ពលរដ្ឋ​ខ្មែរ​ចេញចូល​ប្រទេស​ថៃតាមច្រកប៉ោយប៉ែត ប្រមាណ​១​ម៉ឺន​នាក់​រៀងរាល់ថ្ងៃ​

1672
ចែករម្លែក
  • 4
    Shares

ដោយ ៖ វិបុល/​ខេត្តបន្ទាយមានជ័យ ៖ ក្រៅពី​ការនាំចេញ​-​នាំចូល​សព្វសារពើ​រវាង​កម្ពុជា​-​ថៃ ដែល​ដឹកជញ្ជូន​តាម​ច្រកព្រំដែន​អន្ដរជាតិ​ប៉ោយប៉ែត​ក្នុង​មួយថ្ងៃៗ​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញទៅ​រកស៊ី និង​លក់ដូរ​នៅ​ប្រទេស​ថៃ ពិសេស​ផ្សារ​រុង​ក្លឿ ក្នុង​មួយថ្ងៃៗ​មាន​ប្រមាណ​ពី​៨​ពាន់​ទៅ​១​ម៉ឺន​នាក់ ។ នេះ​បើ​យោងតាម​ប្រធាន​គណៈកម្មាធិការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

​លោក វួ​ច អូន ប្រធាន​គណៈកម្មាធិការ​រូបនេះ​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញ​-​ចូលទៅ​ប្រទេស​ថៃ ក្នុង​១​ថ្ងៃ​មាន​ប្រមាណ​ជា​៨​ពាន់​ទៅ​១​ម៉ឺន​នាក់ ដែល​ភាគច្រើន​មាន​អាជីវករ​ចូលទៅ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ។

​លោក​បន្ដថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញចូល​ប្រទេស​ថៃ គឺ​ទៅ​ព្រឹក​វិល​ល្ងាច ហើយ​ភាគច្រើន​ជា​អាជីវករ និង​កម្មករ​អូស​រទេះ​ដែល​ចេញចូល​ដឹកទំនិញ​ពី​ផ្សារ​រុង​ក្លឿ​មក​កម្ពុជា ប៉ុន្តែ​ក៏មាន​មួយចំនួន​តូច​ស្នាក់នៅ​ទីនោះ​ផងដែរ ដោយសារ​ពួកគេ​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​ដែលមាន​សុពលភាព​១​សប្ដាហ៍ ។​

​លោក វួ​ច អូន បាន​បញ្ជាក់ថា ក្រោយពេល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រួល​សំបុត្រ​ឆ្លងដែន​លក់​ជូន​ប្រជាពលរដ្ឋ បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចេញ​-​ចូល​ដោយ​ស្របច្បាប់ ដោយ​លក់​ជូន​ក្នុង​១​នាក់​តម្លៃ​តែ​១០០​រៀល​ប៉ុណ្ណោះ ហើយ​ក្នុង​១​ថ្ងៃ​លក់​អស់​ជាង​១០០​ដុំ ដោយ​ក្នុង​១​ដុំ​ស្មើនឹង​១០០​សន្លឹក​។ លោក​បន្ដថា ការចេញ​ប័ណ្ណ​ព្រំដែន​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងកាត់​ប្រទេស​ថៃ​នេះ ពិតជា​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​អាជីវករ និង​កម្មករ ថែមទាំង​ផ្ដល់នូវ​ចំណូល​សម្រាប់​ជាតិ​ថែមទៀត ។​

​យោងតាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ កាលពី​ឆ្នាំ​២០០៣​បាន​កំណត់ថា ការចេញ​ប័ណ្ណឆ្លងដែន​នេះ គឺ​សម្រាប់តែ​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​ដែល​អាច​ចេញចូល​បាន​ក្នុង​រយៈពេល​៧​ថ្ងៃ សម្រាប់​ខេត្ត​ស្រះកែវ និង​ខេត្ត​ប្រា​ជឹម​បូរី​របស់​ថៃ ហើយ​ខាង​ពលរដ្ឋ​ថៃ​ក៏​អនុវត្ត​ដូចគ្នា​ដែរ ក្នុងការ​ចូលមក​ប្រទេស​កម្ពុជា ។ ប័ណ្ណ​នេះ​មាន​សុពលភាព​រយៈពេល​២​ឆ្នាំ​៕

#