ពលរដ្ឋ​កម្ពុជា​សង្ឃឹមថា​អាច​នឹងមាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ត​ភ្ជាប់​ប្រទេស​ក្នុង​តំបន់​

1388
ចែករម្លែក

ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​ក្រុម​បណ្តាញ​អ្នកសេដ្ឋកិច្ច អ្នក​ទីផ្សារ​អចលនា​ទ្រព្យ រួមទាំង​ប្រជាជន​កម្ពុជា គ្រាន់​តែឮ​មាន​គម្រោង​សិក្សា​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដើម្បី​ត​ភ្ជាប់​ប្រទេស​ក្នុង​តំបន់​ បាន​សម្តែង​ការ​សាទរ​ ​ហើយ​សង្ឃឹមថា​គម្រោង​នេះ​អាច​នឹងមាន​អ្នក​ចង់បាន​ដើម្បី​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​មាន​រីកចម្រើន​ទៅ​ថ្ងៃ​ខាងមុខនេះ​។​

​តាម​ប្រភព​ក្រុម​អ្នកវាយតម្លៃ​ផ្នែក​អចលនា​ទ្រព្យ​កម្ពុជា​បាន​រៀបរាប់ថា ​“​តាមរយៈ​សារព័ត៌មាន​ជាច្រើន​និង​មន្ត្រី​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មួយចំនួន​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​បានឱ្យដឹងថា ​កម្ពុជា​នឹង​គ្រោង​សិក្សា​ពី​លទ្ធភាព​ក្នុងការ​សាងសង់​រថភ្លើង​ល្បៀ​ន​លឿន​​ដើម្បី​ត​ភ្ជាប់​ប្រទេស​អនុតំបន់​ទន្លេមេគង្គ​ដែលមាន​ដូចជា​ប្រទេស​កម្ពុជា​ វៀតណាម​ ឡាវ ​ថៃ ​ភូមា​និង​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

ផែន​ការ​នេះ​ក៏​ដើម្បី​ជួយ​ជំរុញ​ការដឹកជញ្ជូន​ទំនិញ​ ភ្ញៀវ​ទេសចរ អ្នកជំនួញ​និង​អ្នកដំណើរ​ក្នុង​តំបន់​ឱ្យស្រប​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តួ​ច​ផ្តើមឡើង​នៅក្នុង​ឆ្នាំ​២០១៣​។​ដើម្បី​បង្កើត​ផ្លូវ​ដឹកជញ្ជូន​ផ្លូវគោក​ផ្លូវទឹក​ផ្លូវដែក​ក្នុង​តំបន់​ពី​អាស៊ីអាគ្នេយ៍​ទៅ​អាហ្វ្រិក ទៅ​អឺរ៉ុ​ប និង​បន្តទៅ​អាមេរិក​ឡាទីន​”​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ គម្រោង​ផ្លូវដែក​ល្បៀ​ន​លឿន​នឹង​ចេញពី​ទីក្រុង​តា​លី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មកកាន់​ទីក្រុង​យ៉ាង​ហ្គូ​ន​នៃ​ប្រទេស​ភូមា ​បាងកក​ប្រទេស​ថៃ ទី​ក្រុងភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បន្តទៅ​ទីក្រុង​ហូ​ជី​មិញ​និង​ទីក្រុង​ហាណូយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​វៀតណាម និង​បន្តទៅ​ដល់ទី​ក្រុង​គួ​ន​ម៉ិ​ញ​និង​ណាន​ណី​ង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​តាម​ប្រភព​ខាងលើ​បាន​បង្ហើប​ឱ្យដឹងថា​ ចំពោះ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ពិចារណា​សិក្សា​ស្ថានីយរថភ្លើង​កណ្តាល (Main Station) នៅក្នុង​ឃុំ​ត្រាច​ទង ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ ដែលមាន​ចម្ងាយ​ប្រមាណ​៣០​គីឡូ​ម៉ែត​ពី​រាជធានី​ភ្នំពេញ​។​

ជា​តំបន់​ដែលមាន​សក្កដានុពល​ក្នុងការ​សាងសង់​ស្ថានីយកណ្តាល​នេះ​ដោយសារ​ឃុំ​នេះ​ជា​ឃុំ​ប្រវត្តិសាស្ត្រ​ដែលមាន​ស្ថានីយ​រថភ្លើង​បុរាណ​រួច​ជា​ស្រេ ​ហើយ​ជា​ឃុំ​ដែលមាន​ដី​ធំ​ទូលាយ​អាច​សាងសង់​ស្ថានីយ​រថភ្លើង​តាម​ស្តង់ដារ​ក្នុង​តំបន់​បាន​។

ក្រុមអ្នកវិភាគ​សេដ្ឋកិច្ចកម្ពុជា បាន​លើកឡើងថា ប្រសិនបើ​ការសិក្សា​នេះ​ផ្តល់​លទ្ធផល​វិជ្ជមាន ហើយ​ការសាងសង់​គម្រោង​រថ​ភ្លើង​ល្បឿន​លឿន​(ChinaAseanRailroadSystems)​នេះ​តាម​គម្រោង​ដែល​បានគ្រោង​ទុក​មែន ​វា​នឹង​ជួយ​បង្កើត​ការងារ​រាប់ពាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។

​ថែមទាំង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ ដោយសារតែ​ខ្សែ​រថភ្លើង​នេះ​ជំរុញឱ្យមាន​ពាណិជ្ជកម្ម​អន្តរជាតិ​កាន់តែ​ងាយស្រួល​ជាង​មុន​រវាង​ប្រទេស​អនុតំបន់​ទន្លេមេគង្គ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ពិសេស​ជួយ​សម្រួលការ​ធ្វើដំណើរ​និង​បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​៕S/​Ha

#