ពលរដ្ឋ​ឃុំ​មាក់ប្រាង​កាន់តែ​ទទួលបាន​ប្រាក់ចំណូល​ក្រោយពី​មាន​ផ្លូវធំ​ទូលាយ​ឆ្លងកាត់​មូលដ្ឋាន​

1200
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​នៅពេល​ទទួលបាន​ផ្លូវធំ​ទូលាយ​មួយ​ខ្សែ​ស្ថិតនៅ​ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​ពោរពេញ​ដោយ​សក្តានុពល​នេះ​នឹង​កាន់​តែមាន​ប្រាក់ចំណូល​បន្ថែមទៀត​។​ពួកគាត់​លក់​កសិផល​និង​ផលិតផល​ផ្សេងៗ​ព្រមទាំង​ស្រូប​ទាញ​តាមរយៈ​ចំណេះ​ជំនាញ​របស់ខ្លួន​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ដើម្បី​ថ្លែងអំណរគុណ​និង​បំពាក់​គ្រឿង​ឥស្សរិយ​ស​ជូន​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ដែល​បាន​បរិច្ចាគ​ដី​របស់ខ្លួន​ដើម្បី​រួមចំណែក​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ស្ថិតនៅ​ភូមិ​ស្នំ​ប្រាំពីរ និង​ភូមិ​បត់​ក្បាលដំរី ឃុំ​មាក់​ប្រាង្គ ស្រុក​ទឹកឈូ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​លោក​ទេសរដ្ឋមន្ត្រី​ចម​ប្រសិទ្ធ​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពត​បាន​មានប្រសាសន៍ថា​អ្នកភូមិ​ស្នំ​ប្រាំពីរ​និង​ភូមិ​បត់​ក្បាលដំរី​ឃុំ​មាក់ប្រាង​នឹង​កាន់​តែមាន​ប្រាក់ចំណូល​បន្ថែមទៀត​តាមរយៈ​ការលក់​ផលិតផល​ផ្សេងៗ​ជូន​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ដែល​មក​កម្សាន្ត​ក្នុងភូមិ​សាស្ត្រ​ពោរពេញ​ដោយ​សក្តានុពល​មួយ​នេះ​។​កសិផល​នានា​ដែល​ធ្លាប់តែ​មានតម្លៃ​កម្រិត​ទាប​ព្រោះតែ​មិនសូវមាន​អ្នក​មកដល់​នោះ​ក៏​នឹង​កើន​តម្លៃ​តាម​បរិមាណ​ភ្ញៀវ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​ភូមិ​ទាំងពីរ​ពិតជា​មាន​អំណោយផល​ដ៏​ប្រសើរ​ព្រោះ​នៅជាប់​ជាមួយ​មាត់​ព្រែក​ដែល​មិន​ត្រឹម​សោភ័ណ​ភាពល្អ​ស្អាត​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​កន្លែង​កម្សាន្ត​ជាច្រើន​ទៀតផង​។ ដូច្នេះ​ក្រោយពេល​មាន​ផ្លូវធំ​ទូលាយ​ល្អ​ស្អាត​តម្រូវការ​មាន់​ទា​ត្រី​សាច់​បន្លែ​ផ្លែឈើ​សម្រាប់​លក់​ជូន​ភ្ញៀវ​ជា​រឿង​ចាំបាច់​បំផុត​។

ពាក់ព័ន្ធ​នឹង​ការបរិច្ចាគ​ដី​ធ្វើ​ផ្លូវ​វិញ​លោក​ចម​ប្រសិទ្ធ​បាន​បញ្ជាក់ថា​ជាមួយនឹង​ការបរិច្ចាគ​ដីរ​បស់បង​ប្អូន​ទាំង​១១៦​គ្រួសារ​ដើម្បី​ស្ថាបនា​ផ្លូវ​ឱ្យ​ធំ​នេះ​ជា​គុណបំណាច់​ដ៏​ថ្លៃថ្លា​និង​ជាកា​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។​ក្នុងនាម​ថ្នាក់ដឹកនាំ​ដែល​តែង​ចុះ​ជាប់​ការងារ​នៅ​ខេត្តកំពត​លោក​នឹងមិន​ភ្លេច​នូវ​អំពើ​កុល​សល​របស់​បងប្អូន​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​ប្រៀបបាន​នឹង​សន្តាន​ចិត្ត​នៃ​ព្រះ​វេស្សន្តរ​នេះឡើយ​។

​របាយការណ៍​របស់លោក​ប៉ឹ​ល​កុសល​អភិបាលរង​ខេត្តកំពត​បានបញ្ជាក់​ថា​នាឱកាស​បូកសរុប​លទ្ធផល​វេទិកាសាធារណៈ​របស់​ឃុំ​មាក់​ប្រាង្គ ស្រុក​ទឹកឈូ កាលពី​ខែមេសា ឆ្នាំ​២០១៨ កន្លងទៅ លោក​ចម ប្រសិទ្ធ​បាន​គាំទ្រ​និង​ផ្តល់ជូន​នូវ​ផ្លូវ​មួយ​ខ្សែទទឹង​ប្រាំមួយ​ម៉ែត្រ​ប្រវែង​ជាង​ប្រាំមួយ​គីឡូម៉ែត្រ​ដែល​នឹង​រៀបចំ​ចាក់​បេតុង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​៕S/​