ដោយ: សុខុម
ស្ទឹងត្រែង: វត្តអារាមមានវ័យចំណាស់រាប់រយឆ្នាំមួយកន្លែង បានធ្វើឱ្យពលរដ្ឋ និងមន្ត្រីក្នុងខេត្តស្ទឹងត្រែងមានជំនឿខ្លាំងលើបារមីពូកែស័ក្តិសិទ្ធិ។ ហើយគេតែងតែចូលទៅអុជធូបបន់ស្រន់ សុំសេចក្តីសុខសប្បាយរាល់ថ្ងៃ ជាពិសេសរៀងរាល់ថ្ងៃសិល្បិ៍។
អ្នកស្រុកនៅទីនេះបានហៅឈ្មោះវត្តព្រះអង្គធំជារៀងរហូតដោយសារមានព្រះពុទ្ធបដិមាមួយអង្គធំហើយខ្ពស់។តែគណកម្មការវត្តបានដាក់ឈ្មោះថាវត្តពោធិញ្ញាណ ឬហៅវត្តព្រះអង្គធំ។វត្តព្រះអង្គធំ មានទីតាំងនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងជាប់មាត់ទន្លេសេកុងខាងលិចក្រុងស្ទឹងត្រែង។
ទាក់ទងនឹងប្រវត្តិវត្តព្រះអង្គធំលោកមួ សា មឿនអាចារ្យប្រចាំវត្តនិងជាអ្នកស្រាវជ្រាវប្រវត្តិបានរៀបរាប់ប្រាប់ឱ្យដឹងថា កាលពីមុន គេហៅថាបូជនីយដ្ឋានលីងសឺន។បូជនីយដ្ឋានមានន័យថាទីកន្លែងដែលគោរពបូជា។បូជនីយដ្ឋាន លីញ សឺនកសាងដោយគហបតីម្នាក់ឈ្មោះ សួយ ហៅកុងប៉ាសូយបានយកផ្ទៃដីខាងកើតទល់ផ្លូវ ខាងជើងជាប់ផ្លូវថ្នល់មាត់ទន្លេ ខាងត្បូងជាប់ផ្លូវ ខាងក្រោយវត្តជាប់ផ្លូវ ខាងលិចជាប់របងទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត។
ព្រះពុទ្ធបាដិមាត្រូវបានកសាងឡើងអំឡុងឆ្នាំ១៨៤៥ ដើម្បីឧទ្ទិសឱ្យនគរក្រុងកម្ពុជាបានរួចចាកផុត ពីអណានិគមនិយមបានរាំង ដែលបានត្រួតត្រានៅលើទឹកដីកម្ពុជាសម័យនោះ។
វត្តដ៏ល្បីក្នុងខេត្តស្ទឹងត្រែងមានព្រះពុទ្ធបដិមាមួយអង្គធំមានតួព្រះភ្នែន៤ម៉ែត្រកម្ពស់៦ម៉ែត្រ ដោយមានរៀបចំសក្តារៈបូជា នូវបារមីព្រះអង្គជាប្រចាំរាល់ថ្ងៃ។ព្រះពុទ្ធបដិមាអង្គនោះសាងអំពីស៊ីម៉ង់ត៍និងឥតបូរាណដុំធំៗ មានឧបាសិកាជនជាតិចិនម្នាក់និយាយភាសាខ្មែរមិនច្បាស់ជាអ្នកគ្រប់គ្រងថែរក្សានៅក្នុងកន្លែងបូជនីយដ្ឋាននោះ។
មនុស្សជាច្រើនមានជំនឿខ្លាំងណាស់ ដោយបារមីព្រះអង្គធំនោះមានមហិទ្ធិរិទ្ធិខ្លាំងពូកែស័ក្តិសិទ្ធិក្នុងការផ្សងបួងសួងបន់ស្រន់ផ្សេងៗតាំងពីយូរលង់រហូតមកទល់បច្ចប្បន្ន។
គួររំលឹកថាការគ្រប់គ្រងក្នុងរបប ប៉ុល ពត សម័យខ្មែរក្រហម បានវាយកំទេចវប្បធម៌ព្រះពុទ្ធសាសនាចោល ពោលគឺបំបាត់ជំនឿទៅលើព្រះពុទ្ធសាសនាមានកម្មផលជាដើម។ របបប៉ុលពតបំបាត់ជំនឿលើព្រះពុទ្ធសាសនាចោលក្នុងប្រទេសកម្ពុជាអស់។ ចាប់ផ្សឹកព្រះសង្ឃបណ្តេញចេញពីវត្តអារាមអស់គ្មានសល់។ គ្មានសៀវភៅធម៌ សាស្ត្រាស្លឹករឹត… រូបព្រះពុទ្ធបដិមាក៏វាយខ្ចេចខ្ទីអស់គ្មានសល់គ្រប់វត្តអារាមទូទាំងប្រទេស។
ព្រះពុទ្ធបដិមាមួយអង្គធំល្បីមានបារមីក្នុងខេត្តស្ទឹងត្រែងត្រូវប៉ុលពតវាយកំទេចយកព្រះកេសទៅបោះចោលក្នុងទឹកទន្លេសេកុង។
លុះមកដល់ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ក្រោយមកក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រះពុទ្ធសាសនាក៏ចាប់ផ្តើមមានឡើងវិញ។ មានព្រះសង្ឃកសាងវត្តនៅតាមភូមិស្រុកគ្រប់ទីកន្លែង។
នៅឆ្នាំ១៩៨១មានពុទ្ធបរិស័ទដែលរស់សល់ពីរបបប៉ុលពតសម្លាប់ចោល គឺអ្នកដែលធ្លាប់បួសរៀនពីជំនាន់សម័យសង្គមរាស្ត្រនិយម មានមនុស្សតិចតួចនិងមានព្រៃស្ងាត់ជ្រងំនៅក្នុងខេត្តស្ទឹងត្រែង។
ចៃដន្យថ្ងៃមួយ ប្រជាពលរដ្ឋឆ្លងទូកទៅមក តាមដងទន្លេសេកុង យកសំណាញ់ទៅនេសាទត្រីសំណាញ់បានជាប់នឹងព្រះកេសព្រះពុទ្ធបដិមាមួយអង្គធំដែលប៉ុលពតយកទៅបោះចោលក្នុងទឹកទន្លេ។
ឃើញដូចនោះប្រជាពលរដ្ឋបាននាំគ្នាធ្វើពិធីបន់ស្រន់បូងសួងប្រមូលគ្នាយ៉ាងច្រើនគាស់ស្ទូចលើកព្រះកេសឡើងលើគោកដង្ហែមកដំកល់ដាក់ក្រោមដើមពោធិ៍ព្រឹក្សជាប់មាត់ទន្លេសេកុង ជាកន្លែងអ្នកតាចិនទុកជាបណ្តោះអាសន្ន។
ជាច្រើនឆ្នាំកន្លងមក កន្លែងដំកល់ព្រះកេស នៅជាប់មាត់ទន្លេសេកុង ត្រូវគ្រោះធម្មជាតិទឹកឡើងស្រកចេះតែបាក់ដីច្រោះរលំដើមពោធិ៍ព្រឹក្ស។ នៅឆ្នាំ១៩៩១ លោកអាចារ្យ ឈ្មោះម៉ៅសុខនិងលោកអាចារ្យ ផាន យីព្រមទាំងថ្នាក់ដឹកនាំខេត្តបានប្រមូលពុទ្ធបរិស័ទនៅតាមភូមិស្រុកទូទាំងខេត្តរៀបចំពិធីដង្ហែព្រះពុទ្ធបដិមាធំមកដំកល់នៅកន្លែងវត្តព្រះអង្គធំសព្វថ្ងៃនេះវិញ។
ហេតុនេះហើយ បានជាមានមនុស្សជាច្រើនតែងទៅបន់ស្រន់ នៅក្នុងវត្តព្រះអង្គធំដោយខ្លះក៏សម្រេចដូចបំណងរៀងខ្លួនទៅ។ខ្លះក៏មិនបានដូចបំណងទៅ។អ្នករស់នៅខេត្តស្ទឹងត្រែងមានរឿងខ្លះ ដូចជាការប្រកែកគ្នាយកឈ្នះចាញ់បែរជាបបួលគ្នាទៅស្បត់នៅមុខព្រះវត្តព្រះអង្គធំសូមឱ្យបារមីពូកែស័ក្តិសិទ្ធិ បំបាក់ក បើសិនជានរណានិយាយមិនពិត។ពាក្យទាំងនេះអ្នកស្ទឹងត្រែងតែងតែនិយាយតៗគ្នារហូតមក។
ស្ត្រីវ័យចាស់ម្នាក់បាននិយាយថា ដោយសារតែវត្តព្រះអង្គធំ មានមនុស្សជាច្រើនគោរពជឿថា មានបារមីពូកែស័ក្តិសិទ្ធិខ្លាំង ទើបគាត់នាំកូនចៅមកស្រោចទឹក ក្នុងវត្តដើម្បីរំដោះគ្រោះសុំសេចក្តីសុខសប្បាយ កុំឱ្យមានជំងឺហេតុអាក្រក់ កើតក្នុងក្រុមគ្រួសារញាតិសណ្តានរកស៊ីមានបានក្នុងជីវភាពរស់នៅ៕ ល