ពលរដ្ឋ១១៥គ្រួសារ នៅភូមិចំលងគោ នឹងទទួលបានភ្លើងអគ្គិសនីប្រើប្រាស់នៅខែក្រោយនេះ

135
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ប្រជាពលរដ្ឋចំនួន១១៥គ្រួសារ រស់នៅភូមិចំលងគោ ឃុំថ្មស នឹងទទួលបានភ្លើងអគ្គិសនីប្រើប្រាស់តាមការចង់បានរបស់ខ្លួននៅខែធ្នូ ខាងមុខនេះហើយ ក្រោយពីមានការស្នើយ៉ាងទទូចដល់អាជ្ញាធរ និងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីអោយពន្លឿនការតភ្ជាប់បណ្តាញអោយបានឆាប់រហ័ស ខណៈមានតម្រូវការចង់បានដូចភូមិដ៏ទៃទៀតដែរ។

លោក ក្រូច បូរីសីហា អភិបាលរងស្រុកបូទុមសាគរ បានឱ្យរស្មីកម្ពុជាដឹងកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ២០១៩ថា យ៉ាងយូរ១ខែទៀត ប្រជាពលរដ្ឋភូមិចំលងគោ១១៥គ្រួសារ នឹងមានភ្លើងអគ្គិសនីប្រើប្រាស់តម្រូវការចង់បានហើយ ដោយរូបលោក កោះហៅមេភូមិ មេឃុំ មន្រ្តីការិយាល័យអន្តរវិស័យ ពិសេសម្ចាស់អាជីវកម្មអគ្គិសនី មកពិភាក្សារួមគ្នារកដំណោះស្រាយផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋ។ បន្ទាប់ពីប្រជាពលរដ្ឋធ្លាប់ស្នើសុំអោយពន្លឿនការតបណ្តាញបង្គោលភ្លើងចូលភូមិឋានពួកគេ ខណៈរង់ចាំយូរខែពេក។

លោកអភិបាលរងស្រុកបូទុមសាគរដដែល បញ្ជាក់ទៀតថា មូលហេតុដែលអាជីវករផ្គត់ផ្គង់អគ្គិសនីយឺតយ៉ាវចំពោះការងារតភ្ជាប់រាយបណ្តាញភ្លើងអគ្គិសនី ក៏ព្រោះតែកន្លងទៅ មានភ្លៀងធ្លាក់ខ្លាំងពេកបង្កអោយលំបាកក្នុងការងារមួយនេះ បែបនេះក្តីចាប់ពីនេះទៅ អាជីវករនឹងខិតខំតម្លើងបង្គោល ខ្សែភ្លើង ទៅតាមការកំណត់របស់ខ្លួន។ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅឆ្ងាយពីសាលាឃុំថ្មស ចម្ងាយ២០គីឡូម៉ែត្រ យោគយល់ពីភាពកង្វះខាត ដោយរាជរដ្ឋាភិបាល និងអាជ្ញាធរមិនពុំបានពង្រើយកន្តើយនឹងអ្វីដែលជាសេចក្តីត្រូវការចង់បានរបស់ប្រជាពលរដ្ឋឡើយ។

លោក ស៊ុន គេន តំណាងក្រុមហ៊ុន ហេង ហ្វេមីលី អេឡិកទ្រីស៊ីធី លើកឡើងដែរថា សព្វថ្ងៃនេះ បណ្តាញបង្គោលភ្លើងមេបានតម្លើងរួចរាល់ហើយ អ្វីដែលសល់នៅការភ្ជាប់បណ្តាញអគ្គិសនីរងប៉ុណ្ណោះ ចំពោះប្រជាពលរដ្ឋនៅភូមិចំលងគោនេះ នៅឆ្ងាយពីភូមិដ៏ទៃ ទើបយឺតយ៉ាវតភ្ជាប់ចូលលំនៅដ្ឋានពួកគេ។ បណ្តាញមេអគ្គិសនីតភ្ជាប់ពីអនុស្ថានីយ៍តាតៃក្រោមមកចែកចាយនៅក្នុងស្រុកបូទុមសាគរ និងស្រុកគីរីសាគរ រីឯតម្លៃសេវាវិញ អនុវត្តតាមការកំណត់របស់រដ្ឋាភិបាល និងអាជ្ញាធរអគ្គិសនីកម្ពុជា។

តំណាងក្រុមហ៊ុនអគ្គិសនីដដែល បន្ថែមថា បញ្ហាប្រឈមពួកគេសព្វថ្ងៃ គឺការដាច់ចរន្តអគ្គិសនីញក់ញាប់ដែលធ្វើអោយប្រជាពលរដ្ឋអ្នកប្រើប្រាស់មានភាពថ្នាំងថ្នាក់ចិត្តច្រើន គ្រោះធម្មជាតិបង្កអោយដួលបាក់បង្គោល ឬខ្សែភ្លើង និងចំណាយពេលវេលាដើម្បីពន្លឿនការតបណ្តាញអគ្គិសនីទៅមូលដ្ឋានដែលមិនទាន់មានភ្លើងប្រើប្រាស់នៅឆ្ងាយៗជាដើម។

តាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២០ខាងមុខ ត្រូវតែធានាថា នៅភូមិរបស់ប្រជាពលរដ្ឋទូទាំងប្រទេសមានប្រើប្រាស់តាមតម្រូវការ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងការអភិវឌ្ឍន៍ដោយចីរភាពនៃកំណើនសេដ្ឋកិច្ច៧ភាគរយក្នុង១ឆ្នាំៗ៕B/