ពលរដ្ឋមួយគ្រួសារនៅភូមិជើង​ឯក យល់ព្រមឲ្យអាជ្ញាធរសង្កាត់​ជើងឯក រុះរើផ្ទះដើម្បីស្ថាបនា​ប្រព័ន្ធលូបង្ហូរទឹក

63
ចែករម្លែក

ដោយៈចាន់តូៈភ្នំពេញ ៖ ពលរដ្ឋមួយគ្រួសាររស់នៅរស់ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានយល់ព្រម​សហការជាមួយអាជ្ញាធរសង្កាត់ជើងឯក រុះរើលំនៅដ្ឋានរបស់​ពួកគាត់ ដើម្បីស្ថាបនាប្រព័ន្ធលូបង្ហូរទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋ​ទូទៅប្រើប្រាស់ ។

លោក លាស់ សុខលឹម ចៅសង្កាត់រងទី១ សង្កាត់ជើងឯក ថ្លែងប្រាប់ឲ្យដឹងថា ម្ចាស់លំនៅដ្ឋាននោះមានឈ្មោះ សេង ផេង ( ប្តី ) និង ប្រពន្ធឈ្មោះ នាង អ៊ីលាងភី បានយល់ព្រមឲ្យអាជ្ញាធរសង្កាត់ជើងឯក រុះរើផ្ទះដែលមានទំហំ ៧,៥០ ម៉ែត្រ គុណនឹង ៦ម៉ែត្រ ដោយសារផ្ទះនោះសាង់សង់នៅលើចំណីផ្លូវសាធារណៈ​ប្រមាណ ៦០ភាគរយ ។កាលពីសាងសង់លំនៅដ្ឋានថ្មីៗនោះ អាជ្ញធរសង្កាត់ជើងឯក ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ ក៏បានណែនាំ និង ហាមឃាត់មិនឲ្យមានការសាងសង់ផងដែរ ប៉ុន្តែម្ចាស់នៅតែលួចសាងសង់​រហូតបានរួចរាល់ជាស្ថាពរ រយៈពេលប្រហែលជាង៤ឆ្នាំមកហើយ។ រហូតមកដល់បច្ចុប្បន្ននេះមានការស្ថាបនាប្រព័ន្ធលូបង្ហូរទឹកសម្រាប់ពលរដ្ឋក្នុងភូមិប្រើប្រាស់ ទើបម្ចាស់លំនៅដ្ឋាននោះយល់ព្រមឲ្យអាជ្ញាធររុះរើផ្ទះរបស់ពួកគាត់ ។ ដោយឡែកដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ទំហំ ១៩ម៉ែត្រក្រឡា គឺរក្សានៅដដែល ។ ហើយប្រសិនជាម្ចាស់ដីចង់សាងសង់អ្វីបន្តទៀត ទាល់តែមានការឯកភាពពីអាជ្ញាធរសង្កាត់ ខណ្ឌ ទើបអាចសាង់សង់បាន ។

លោក លាស់ សុខលឹម ប្រាប់បន្តឲ្យដឹងថា ដោយពិនិត្យ ឃើញអំពីតម្រូវការ​របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន អាជ្ញាធរសង្កាត់ជើងឯក បានស្នើទៅអាជ្ញាធរខណ្ឌដង្កោ ក៏ដូចជា សាលារាជធានីភ្នំពេញ ក្នុងការស្ថាបនាប្រព័ន្ធលូបង្ហូរទឹក នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ដើម្បីជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ។

ប្រព័ន្ធលូបង្ហូរទឹកដែលកំពុងស្ថាបនានាពេលនេះ គឺដាក់សងខាងផ្លូវតែម្តង មានប្រវែងសរុប ១៨៨០ម៉ែត្រ មុខកាត់ទំហំ ១ម៉ែត្រ ចាប់ផ្តើមស្ថាបនា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយបើគិតរហូតមក ដល់ពេលនេះសម្រេចបាន ៩៥ភាគរយ អាចនឹងរួចរាល់នាពេលឆាប់ៗ​ខាងមុខនេះ ។ នេះគឺជាគម្រោងអភិវឌ្ឍន៍ ស្ថាបនារបស់សាលារាជធានីភ្នំពេញ ។

ជាមួយគ្នានេះប្រជាពលរដ្ឋរស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ បានសំដែងការត្រេកអរ និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរសង្កាត់ជើងឯក ដែលបានអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានការរីកចំរើន ទាំងបញ្ហាផ្លូវ និងប្រព័ន្ធលូបង្ហូរទឹកជាដើម ដើម្បីបំរើផលប្រយោជន៍ជូនពួកគាត់ ។

ទោះបីយ៉ាងណាក្តីលោក លាស់ សុខលឹម ចៅសង្កាត់រងទី១ សង្កាត់ជើងឯក ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយផ្លូវបេតុងមួយខ្សែនេះ សូមរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលពាសវាលពាសកាល ជាពិសេសកុំបេាះសំរាម​នៅលើគម្របលូ ឬ ក្នុងលូ ដែលអាចនាំឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹក ៕/Ha