ពលរដ្ឋ​ខ្មែរ ទៅធ្វើ​ការ​នៅ​កូរ៉េ ទទួលបាន​ប្រាក់ខែ​ពី ១៥០០ ដុល្លារ ទៅ ២០០០ ដុល្លារ​

1452
ចែករម្លែក

(​ភ្នំពេញ​)៖ “​មានតែ​ក្រសួង​ការងារ​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ប​ញ្ជួ​ន​ពលករ​ខ្មែរ ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ឬ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ EPS បន្ទាប់ពី​បាន​ចុះ​អនុស្សរណៈ​ជាមួយគ្នា​កន្លងមក​។ ដោយឡែក​ផ្នែក​ឯកជន មាន​សិទ្ធ​ត្រឹមតែ​ជា​អ្នក​បណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក​ភាសារ​កូរ៉េ ដើម្បី​ចូលរួម​ប្រលង​ប៉ុណ្ណោះ​។ ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ អាច​ទទួលបាន​ប្រាក់ខែ​ចាប់ពី ១៥០០ ដុល្លារ ទៅ ២០០០​ដុល្លារ ឬ​អាច​លើសពីនេះ​”​។ នេះ​បើតាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើង​ដូច្នេះ ក្នុងពេល​លោក ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​កូរ៉េ ប្រចាំ​កម្ពុជា លោក OH NAK YOUNG កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ បាន​លើកឡើងថា សាធារណរដ្ឋ​កូរ៉េ ឬ​កូរ៉េខាងត្បូង បានសម្រេច​ផ្ដល់​កូតា ទទួលយក​ពលករ​ក​ម្ពុ​ជាជាង ៤០០០​នាក់ ដើម្បី​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ នៅក្នុង​ឆ្នាំ​២០១៨​នេះ​។ ចំនួន​នេះ ស្មើគ្នា​ទៅនឹង​ឆ្នាំ​២០១៧​។​

​ក្នុងជំនួប​នេះដែរ លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បានស្នើ​ទៅ​ភាគី​កូរ៉េ បន្ថែម​វិស័យ​សេវាកម្ម សម្រាប់​ពលករ​ទៅធ្វើ​ការ​នៅ​កូរ៉េ ថែម​ពីលើ​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់ ដែលមាន​នាបច្ចុប្បន្ន​។ ប៉ុន្តែ​ជាការ​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ភាគី​កូរ៉េ​សុំ​ពេល​ពិចារណា​ផងដែរ ខណៈ​ដែរ​ល​នៅ​កូរ៉េ មិនទាន់​បានគិត​លើ​វិស័យនេះ នៅឡើយ​ទេ​។​

​នៅក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ ខាងមុខនេះ រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា លោក អ៊ិត សំហេង នឹងធ្វើ​ដំណើរ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​បន្ត​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​បន្ថែមទៀត​។ លោក​រដ្ឋមន្ត្រី ក៏​ជួបជុំ​ជាមួយ​ពលករ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ ដើម្បី​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ប្រពៃណីជាតិ នៅ​ប្រទេស​កូរ៉េ ផងដែរ​៕ ដោយ​៖ ម៉េង​ឆៃ​