ពលរដ្ឋ​កោះកុង យល់ស្រប​ចំពោះ​ការកំណត់​ឱ្យមាន​ផ្លូវ​ឯកទិស​ជុំវិញ​ផ្សារ​ដងទង់​

370
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​សម្តែង​ការគាំទ្រ​ពេញចិត្ត​ចំពោះ​យន្តការ​របស់​អាជ្ញាធរ​សមត្ថកិច្ច និង​មន្ទីរ​សាធារណការ ដែល​កំណត់​ផ្លូវ​ជុំវិញ​ផ្សារ​ដងទង់​ជា​ផ្លូវ​ឯកទិស ដើម្បី​កាត់បន្ថយ​ភាព​កកស្ទះ​ចរាចរណ៍ និង​មាន​សណ្តាប់ធ្នាប់​ល្អ​។​

​ក្រុម​ប្រជាពលរដ្ឋ​ជា​ម្ចាស់​យានយន្ត និង​អ្នករស់នៅ​លក់ដូរ​ជុំវិញ​ផ្សារ​ដងទង់ លើកឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​ថា មុន​នឹងមាន​គ្មាន​ការ តម្លើង​ស្លាក​សញ្ញា​សម្គាល់​ចរាចរណ៍​នៅ​ចំណុច​ជែងៗ​ផ្លូវ ស្ថានភាព​នៃ​ការកកស្ទះ​ចរាចរណ៍ និង​ភាព​គ្មាន​សណ្តាប់ធ្នាប់​បាន​កើតមានឡើង​គួរ​ស្មុគស្មាញ​ជាខ្លាំង​។ ទោះបី​ជាមាន​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​រៀបចំ​កែសម្រួល​យ៉ាងណាក្តី​។​

​លោក ហ៊ុយ ហន និង​អ្នកស្រី ជា លាង ជា​ពលរដ្ឋ​ដែលមាន​មធ្យោបាយ​យានយន្ត និង​លក់ដូរ​ក្បែរ​ផ្សារ​ដងទង់ មើលឃើញ​ពី​ចំណុច​ល្អ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​រួមគ្នា​ដោះស្រាយ ក៏ដូចជា​កំណត់​យក​ផ្លូវ​ជុំវិញ​ផ្សារ​ដងទង់​ជា​ផ្លូវ​ឯកទិស បញ្ចៀស​ការបើក​បរប​ញ្ច្រា​សទិស​ដៅ ខណៈ​បច្ចុប្បន្ន​ការកកស្ទះ​ចរាចរណ៍ និង​ការចត​យានយន្ត​យ៉ាង​អនាធិបតេយ្យ​។​

​បើតាម​ពលរដ្ឋ ពួកគាត់​រំពឹងថា ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ជុំវិញ​ផ្សារ​នឹង​យល់ដឹង ហើយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរ​ទៅ​ថ្ងៃមុខ ដើម្បី​សង្គម​មាន​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​រៀបរយ​ល្អ​គ្មាន​គ្រោះថ្នាក់​។ តែ​ពួកគាត់​ស្នើ​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ជួយ​ព​ន្លឿ​ន​ការរៀបចំ​ចំណត​យានយន្ត​អោយ បាន​ឆាប់រហ័ស ពីព្រោះ​ការកកស្ទះ​ចរាចរណ៍​ក៏​ផ្តើមចេញពី​ការ​គ្មាន​ចំណត​ត្រឹមត្រូវ​ផងដែរ​។​

​ដោយឡែក លោក សំ វិចិត្រ នាយរង​នគរបាល​ការិយាល័យ​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​ស្នងការដ្ឋាន​គរ​បាល​ខេត្តកោះកុង បានឱ្យដឹងថា ជាគោលការណ៍​ថ្នាក់ដឹកនាំ​ខេត្តកោះកុង គឺ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ហាម​បើកបរ​បញ្ច្រាស់​ផ្លូវ​ចំនួន​៣​ខែ​។ ហើយ​ក្រោយ​ការអប់រំ និង​ផ្សព្វផ្សាយ​រួច សមត្ថកិច្ច​នឹង​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ដែល​ល្មើស​ទៅតាម​ច្បាប់​កំណត់​ជាក់​ជាពុំខាន​។​

​តាម​ការពិនិត្យ និង​វាយតម្លៃ​របស់លោក សំ វិចិត្រ ពលរដ្ឋ​ភាគច្រើន​នៅ​ពុំ​អាច​គោរព​ស្លាក​សញ្ញា​បាន​នៅឡើយ ដោយ​នៅតែ​បន្ត​ជិះ​បញ្ច្រាស​ផ្លូវ​ចូល​ផ្សារ​។ ប៉ុន្តែ​សមត្ថកិច្ច​របស់​នៅតែ​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​ជារ​រៀងរាល់ថ្ងៃ ត្បិត ពេល​ឃើញ​ប៉ូលិស​គោរព ពេល​មិនឃើញ​បទល្មើស​។ អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ នគរបាល និង​មន្ទីរ​សាធារណការ​ខេត្តកោះកុង នឹង​បន្ត​ពិនិត្យ​សិក្សា​ពី​តំបន់​ផ្លូវ​ប្រឈម​ដ៏​ទៃ​ផ្សេងៗ តាមរយៈ​តម្លើង​ស្លាក​សញ្ញា​ចរាចរណ៍​អោយបាន​ច្រើន ក្នុងន័យ​បង្កើន​ការយល់ដឹង​ពី​ច្បាប់ និង​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណ​ជា​អតិបរិមា​។​

​សាធារណជន នៅចាំ​បាន​ថា មុនពេល​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង គេ​ឃើញ​មាន​អាជ្ញាធរ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ម្តង​ដែរ​នៅតាម​ដងផ្លូវ ពិសេស​ជុំវិញ​ផ្សារ​ដងទង់ ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​អនាម័យ​ទីក្រុង​។ បែបនេះ​ក្តី មាន​ពលរដ្ឋ​ខ្លះ​គោរព​តាម​គោលការណ៍​ណែនាំ​អាជ្ញាធរ និង​មួយចំនួន​ផ្សេងទៀត មិន​ខ្វាយខ្វល់​នឹង​យន្តការ​ដដែល​ដោយ​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​៕ ល​