ពលរដ្ឋ​ខេត្តកំពត​ជាង​៨៥​ភាគរយ​, ខេត្ត​កែប​ជាង​៩០​ភាគរយ នៃ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បាន​ទៅ​បោះឆ្នោត​

1186
ចែករម្លែក

ដោយ​: បូកគោ / កំពត​: អ្នក​ខេត្តកំពត​ប្រមាណ​ជាង​៣១​ម៉ឺន​នាក់ ចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​ជាង​៣៦​ម៉ឺន​នាក់ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ពលរដ្ឋ នៃ​សង្គម​ប្រជាធិបតេយ្យ ដោយ​សម្រេចចិត្ត​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដើម្បី​បង្កើត​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៦​។ ចំណែក​ពលរដ្ឋ​ខេត្ត​កែប​ជាង​៩០​ភាគរយ នៃ​អ្នក​មានឈ្មោះ​ក៏បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ​។ ខេត្ត​ទាំងពីរ​មាន​ស្ថានភាព​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អប្រសើរ ស្រប​នឹង​អាកាសធាតុ​អំណោយផល​ពេញលេញ សម្រាប់​រយៈពេល​មួយថ្ងៃ​នោះ​។​

​លោក តែ ជិន​ណា​រិ​ទ្ធ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ដំណើរការ​បោះឆ្នោត​ក្នុង​ខេត្តកំពត​ពេញ​មួយ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​លក្ខណៈ​ល្អប្រសើរ​ទាំង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ទាំង​អាកាសធាតុ ដោយ​គ្មាន​ភាព​រំខាន​អ្វី​ឡើយ​។ ក្នុងនោះ​ពលរដ្ឋ​ដែល​បាន ចូលរួម​បោះឆ្នោត​មាន​៣១១.៥៣៣​នាក់ ពោលគឺ​ស្មើនឹង​៨៥,២៤​ភាគរយ​នៃ​ចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​៣៦៥.៤៥៨​នាក់​។​

​លោក ម៉ុក សែន ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្ត​កែប បាន​បញ្ជាក់ថា ខេត្ត​កែប​មាន​គណបក្សនយោបាយ​ប្រាំបួន​បាន​ចូលរួម​ប្រកួតប្រជែង សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​។ ប្រជាពលរដ្ឋ​២២.១៧៩​នាក់ នៃ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​ចំនួន​២៤.៣៧៧​នាក់ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​។ បរិមាណ​នេះ​ធ្វើឱ្យ​ខេត្ត​កែប​មាន​អ្នកបោះឆ្នោត​រហូតដល់​៩០,៩៨​ភាគរយ​។​

​សូមបញ្ជាក់​ខេត្តកំពត​មាន​គណបក្សនយោបាយ​១៦​បាន​ចូលរួម​ប្រកួតប្រជែង​ដើម្បី​យក​កៅអី​តំណាងរាស្ត្រ​ចំនួន​៦​អាសនៈ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដើម្បី​បង្កើត​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៦​ខាងមុខ​។ ប្រាំ​អាណត្តិ​កន្លងមក ជា​លទ្ធផល​រួមមាន អាណត្តិ​ទីមួយ គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ទទួលបាន​បី​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា​បី​អាសនៈ​, អាណត្តិ​ទី​ពីរ គណបក្ស​ប្រជាជន​កម្ពុជា​បួន​អាសនៈ គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ពីរ​អាសនៈ​, អាណត្តិ​ទី​បី គណបក្ស​ប្រជាជន​កម្ពុជា​បី​អាសនៈ គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ពីរ​អាសនៈ គណបក្ស​សមរង្ស៊ី​មួយ​អាសនៈ​, អាណត្តិ​ទី​បួន គណបក្ស​ប្រជាជន​កម្ពុជា​ប្រាំ​អាសនៈ គណបក្ស​សមរង្ស៊ី​មួយ​អាសនៈ​, អាណត្តិ​ទី​ប្រាំ គណបក្ស​ប្រជាជន​កម្ពុជា​បី​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ​បី​អាសនៈ​។​

​ដោយឡែក ខេត្ត​កែប​ដែល​បាន​បង្កើត​រដ្ឋបាល​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ និង មាន​កៅអី​តំណាងរាស្ត្រ​មួយ​អាសនៈ​ចាប់ពី​នីតិកាល​ទី​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​ទាំង​បួន​អាណត្តិ​៕

#