់ ពួកគាត់​បាន​ប្រាក់ខែ​យ៉ាងតិច​១.២០០​ដុល្លារ​ក្នុង​មួយខែ​ហើយ​ពួកគាត់​តែង​​តែ​ផ្ញើ​ប្រាក់​ទាំងនេះ​មក​ស្រុកកំណើត​វិញ ក្នុង​ម្នាក់ៗ​មិនតិចជាង​៨០០​ទៅ​១០០០​ដុល្លារ​ឡើយ​។​បើ​គិត​តាម​តួលេខ​នេះ​ចំនួន​ទឹកប្រាក់​​ដែល​ពលករ​ខ្មែរ​ត្រូវ​ផ្ញើមក​ស្រុកកំណើត មាន​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
​ ​
​គួរ​កត់សំគាល់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទាំង​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​និង​ពលករ​ខ្មែរ​ដែល​​បំរើ​ការងារ​ទីនោះ​ហាក់​មានការ​រាក់ទាក់​ស្និទ្ធស្នាល​ជាមួយគ្នា​យ៉ាងខ្លាំង​តាមរយៈ​ការយកចិត្តទុកដាក់​ពី​លោក ឡុង ឌី​ម៉​ង់​ដូច​ជាការ​​ដោះស្រាយ​បញ្ហា​ផ្សេង​ជូន​ពលករ​ពេលដែល​ពួកគាត់​ជួប​បញ្ហា​,​ការបង្កើតឱ្យមាន​ការ​ពិនិត្យ​សុខភាព​ពលករ​, ការចុះ​សួរសុខទុក្ខ​, ការជួប​ជុំគ្នា​ហូបបាយ​សាមគ្គី រួមទាំង​ការ​ប្រារព្ធ​ពិធី​ជា​ប្រពៃណីជាតិ​ជាដើម ៕​ដោយៈ​រ៉ា​ម៉ន​/sn