ពលរដ្ឋ​កម្ពុជា​ត្អូញត្អែរ​អំពី​តម្លៃ​ប្រេង​ឡើងថ្លៃ​

332

(​ភ្នំពេញ​) : ខណៈដែល​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញថា ចន្លោះ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​តម្លៃ​ប្រេង​ឥន្ទ​នៈ​មាន​​ការឡើង​ថ្លៃ​ប្រមាណ​១០០​រៀល​ដោយ​គ្មាន​ភ្ជាប់​មកជា​មួយ​នូវ​មូលហេតុ ប្រជាពលរដ្ឋ​ទូទៅ​បាន​សម្តែង​ការ ត្អូញត្អែរ​និង​ក្តីបារម្ភ​ចំពោះ​​បញ្ហា​នេះ​និង​ស្រប​ពេលដែល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​គៀក​ចូល​មកដល់​។​

​លោក វណ្ណ​រ៉ា ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ជាង​៥​ឆ្នាំ​កន្លង​នេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​រស្មី​កម្ពុជា​ថា​ក្រោយពី​ឃើញ​តម្លៃ​ប្រេង​នៅ​បណ្តា​​ស្ថានីយ៍​ធំៗ​បានបង្ហាញ​ឲ្យ​ដឹង​ពី​ការឡើង​ថ្លៃ​នោះ លោក​មិន​ពេញចិត្ត​ទេ​ដោយហេតុថា​សព្វថ្ងៃ​ការរក​ប្រាក់ចំណូល​ពីរ​បរ​នេះ​គឺមាន​ភាព​យ៉ាប់យឺន​ណាស់​ទៅហើយ ដែល​ប្រេង​ឡើងថ្លៃ ប៉ុន្តែ​តម្លៃ​អតិថិជន​ឲ្យ​គឺ​នៅ​ដដែល​។

​លោក វីរៈ មកពី​ខេត្តស្វាយរៀង​ប្រកប​របរ​រត់​ម៉ូតូឌុប​៧​ឆ្នាំ​មកនេះ បាន​លើកឡើងថា បើសិនជា​អាច​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​​មេត្តា​យកចិត្តទុកដាក់​មកលើ​បញ្ហា​នេះ​ផង ព្រោះថា​របរ​ប្រចាំថ្ងៃ​គឺ​ពឹង​លើ​ប្រេង ជា​ចម្បង​។ លោក​បញ្ជាក់ថា​កាលពី​កន្លង​ទៅក្នុង​មួយថ្ងៃ​​លោក​រកប្រាក់​ចំណូល​បាន​ជិត​១០​ម៉ឺន​រៀល ប៉ុន្តែ ពេលនេះ​រកបាន​តែ​៤​ម៉ឺន ទៅ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ​ការថយចុះ​នូវ​ប្រាក់ចំណូល​ទីមួយ​ដោយសារ​តម្លៃ ប្រេង និង​ទី​ពីរ​ដោយសារ​បច្ចុប្បន្ន​មានការ​កើនឡើង​នូវ​រថយន្ត​តាក់ស៊ី និង​មាន​ម៉ូតូ​កង់​បី​ផ្សេងទៀត​រត់​គិត តម្លៃ​ជា​គីឡូម៉ែត្រ​។​

​ដោយឡែក លោក កុយ សុខលី ជា​បុគ្គលិក​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃ​លោក​ចំណាយ​ថវិកា សម្រាប់​ចាក់​ប្រេងសាំង (​ម៉ូតូ​) ពី​ផ្ទះ​និង​កន្លែងធ្វើការ​ទាំង​ទៅ​និង​មក គឺ​ចំនួន​ពីរ​លីត្រ​ស្មើនឹង​ជិត​១​ម៉ឺន​រៀល ឯណោះ​។ លោក​បន្ថែមថា​ប្រសិនបើ​រដ្ឋាភិបាល​អាច​​ជួយ​សម្រួល​បាន​ទៅលើ​តម្លៃ​ប្រេង គឺ​សុំ​ឲ្យ​មាន​ទាប ជាង​នេះ​គឺ​ក្រោម​៣.៥០០​រៀល​នៅក្នុង​មួយ​លីត្រ​ដើម្បី​កាត់បន្ថយ​បាន​មួយ​ភាគ​​ក្នុង​បញ្ហា​នេះ​។​

​ទាក់ទិន​នឹង​រឿង​ខាងលើនេះ​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កញ្ញា សឹង្ហ សុ​ផា​រី បានលើកឡើង ថា​តម្លៃ​ប្រេង​ប្រែប្រួល​ទាំង​ការ​ឡើងថ្លៃ ឬ​ធ្លាក់​ថ្លៃ​នេះ បណ្តាល​មក​កត្តា​សំខាន់​ចំនួន​០៣ ដែល​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រេង​នៅ​កម្ពុជា មានដូចជា​៖​ភាព​អស្ថិរភាព​​នៅ​តំបន់​ផលិត​ប្រេង​ធំ​នៅ​មជ្ឈិមបូព៌ា គ្រោះធម្មជាតិ​កើនឡើង​ច្រើន​នៅក្នុង​តំបន់​អាស៊ី​ជាដើម និង​គ្រោះរាំងស្ងួត​កើតឡើង​នៅ​បរទេស ទើប​ធ្វើ​ឲ្យ​ខូចខាត​វត្ថុធាតុដើម​សម្រាប់​ផលិត​អេតាណុល​យកទៅ​ប្រើ​លាយ​ជាមួយ​សាំង និង​ម៉ា​ស៊ូ​ត​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា គិត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០១៧​តម្លៃ​ប្រេង​ឥន្ទ​នៈ​នៅតាម​បណ្តា​ស្ថានីយ៍​ធំ​បាន​ឡើងថ្លៃ​ប្រមាណ​១០០​រៀល ក្នុង​មួយ​លីត្រ នេះ​បើ​ប្រៀបធៀប​នឹង​ដើមខែ​កញ្ញា​កន្លងទៅ​។ សេចក្តីជូនដំណឹង​នេះ​បញ្ជាក់ទៀតថា តម្លៃ​ប្រេងឥន្ធនៈ សម្រាប់​អនុវត្ត​ថ្លៃ​លក់រាយ​នៅក្នុង​គឺ​ចន្លោះ​ថ្ងៃ​ខាងលើនេះ​ចំពោះ​ប្រេងសាំង​​ស៊ុប​ពែរ​ថ្លៃ ៣.៩០០​រៀល ក្នុង​មួយ​លីត្រ , ប្រេងសាំង​ធម្មតា​ថ្លៃ​៣.៨០០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត​ថ្លៃ ៣.៥០០​រៀល​នៅក្នុង មួយ​លីត្រ​៕​ដោយ : ពៅ និមល​/sn