ពលរដ្ឋ​កម្ពុជា​យល់​កាន់តែច្បាស់ និង​ចូលរួម​កាន់តែខ្លាំង​ជាមួយ​រាជរដ្ឋាភិបាល​

314
ចែករម្លែក

កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​លំបាកៗ​រាប់មិនអស់ គិត​ចាប់ពី​ការបែកបាក់​សាមគ្គី ឈានដល់​ភាព​វិនាស​ខ្ទេចខ្ទាំ​ជាតិ ក្លាយជា​ផេះផង់​ហិនហោច​គ្មាន​សល់ ទាំង​ធនធានមនុស្ស ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ដ​គ្រប់​ប្រភេទ​។ ពេលនេះ កម្ពុជា​បាន​កម្លា​យ​ខ្លួន​ដល់​ដំណាក់កាល​ជា​ប្រវត្តិសាស្ដ្រ​ថ្មី​មួយ ដ៏​រុងរឿង​ពុំ​ធ្លាប់មាន​ក្នុងអំឡុង​៥០០​ឆ្នាំ​កន្លងមកនេះ​។​
​ ​
ពី​ភាពភ័យខ្លាច និង​ពុំ​ទទួលបាន​ការអប់រំ​រៀនសូត្រ ពលរដ្ឋ​កម្ពុជា​ពេលនេះ ជា​ពលរដ្ឋ​ដែលមាន​ឆន្ទៈ​មនសិកា​ខ្ពស់ មានចំណេះដឹង​ទូលំទូលាយ សំឡឹង​បាន​វែងឆ្ងាយ និង​អាច​ពិចារណា​បាន​ជ្រៅជ្រះ​។ ពី​កម្ទេច​ផេះផង់ វាលពិឃាត និង​ជា​ចម្ការមីន​ដ៏​គួរ​ឲ្យ​ខ្លាចញញើត សង្គម​កម្ពុជា​នាពេលនេះ ហាក់​មាន​អច្ឆរិយ​ភាព​ប្រែ​ក្លាយទៅជា​រុងរឿង​ត្រចះត្រចង់ សម្បូរបែប​ដោយ​អគារ​ខ្ពស់ៗ​ស្កឹមស្កៃ ផ្លូវ​ស្ពាន​ខ្វាត់ខ្វែង​ស្អេកស្កះ ដំណាំ​កសិកម្ម​ក្រាល​គ្រប​ស្ទើរ​ពាសពេញ​ផ្ទៃដី វិនិយោគ​ជិត​ឆ្ងាយ​បណ្ដាក់ទុន​គ្រប់​វិស័យ របស់របរ​ប្រើប្រាស់​ទាន់សម័យ​និយម និង​ម្ហូបចំណី​ហូបចុក​មាន​គ្រប់បែប​។​
​ ​
​តើ​សមិទ្ធផល​ទាំងនេះ បាន​មកពីណា​?
​ ​
ក្នុង​កិច្ច​កសាង​សង្គមជាតិ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​ដៃ​ម្ខាង​ផ្សះផ្សា​ជាតិ ដែល​បាន​បែកបាក់​ជា​ចំរៀកៗ និង​ដៃ​ម្ខាង​ខិតខំ​កសាង​ខឿន​សេដ្ឋកិច្ចជាតិ​។ ជា​ជំ​ហ៊ាន​ដំបូង រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ហើយ​ជា​ជោគជ័យ​ដ៏​មហិមា ដែលជា​របត់​មួយ​នាំ​ឲ្យ​សង្គមជាតិ​ទទួលបាន​ការបង្រួបបង្រួម​ជាតិ​ផ្សះផ្សា​ជាតិ ប្រជាពលរដ្ឋ​ទាំងឡាយ​អាច​រួម​រស់នៅ​ជាមួយគ្នា​បាន​ដោយ​សុខដុម​។ ជំ​ហ៊ាន​ទី​២ គឺ​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​ស្នូល ជា​ដំណាក់កាលៗ សំដៅ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​ឲ្យ​មាន​ភាពប្រសើរ​ឡើងជា​លំដាប់​។​
​ ​
ការអភិវឌ្ឍ​ជា​វិជ្ជមាន និង​គួរ​ឲ្យ​កត់សម្គាល់ សម្រាប់​ទិដ្ឋភាព​នយោបាយ គឺ​កម្ពុជា​បាន​អនុវត្តតាម​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ពេញលេញ​ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ​របស់ខ្លួន តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​។ ដោយឡែក​សម្រាប់​ទិដ្ឋភាព​សេដ្ឋកិច្ច តាមរយៈ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម ៥​ឆ្នាំ និង​យុទ្ធសាស្ដ្រ​ចតុកោណ តាម​ដំណាក់កាល ឈានទៅ​ការបង្កើតបាន​នូវ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ជាតិ បាន​នាំ​ឲ្យ​កម្ពុជា សម្រេចបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វឌ្ឍនភាព​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ក្លា ដោយ​ក្នុងនោះ កំណើនសេដ្ឋកិច្ច​ជាតិ​ជា​មធ្យម​ប្រចាំ​ឆ្នាំមាន​កម្រិត​៨,៤% ក្នុង​រវាង​ឆ្នាំ​១៩៩៤-១៩៩៩ ពី​ឆ្នាំ​១៩៩៩-២០០៦ កំណើនសេដ្ឋកិច្ច​មធ្យម​ប្រចាំ​ឆ្នាំមាន​កម្រិត​ដល់​ទៅ​៩% និង​ពី​ឆ្នាំ​២០០៦-​បច្ចុប្បន្ន រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជាតិ​កម្រិត ៧% ។​
​ ​
​ទាំងនេះ គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់ នូវ​ឆន្ទៈ​ដ៏​មុះ​មុត​របស់​រាជរដ្ឋាភិបាល ក្នុងការ​រក្សា​ឲ្យ​បាន​នូវ​សន្ដិភាព ស្ថិរភាព​ជាតិ ដោយ​អនុវត្ត​គោល​ការ​ប្រជាធិបតេយ្យ ការពង្រឹង​នីតិរដ្ឋ ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​នយោបាយ​អភិបាលកិច្ច​ល្អ​។​
​ ​
​ពិតណាស់ អម​ព្រមជាមួយ​ជោគជ័យ​នៃ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​នេះ គឺ​មិនអាច​កាត់ផ្ដាច់​បានឡើយ​នូវ​ការរួមចំណែក​ដ៏​ថ្លៃថ្លា​របស់​ប្រជាពលរដ្ឋ​។ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ គឺ​មិន​ត្រឹមតែ​ជា​កញ្ចប់​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​នៃ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការរួមចំណែក​របស់​ប្រជាពលរដ្ឋ ក្នុងការ​អនុវត្ត តាមដាន ត្រួតពិនិត្យ និង​ឆ្លើយតប​នឹង​គោលនយោបាយ ដែល​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ គឺជា​ធាតុ​ចូល​ដ៏​សំខាន់បំផុត សម្រាប់​ការកែលម្អ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​សំដៅ​ធានា​ការអភិវឌ្ឍ​សង្គមជាតិ​ប្រកបដោយ​ចីរភាព​ទៅ​ថ្ងៃមុខ​។​
​ ​
​សក្ខីភាព​ទាំងនេះ គឺ​ទឡ្ហី​ករ​ដែល​គេ​អាច​មើលឃើញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​កម្ពុជា​នាពេលនេះ គឺជា​ពលរដ្ឋ​យ៉ាងពិត​ប្រាកដ (​ពល​របស់​រដ្ឋ​) ប្រកបដោយ​ឆន្ទៈ និង​មសិ​កា​យ៉ាង​មុតមាំ ដែល​មិន​រំពឹង​ត្រឹមតែ​ទទួលផល​ពី​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​នោះឡើយ ប៉ុន្តែ​គឺមាន​ឧ​ត្ត​ម​គតិ​ចូលរួម​ទាំងអស់គ្នា ក្នុង​កិច្ច​កសាង និង​អភិវឌ្ឍ​ជាតិ​។ ពលរដ្ឋ​កម្ពុជា​នាពេលនេះ បានបង្ហាញ​នូវ​ជំនឿ​ចិត្ត ស្មារតី​សាមគ្គីភាព​យ៉ាងរឹងមាំ​បំផុត​ជាមួយ​រាជរដ្ឋាភិបាល មិន​លុះ​តាម​ការអំពាវនាវ ច​ចាម​អារាម ដែល​ត្រឹម​ជា​វោហារសាស្ដ្រ​របស់​ជនខិលខូច ក្នុង​ឧបាយ និង​ចេតនា​ទុច្ចរិត បង្កើត​ឧទ្ទាម​កម្ម​ក្រៅច្បាប់ ផ្ដួលរំលំ​រាជរដ្ឋាភិបាល ដែល​កើតចេញពី​ឆន្ទៈ​រាស្ដ្រ ដើម្បី​បម្រើ​ម​ហិ​ច្ឆិ​តា​ខ្លួន និង​ក្រុម​ខ្លួន​មួយ​ក្ដាប់​តូច​៕B/ដោយ:វិបុល