ពលរដ្ឋ​កាន់តែ​ច្រើនឡើងៗ នាំ​កូនចៅ សម្រុក​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​

546
ចែករម្លែក

​ប្រជាពលរដ្ឋ​កាន់តែច្រើន​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចាប់តាំងពី​សប្តាហ៍​មុន បន្ត​ដល់​សប្តាហ៍​នេះ បាន​នាំ​កូនចៅ មកចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត បន្ទាប់ពី​ត្រូវ​ឆ្កែ ឆ្មា ប្រជៀវ សត្វ​ជ្រូក ឬ​សត្វ​ស្វា ខាំ​។ ប្រជាពលរដ្ឋ ព្រួយបារម្ភ​ចំពោះ​ជំងឺ​ឆ្កែឆ្កួត​នេះ ក្រោយពេល​មាន​កុមារី​វ័យ ១០​ឆ្នាំ ម្នាក់ នៅ​ខេត្តស្វាយរៀង ។​

​ជាមួយនឹង​ចំនួន​ប្រជាពលរដ្ឋ ដែល​បាន​បារម្ភ​កាន់តែ​ច្រើនឡើងៗ ពី​ជំងឺ​ឆ្កែឆ្កួត​នេះ វិទ្យាស្ថាន​ប៉ាស្ទ័រ ក៏បាន​ប្រកាស​ផ្សព្វផ្សាយ​ពី​វិធានការ​បឋម ដើម្បី​អនុវត្តន៍​នៅពេល​មាន​ឆ្កែ ឆ្មា ប្រជៀវ សត្វ​ជ្រូក ឬ​សត្វ​ស្វា ខាំ ដោយ​ត្រូវ​លាង​ស្នាមរបួស​ជាមួយ​ទឹក​ប្រមាណ ១០​នាទី បន្ទាប់មក​លាង​ដោយ សាប៊ូ និង​ដោយ​ទឹក​ថ្នាំ​សំលាប់​មេរោគ​។ ហាម​ដាច់ខាត មិនត្រូវ​រុំ​កន្លែង ដែល​ឆ្កែ ឬ​ឆ្មា​ខាំ​នោះទេ​។

​តែ​ទោះជា​យ៉ាងណាក៏ដោយ វិធានការ​នេះ មិនអាច​ការពារ អ្នក​ដែល​ត្រូវ​ឆ្កែ ឬ​ឆ្មា​ខាំ​ឲ្យ​រួច​ផុតពី សេចក្តីស្លាប់​បានឡើយ គឺ​វិទ្យាស្ថាន​ប៉ាស្ទ័រ បញ្ជាក់ថា មានតែ​ការចាក់​ថ្នាំ​វ៉ាក់សាំង​តែមួយ​មុខ​គត់ ដែល​អាច បញ្ចៀស​សេចក្តីស្លាប់​បាន​។​

​ក្រសួងសុខាភិបាល បានប្រកាសថា ជា​រៀងរាល់ឆ្នាំ នៅ​ប្រទេស​កម្ពុជា មាន​មនុស្ស​ប្រមាណ ៨០០​នាក់ បាន​ស្លាប់ ដោយសារ​ជំងឺ​ឆ្កែឆ្កួត ស្រប​ពេលដែល​នៅលើ​ពិភពលោក ជំងឺ​ឆ្កែឆ្កួត បានសម្លាប់​មនុស្ស​ម្នាក់ រៀងរាល់ ៩ នាទី ហើយ​ភាគច្រើន អ្នកស្លាប់​ទាំងនោះ ជា​កុមារ​។​

​ជាមួយគ្នានេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ដោយសារតែ​ចំនួន​អ្នក​ដែល​អញ្ជើញ មក​ពិគ្រោះ ក្រោយ​សត្វ​ខាំ​រួចហើយ ដើម្បី​ទទួល​សេវា​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត មាន​ចំនួន​ច្រើនឡើង នាំ​ឲ្យ​ពេទ្យ​នៅ​ប៉ាស្ទ័រ ចាក់​មិនទាន់ ដោយ​អ្នកខ្លះ ត្រូវ​រង់ចាំ ៤ ទៅ ៥ ថ្ងៃ នៅតែ​មិនទាន់​ទទួល បាន​ថ្នាំ​បង្ការ​ចាក់​ការពារ​នៅឡើយ​។​

​ចំពោះមុខ​នេះ នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ បានចេញ​ប្រកាស​សូម​អភ័យទោស​ដល់​ប្រជាពលរដ្ឋ កម្ពុជា ដែល​បណ្តាល​ឲ្យ​មានការ​រង់ចាំ​យូរ​ពី​សំណាក់​អស់លោកអ្នក ក្នុង​ការជួប​ជាមួយ​ក្រុមគ្រូពេទ្យ​។

​វិទ្យាស្ថាន​ប៉ាស្ទ័រ បានប្រកាសថា យើងខ្ញុំ​បាន កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​បំផុត សម្រាប់​អ្នក​គ្រប់គ្នា និង​សូម​ផ្តល់​អាទិភាព​ពិគ្រោះ​ជូន​ដល់​អ្នក​ដែល​អញ្ជើញ​មកចាក់​បន្ត ( លើក​ទី​២ និង​ទី​៣ ) អ្នក​ដែលមាន​មុខរបួស​ដោយ​ឆ្កែ​ខាំ​ធ្ងន់ធ្ងរ កុមារ​តូចៗ ព្រះសង្ឃ ជនពិការ មនុស្ស​ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​។​

​វិទ្យាស្ថាន​ប៉ាស្ទ័រ ក៏បាន​ប្រកាស​សន្យា ទទួល​ពិគ្រោះ​ជូន​ដល់​អ្នកជំងឺ​ទាំងអស់​ដែល​អញ្ជើញ​មកដល់ វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ​ប៉ាស្ទ័រ មាន​វ៉ាក់សាំង​គ្រប់​ចំនួន​សម្រាប់​ផ្គត់ផ្គង់​ជូន​អ្នក​ទាំងអស់គ្នា​។​

ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំ​ងឹ​ឆ្កែឆ្កួត នៅ​វិទ្យាស្ថាន​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​បង់ថ្លៃ​សេវា ដែល​យ៉ាងហោចណាស់ ចាក់​វ៉ាក់សាំង​ម្តង ត្រូវ​ចំណាយ​ពី ១៥ ទៅ ២០ ដុល្លារ ហើយ​ការចាក់​វ៉ាក់សាំង​នោះ​ទៀតសោត តម្រូវ​ឲ្យ​ចាក់​យ៉ាងតិច បី​ដង ក្នុង​មនុស្ស​ម្នាក់​។​

ដើម្បី​ដោះស្រាយ​ករណី​ប្រជាពលរដ្ឋ​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ បាន​តម្រង់​ជួរ រង់ចាំ​យូរ ខ្លះ​ចាំ​ដល់ ៤ ឬ ៥​ថ្ងៃ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ស្ថិតនៅ​ជាប់​របង​ពេទ្យ​កាល់​ម៉ែត្រ ក្នុង​រាជធានី​ភ្នំពេញ នៅតែ​មិនបាន​ថ្នាំ​វ៉ាក់សាំង ការពារ​ជំងឺ​ឆ្កែឆ្កួត​ទៀត​នោះ គឺ​ក្រសួងសុខាភិបាល​ត្រូវតែ​ជួយ អន្តរាគមន៍ ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ បន្ថែម​ក្រុមគ្រូពេទ្យ ជួយ​ពិគ្រោះ និង​ចាក់​ថ្នាំ បង្ការ​ទាំងនោះ​។​

​ម្យ៉ាងទៀត ក្រសួងសុខាភិបាល ក៏​អាច​សហការ​ជាមួយនឹង​វិទ្យាស្ថាន​ប៉ាស្ទ័រ ចែកចាយ ផ្តល់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​នេះ ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​នៅតាម​បណ្តា ខេត្ត​នានា ដើម្បី​សម្រួល​ដល់​ការលំបាក​រង់ចាំ​យូរ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ មកកាន់​រាជធានី​ភ្នំពេញ​។​

​ក្នុងនោះ ការអប់រំ​ផ្សព្វផ្សាយ ណែនាំ​របស់​ក្រុមគ្រូពេទ្យ តាមរយៈ​ក្រសួងសុខាភិបាល ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ភ័យ​តាម​គ្នា លើ​ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាលមកពី​សត្វ​ឆ្មា​ឆ្កែ​ខាំ​នេះ ក៏ត្រូវ​ធ្វើឡើង តាម​គ្រប់​មធ្យោបាយ​។ ក្រសួងសុខាភិបាល ក៏​អាច​បង្កើតជា​វេទិកា អប់រំ ផ្សព្វផ្សាយ​នៅតាម​ភូមិ​ឃុំ​គោលដៅ ហើយ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផងដែរ​៕ ដោយ​: ម៉េង​ឆៃ​