ពលរដ្ឋ​រាយការណ៍​ថា វៀតណាម​សំងំ​អារឈើ​នៅ​ឃ្លាំង​ជញ្ជាំង​ខៀវ តែ​អធិការ​ស្រុក​កោះ​ញែក​បដិសេធ​

1104
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ពលរដ្ឋ​នៅ​ស្រុក​កោះ​ញែក​បាន​ផ្ញើរ​រូបថត​មកជា​ច្រើន​សន្លឹក កាលពី​ថ្ងៃទី​២​និង​ទី​៣​ខែសីហា ស្តីអំពី​សកម្មភាព នៃ​ជនជាតិ​វៀតណាម​ជាង​១០​នាក់ ឃ្លាំង​ជញ្ជាំង​ខៀវ ក្បែរ​បន្ទាយ​ប៉េអឹម​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​សកម្មភាព​នៃ​ជនបរទេស​ទាំងនោះ ត្រូវបាន​ប្រភព​បង្ហើប​ថា ដឹកនាំ​ដោយ​មេការ​ជនជាតិ​វៀតណាម​បស់​ឧកញ៉ា តុ​ប វី​ដា និង​ក្រុម​ជាង​ប្រមាណ​ជាង​១០​នាក់​ទៀត ហើយ​គេ​សង្ស័យ​ផងដែរ​ថា ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​។​

​ទាក់ទិន​នឹង​ករណី​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​៤​សីហា​នេះ លោក ខ្លូត សុ​ឃា អធិការនគរបាល​ស្រុក​កោះ​ញែក បាន​បដិសេធថា នៅ​ទីតាំង​នោះ ពុំមាន​ជនជាតិ​វៀតណាម​សំងំ​អារឈើ​នោះទេ ព្រោះ​គ្មាន​ឈើ​សម្រាប់​អារ​។ តែ​យ៉ាងណា លោក​ទទួលស្គាល់ថា ពិតជា​មាន​មេការ​របស់​ឧកញ៉ា វី​ដា រស់នៅក្នុង​ឃ្លាំង​ពិតមែន​។​

​ប្រភពពី​ស្រុក​កោះ​ញែក​បាន​ទម្លាយ​ថា ឧកញ៉ា​វី​ដា​នេះ បាន​កំពុង​រៀបចំ​បង្កើត​ការនាំចេញ​ឈើ​ទៀតហើយ​។ ដោយ​ប្រភព​ខ្លះ​ប្រាប់ថា ឈើ​ដែល​អារ​នោះ សម្រាប់​ការផ្គត់ផ្គង់​ធ្វើ​មន្ទីរ​បក្ស​ស្រុក​។ ប្រភព​ខ្លះទៀត ថា ដាក់​ឡាន​យី​ឌុប​ដឹក​ទៅ​លក់​ខាងក្រៅ​។​

​ទាក់ទិន​ទៅនឹង​ការយក​ឈើ​មក​ផ្គត់​ផ្ក​ង់​ការសាងសង់​បក្ស លោក​អភិបាលស្រុក​កោះ​ញែក ស៊ិន វណ្ណ​វុ​ឌ្ឍ ទទួលស្គាល់ថា ពិតជា​យកមក​សង់​មែន តែ​មិន​ទាំងស្រុង​នោះទេ គឺមាន​ការទិញ​ពី​ក្រៅ​បន្ថែម​។ លោក​ថា​
​ឈើ​ធ្វើ​ស្នាក់ការ​បក្ស ទិញ​ខ្លះ ឧបត្ថម្ភ​ខ្លះ បើ​ជ្រៀក​ក្នុង​ក្រុមហ៊ុន ជាការ​ងារ​របស់​ក្រុមហ៊ុន បើ​ដឹក​ចេញ​ត្រូវមាន​អាជ្ញាប័ណ្ណ​តាមផ្លូវ​ច្បាប់​។ មិនអាច​ដឹក​ចេញ​ដោយ​ជ្រក​ក្រោមលេស​ថា ជួយ​បក្ស​ទេ​។ ច្បាប់​គឺ​ច្បាប់​។ ប្រហែល​ជ្រៀក​ឈើ​នៅសល់ រង់ចាំ​ហែក​អាជ្ញាប័ណ្ណ​ក៏​មិនដឹង បើ​ចង់ដឹង​ច្បាស់​គួរ​ទំនាក់ទំនង​ក្រុមហ៊ុន​ផ្ទាល់​។ លោក​បញ្ជាក់ថា ឈើ​គេ​ឲ្យ​មិនទាន់​វាស់វែង​ផង​។​

​ចំណែក​លោក គង់ វិ​រៈ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក បញ្ជាក់ថា តាម​ដឹក​ឃ្លាំង​ជញ្ជាំង​ខៀវ ជួយ​ធ្វើ​ស្នាក់ការ​បក្ស​ចំនួន​៤០​ម៉ែត្រគូប​។​

​សេចក្តីរាយការណ៍​ចុងក្រោយ​ពី​ស្រុក​កោះ​ញែក​ថា ស្នាក់​ការដែល​សាងសង់​នោះ ជិត​រួចរាល់​ចំនួន​៨០​ភាគរយ​ទៅហើយ តែ​សកម្មភាព​អារ​ជ្រៀក​របស់​ជនជាតិ​វៀតណាម​នៅ​ឃ្លាំង​ជញ្ជាំង​ខៀវ នៅតែ​បន្ត​យ៉ាង​មមាញឹក​តែម្តង​។​

​រហូតមកដល់​ថ្ងៃទី​០៤​សីហា​នេះ រស្មី​កម្ពុជា​មិនអាច​ស្វែងរក​ការអត្ថាធិប្បាយ​ពី​លោក​ឧកញ៉ា​តុ​ប វី​ដា បាន​នៅឡើយ​៕ ល​