ពលក​រកម្ពុជាបាន​ផ្ញើលុយមកស្រុកជិត​២​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​,រាជរដ្ឋាភិបាល​អនុញ្ញាត​ក្រុមហ៊ុន៦ជ្រើសរើស​ពលការ​នី​ជំនួយការ​ផ្ទះ​ទៅធ្វើ​ការ​នៅ​​ហុងកុង

1594
ចែករម្លែក

(ភ្នំពេញ​)៖ បន្ទាប់ពី​ទទួលបាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​អាចដាក់​ពាក្យស្នើសុំ​ទៅធ្វើ​ការ​នៅ​ហុងកុង ក្រុមហ៊ុន​ឯកជន​មួយ​លើកឡើងថា ពលករ​ដែលមាន​បំណង និង​កំពុង​ត្រៀម​ចេញទៅបម្រើ​ការងារ​នៅ​ទីនោះ ​ត្រូវ​ទទួល​វគ្គ​បណ្តុះបណ្តាល​ជំនាញ​យ៉ាងតិច​៦០០​ម៉ោង មុននឹង​ចាកចេញ ដើម្បី​ឲ្យ​យល់ដឹង​បន្ថែម​អំពី​ទម្លាប់​ការរស់នៅ វប្បធម៌​ប្រពៃណី និង​ភាសា​ជាដើម​។​

​លោកស្រី អ៊ឹង ស៊ា​ង​រិទ្ធី នាយិកា​ក្រុមហ៊ុន អ៊ឹង​រិទ្ធី គ្រុប បាន​ឲ្យ​ដឹង​ដូច្នេះ នៅក្រោយ​សិក្ខាសាលាស្តីពី​ការផ្សព្វផ្សាយ​និង​នីតិវិធី​នៃ​ការជ្រើសរើស​បណ្តុះបណ្តាល​បញ្ជូន និងគ្រប់គ្រង​ពល​ការិនី​ជំនួយការ មេផ្ទះ​ទៅធ្វើ​ការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ នៅ​រាជធានី​ភ្នំពេញ​។ លោកស្រី​ឲ្យ​ដឹង​ទៀតថា ការបណ្តុះបណ្តាល បញ្ជូននិង​គ្រប់គ្រង​ពល​ការិនី​ជំនួយ ការ​មេផ្ទះខាងលើនេះ មានដូចជា​៖ បណ្តុះបណ្តាល​ជំនាញ​ការងារ​ផ្ទះ​, ភាសា​, ការដាំ​ស្ល​, ការងារ​ថែទាំ មនុស្ស​ចាស់​និង​កូនក្មេង​, សីលធម៌​និង​ការរស់នៅ​, ការហាត់​ប្រាណ​ប្រចាំថ្ងៃ និង​ច្បាប់​ប្រទេស​ទទួល និងសិទ្ធិ​ជា​មូលដ្ឋាន​។​

​លោកស្រី​នាយិកា​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​សិទ្ធិ​ពី​ហុងកុង​រួចមក ក្រុមហ៊ុន​លោកស្រី​ទទួលបាន ការចាប់អារម្មណ៍និង​ចុះឈ្មោះ​ពី​ពលករ​ខ្មែរ​ប្រមាណ​ជាង​១០​នាក់​។ ដោយឡែក ចំពោះ​ពេលវេលា​ដែល គ្រោង​បញ្ជូន​ពលករ​ចេញទៅ លោកស្រី​បញ្ជាក់​បន្ថែមថា​នឹង​បញ្ជូនទៅ​ពេល​ឆាប់ៗ​ខាងមុខ​នៅក្រោយ ក្រុមហ៊ុន​រៀបចំ​បែបបទ​ឯកសារ​ក្នុងការ​បញ្ជូន​។​

​តាម​ប្រសាសន៍​របស់លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើង បច្ចុប្បន្នប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​ចំនួន​៥​ប្រទេស រួមមាន​៖ ប្រទេស​ម៉ាឡេស៊ី ថៃ កូរ៉េ ជប៉ុន និង​សឹង្ហ​បុរី ដែលមាន​ពលករ​សរុប​ចំនួន​១​លាន ១៥​ម៉ឺន​នាក់ ហើយ​កន្លងមក​ពលក​រទាំង​នោះបាន​ផ្ញើថវិកា​មក​កម្ពុជា​ដើម្បី​ទ្រទ្រង់​ជីវភាព​ក្រុមគ្រួសារ​របស់​ពួកគាត់ ប្រមាណ​ជិត​២​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ នៅពេល​បញ្ចប់​កិច្ចសន្យាការងារ និង​វិល​ត្រឡប់មក​កម្ពុជា វិញ ពួកគាត់​នឹង​ក្លាយជាធនធានមនុស្ស​ដ៏​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ន៍សេដ្ឋកិច្ចជាតិ ពីព្រោះ​តាមរយៈ​ការ ធ្វើការ​ងារ​នៅ​បរទេស​មិន​ត្រឹមតែ​អាច​រកប្រាក់​ចំណូល​បាន​បន្ថែម​ទេ ប៉ុន្តែ​ព្រមទាំង​ទទួលបាន​នូវ​ជំនាញ បទពិសោធន៍ និង​ចំណេះដឹង​ផ្នែក​ភាសា​ទៀតផង​។​

​គួររម្លឹកថា​កាលពី​ថ្ងៃទី​២៧ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ តំបន់​រដ្ឋបាល​ពិសេស ហុងកុង​បានអនុញ្ញាត​ជា​ផ្លូវ​ការសម្រួល​នូវ​បែបបទ​ឯកសារ​ស្នើសុំ​ទិដ្ឋាការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយបន្ទាប់មក​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៧ បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​អាចដាក់​ពាក្យស្នើសុំ​ទៅ ធ្វើការ​នៅ​ហុងកុង​បាន​ស្របតាម​គោលនយោបាយ​មុខរបរ​និង​ការងារ​ទូទៅ និង​របប​ការងារ​បន្ថែម​របស់ ទីក្រុង​ហុងកុង​។

ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ជ្រើសរើស​កម្ពុជាចំនួន​៦ ធ្វើការជ្រើសរើសបញ្ជូន​ពលការ​នី​ជំនួយការ​ផ្ទះ​ទៅធ្វើ​ការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។ក្រុមហុនទាំងនោះរួមមាន៖ ក្រុមហ៊ុន​ថប មេន​ផៅ​វ័រ (Top Manpower Co., Ltd) , ក្រុមហ៊ុន​អា​នី​រីតា បេស មែន​ផៅ​វ័រ (Anny Rita Best Manpower Co., Ltd), ក្រុមហ៊ុន​អ៊ឹង រិទ្ធី គ្រុប (Ung Rithy Group Co., Ltd), ក្រុមហ៊ុន​អេ​លី​ត មេន​ផៅ​វ័រ អេ​ជេន​ស៊ី (Elite Manpower Agency Co., Ltd), ក្រុមហ៊ុន​វីន វីន មេន​ផៅ​វ័រ (Win Win Manpower Service Co., Ltd) និង ក្រុមហ៊ុន​សុខលាភ មេត្រី (Sok Leap Metrey Co., Ltd)​៕​ដោយ​៖ ពៅ និមល​/sn