ពលរដ្ឋ​កោះ​ប៉ែន​រីករាយ​ជាមួយ​ទិន្នផល​ផ្លែ​ក្រូចថ្លុង​និង​មាន​ទីផ្សារ​ល្អ​

1016
ចែករម្លែក
  • 13
    Shares

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​គ្រួសារ​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​ប៉ែន មាន​ដើម​ក្រូចថ្លុង​ពី ៣០ ទៅ ជាង ១០០ ដើម ស្ទើរ​គ្រប់​លំនៅស្ថាន នៃ​ភូមិ​ចំនួន ប្រាំបួន របស់​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​ពួកគាត់​មាន​មោទនភាព​យ៉ាងខ្លាំង​លើ​ការផ្តល់​ផល​ពី​ដើមរដូវ​នេះ​មានតម្លៃ​ទីផ្សារ​ល្អ​គឺមាន​ឈ្មួញ​ប្រមូល​ទិញយក​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន​ដល់​ខាងក្រោម​ដើម​តែម្តង​។​
​ ​
​លោក ស៊ូ ផា អាយុ ៧២ ឆ្នាំ​នៅ​ភូមិ​កោះ​ចាស់ នៃ​តំបន់​កោះ​ប៉ែន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៣០ កក្កដា​ថា ឥឡូវនេះ​ផ្លែ​ក្រូចថ្លុង​ទើបបាន​ចាប់ផ្តើម​ទុំ​ឱ្យ​ផល​ជា​បណ្តើរៗ​។​ពិសេស​ផ្លែ​ក្រូចថ្លុង​ប្រភេទ​ទន្ទឹម​ចាប់ពី​ផ្កា​ផ្លែ​ដល់​ប្រមូល​ផល​ទុំ​ចំនួន ប្រាំមួយ ខែ និង​ប្រភេទ​ក្រូចថ្លុង​ផ្អែម​ចំនួន ប្រាំពីរ ខែ​។ ជាទូទៅ​ក្រូច​ទាំងពីរ​ប្រភេទ​នេះ​ផ្តល់​ផល​ពេញបន្ទុក​ចន្លោះ​ចាប់ពី​ខែកញ្ញា ដល់​ខែធ្នូ​។​
​ ​
​ម្ចាស់​ចម្ការ​ក្រូច​វ័យ​ចំណាស់​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ចម្ការ​ក្រូចថ្លុង​លោក​មាន​ដី​ទទឹង ២៥ ម៉ែត្រ និង​បណ្តោយ​ជិត ៣០០ ម៉ែត្រ គឺ​បាន​ដាំ​ដំណាំ​ចម្រុះ​លាយ​ជាច្រើន​មុខជា​មួយ​ផង​នោះ​។ មាន​ដើម​របស់​វា​(​ក្រូចថ្លុង​)​ចាប់ពី​អាយុ ១ ឆ្នាំ ដល់ ២០ ឆ្នាំ ចំនួន​ជាង ១០០ ដើម​។ ក្នុងនោះ​មាន​ដើម​ក្រូច​ផ្តល់​ផល​ចំនួន ៦០ ភាគរយ គឺ​រយ​:​ពេល​ពី ១៥ ទៅ ៣០ ថ្ងៃ អាច​ប្រមូល​ផល​ជា​ផ្លែក្រូច​ទុំ​ពី ១០ ទៅ ៣០ ឡូ ស្មើនឹង ១២០ ទៅ ៣៦០ ផ្លែ​ក្នុង​មួយ​លើក​។​
​ ​
​លោក ស៊ូ ផា ជា​អ្នក​ដាំ​ក្រូចថ្លុង​ច្រើនជាងគេ​ក្នុងភូមិ​កោះ​ចាស់​នេះ​បាន​បន្តថា ប៉ុន្តែ​ដល់​រដូវ​ទុំ​មែនទែន គឺ​ទុំ​ព្រម​គ្នា​បេះ​មួយ​លើក​ចាប់ពី ១០០ ទៅ​៣០០​ឡូ​។​ដោយមាន​ឈ្មួញ​ប្រើ​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន​ជា​រ៉ឺម៉ក​ម៉ូតូ និង​រថយន្ត​មក​ប្រមូល​ទិញ​បេះ​ខ្លួនឯង​ដល់​ចម្ការ​។ រយ​:​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ចាប់ពី​មាន​ស្ពាន និង​ផ្លូវ​បេតុង​ខ្វែងខ្វាត់​នៅលើ​ទឹកដី​កោះ​ប៉ែន​នេះ​។​
​ ​
​លោក ផា បាន​បន្ថែមថា នៅមុន​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី ២៩ កក្កដា មាន​រថយន្ត​មួយគ្រឿង​មក​ប្រមូល​ទិញ ដោយ​ឈ្មួញ​នោះ​ជា​អ្នកដើរ​បេះ​ខ្លួនគេ​បាន​ចំនួន ៣០ ឡូ​នៃ​ការប្រមូល​ផល​ដំបូង​។ ដោយ​ក្នុង​មួយ​ឡូ​១២​ផ្លែ​តម្លៃ ២២.០០០ រៀល​។ តាមរយ​:​ចម្ការ​ក្រូចថ្លុង​ខាងលើនេះ​មួយ​រដូវ គ្រួសារ​របស់លោក​សរុប​ប្រាក់​ចំណូ​ច​បាន​ប្រហែល ៣.០០០ ដុល្លារ គឺ​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ និង​ការហូបចុក​ប្រចាំថ្ងៃ​របស់លោក និង​ភរិយា​។​
​ ​
​លោក​តឹ​ប​ពៅ​អាយុ​៣៧​ឆ្នាំ​ជា​អ្នក​ប្រកប​របរ​ទិញ​ផ្លែឈើ​ម្នាក់​ក្នុងចំណោម​ច្រើន​នាក់​ផ្សេងទៀត​យកទៅលក់​បន្ត​នៅតាម​ផ្លូវជាតិ​លេខ​៨ ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​លោក និង​ប្អូនប្រុស​ម្នាក់ រ៉ឺម៉ក​ម៉ូតូ​ម្នាក់​មួយគ្រឿង​បានមក​ប្រមូល​ទិញ​ផ្លែ​ក្រូចថ្លុង​ទុំ​ម្នាក់​ចាប់ពី ២០ ទៅ ២៥ ឡូ​ក្នុង​មួយ​រ៉ឺម៉ក ពីលើ​ទឹកដី​កោះ​ប៉ែន​យកទៅលក់​បន្ត​ឯ​ខេត្តព្រៃវែង​។​
​ ​
​អ្នកលក់​ក្រូចថ្លុង​ដឹក​តាម​រ៉ឺម៉ក​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ខ្លួន​ទាំងពីរ​នាក់​បងប្អូន ដែល​មក​ប្រមូល​ទិញ​ក្រូច​ដល់ផ្ទះ ដល់​ចម្ការលើ​កោះ​ប៉ែន​នេះ គឺមាន​រថយន្ត​ចំនួន​ពីរ​គ្រឿង​ផ្សេងទៀត បានមក​ទិញ​ដឹក​ផ្លែក្រូច​នេះ ៧០ ទៅ ៨០ ឡូ មួយ រថយន្ត​រាល់ថ្ងៃ​ដែរ​។ តាម​ការប៉ាន់ស្មាន​ក្នុង​មួយថ្ងៃ គឺមាន​ផ្លែក្រូច​ចាប់ពី ១៥០ ទៅ ២០០ ឡូ​បាន​ដឹកជញ្ជូន​ចេញពី​កោះ​មួយ​នេះ ទៅ​លក់​បន្ត​តាម​ទីកន្លែង​ផ្សេងៗ ដែល​និយម​ទទួលទាន​ផ្លែ​ក្រូចថ្លុង​នៅលើ​ទឹកដី​កោះ​ប៉ែន​។​
​ ​
​លោក​វ៉ែន​នាង​មេឃុំ​កោះ​មិត្ត​បាន​ឲ្យ​ដឹងថា​ខាង​លោក​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ​ចម្ការ​ក្រូចថ្លុង​នៅលើ​កោះ​ប៉ែន​នេះ​ទេ​។ ប៉ុន្តែ​មាន​ភូមិ​ចំនួន ប្រាំពីរ :​ទី​១ .​ភូមិ​កោះ​ប៉ែន​«​ក​» ទី​២. ភូមិ​កោះ​ប៉ែន​«​ខ​» ទី​៣. ភូមិ​កោះ​ប៉ែន « គ​» ទី​៤. ភូមិ​កោះ​ចាស់ ទី​៥. ភូមិ​កោះដាច់ ទី​៦. ភូមិ​កោះកំពង់ត្រុំ​លើ និង​ទី​៧.​ភូមិ​កោះ​ព្រលូង គឺមាន​ចំនួន ១.៤០០ គ្រួសារ​។​គ្រួសារ​នីមួយៗ​មាន​ដាំ​ដំណាំ​ក្រូចថ្លុង​ចាប់ ៣០ ទៅ ជាង​១០០ ដើម​។ ដោយមាន​ភូមិ​ស្វាយជ្រុំ និង​ភូមិ​កោះកំពង់ត្រុំ​ក្រោម ជា​ដី​ទំនាប​ជាងគេ​នៅ​មិនទាន់​អាច​ដាំ​ដំណាំ​មួយ​នេះ​បាន​ដូច​គេ​៕S/

​ពលរដ្ឋ​កោះ​ប៉ែន​រីករាយ​ជាមួយ​ទិន្នផល​ផ្លែ​ក្រូចថ្លុង​និង​មាន​ទីផ្សារ​ល្អ​


​ ​ ​