ពលរដ្ឋ​ច្រើន​គ្រួសារ​សុំ​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍​ករណី​ក្រុមហ៊ុន​មួយ​រំលោភ​យក​ដី​ពួកគាត់​

477
ចែករម្លែក

ដោយៈ​ហូ​សាន់​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​បាន​អាស្រ័យ​ផល​លើ​មុខរបរ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​បឹង​សំរោង​និង​បឹង​ព្រែក​ព្នៅ​តាំងពី​យូរ​មកហើយ​។​ប៉ុន្តែ​ថ្មីៗ​នេះ​ទីតាំង​ចិញ្ចឹម​ត្រី​របស់​ពួកគាត់​ត្រូវ​ក្រុមហ៊ុន​ម៉ែន​សារុន​ បាន​ឈូសឆាយ​ចាក់ដី​លុប​បឹង​នេះ​យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។​ធ្វើឱ្យ​ពួកគាត់​ភ័យព្រួយ​ ស្នើសុំ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​មេ​តា្ត​ជួយ​ពួកគាត់​ផង​។​

​លោក​លី​ ប្រសើរ​ ម្ចាស់​ទីតាំង​ចិញ្ចឹម​ត្រី​បានឱ្យដឹងថា​៖ ​បឹង​ទាំងពីរ​នេះ​អតីត​ជា​បឹង​ដែន​ឡូត៍​នេសាទ​ ជា​ឡូត៍​លេខ​១៤ ​របស់​រដ្ឋ​ ស្ថិតក្នុង​ការគ្រប់គ្រង​នៃ​អាជ្ញាធរ​ខេត្តកណ្ដាល​។​ក្រោយមក​ទីតាំង​ឡូត៍​នេសាទ​លេខ​១៤​នេះ​ត្រូវបាន​ផ្ទេរ​ការ គ្រប់គ្រង​ពី​រដ្ឋបាល​ខេត្តកណ្ដាល​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រប់គ្រង​វិញ​។​បឹង​សំរោង​និង​បឹង​ព្រែក​ព្នៅ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដួង​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

លោក​លី​ប្រសើរ​បានឱ្យដឹង​ទៀតថា​៖ “​ពួកគាត់​ប្រក​បរបរ​ចិញ្ចឹម​ត្រី​មាន​ច្រើន​គ្រួសារ​នៅក្នុង​បឹង​សំរោង​និង​បឹង​ព្រែក​ព្នៅ​តាំងពី​ឆ្នាំ​១៩៩៤​រហូតមកដល់​បច្ចុប្បន្ន​។​ប៉ុន្តែ​ថ្មីៗ​នេះ​ទីតាំង​ចិញ្ចឹម​ត្រី​នោះ​ត្រូវ​ក្រុមហ៊ុន​ម៉ែន​សារុន​ បាន​ឈូសឆាយ​ចាក់ដី​លុប​បឹង​នេះ​យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​ដោយ​រំលោភបំពាន​លើ​កម្មសិទ្ធិ​របស់​ពលរ​ដ្ឋ​”​។​

​ម្ចាស់​ទីតាំង​ចិញ្ចឹម​ត្រី​បាន​បន្តថា​៖ “​តាម​អនុក្រឹត្យ​លេខ​០៦​និង​លេខ​០៧៦​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​២០០១​និង​ឆ្នាំ​២០០៣​បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​លក្ខណៈ​គ្រួសារ​លើ​ទីតាំង​បឹង​សំរោង​។​ក្នុងនោះដែរ​ក៏​អត់​មាន​មាត្រា​បានចែង​ក្នុង​អនុ​ក្រឹ​ត​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឬ​អភិវឌ្ឍន៍​អ្វី​ឡើយ​។​

ស្រាប់តែ​នៅ​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ ​ក្រុមហ៊ុន​ម៉ែន​សារុន​អាហរ័ណ​នីហរ័ណ​និង​សំណង់​បាន​ឈូសឆាយដី​លុប​ស៊ង​ចិញ្ចឹម​ត្រី​របស់​ពួកគាត់​ ដែល​បាន​អះអាងថា​ជា​ដី​ក្រុមហ៊ុន​ទៅវិញ​។​ក្នុងនោះ​រួមមាន​ទាំង​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀត​”​។​

​លោក​លី​ប្រសើរ​បាន​អះអាងថា​ ការចាក់ដី​នេះ​មិនមែន​រដ្ឋបាល​សាលា​រាជធានី​ជា​អ្នក​ចាក់​ទេ​​​ គឺ​ក្រុមហ៊ុន​ម៉ែន​សារុន​ចាក់​ចូល​បឹង​ធម្មជាតិ​ពិតប្រាកដ​មែន​។​សកម្មភាព​នោះ​គឺ​ស្ថិតនៅ​ម្ដុំ​ក្រោយ​វិហារ​អ៊ិស្លាម​ភូមិ​ដួង ​ហើយ​មាន​រូបថត​មកជា​មួយ​ផង​។​ចំណែកឯ​ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ​ចាក់​ក្រវាត់​ដី​គឺ​នៅ​កន្លែង​ផ្សេង ​មិនមែន​នៅ​ចំណុច​ដែល​ចាក់ដី​រំលោភ​យក​របស់​ប្រជាពលរដ្ឋ​នេះ​ទេ​។​ដោយមាន​ការឃុបឃិត​គ្នា​បំភាន់​ករណី​ទីតាំង​នេះ​ដើម្បី​ភូត​កុហក​ថ្នាក់លើ​ប៉ុណ្ណោះ​។​

​អ្នក​ចិញ្ចឹម​ត្រី​បាន​បន្តថា​”​តាមពិត​ទីតាំង​ដែល​ពូក​គាត់​បាន​អាស្រ័យ​ផល​ជា​យូរ​មកហើយ​នោះ​គឺ​ស្ថិតនៅលើ​ផ្ទៃ​បឹង​ដែល​កំណត់ដោយ​អនុក្រឹត្យ​អនុញ្ញាតឱ្យ​ពលរដ្ឋ​អាស្រ័យ​ផល​ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ​។​ដូច្នេះ​ពួកគាត់​សុំ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​មេត្តាជួយ​ពិនិត្យ​រក​យុត្តិធម៌​ដល់​ពូ​គាត់​ផង​”​។​ព្រោះ​ពួកគាត់​ជា​ជនស្លូតត្រង់​ គឺ​អស់ជំនឿ​លើ​មន្ត្រី​ថ្នាក់ក្រោម​និង​ថ្នាក់មូលដ្ឋាន​ដែល​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ មិនបាន​គិតពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

“​យើងខ្ញុំ​សុំ​សូម​សម្តេច​មេ​តា្ត​ជួយ​ឱ្យ​មន្ត្រី​ក្រុមអធិការកិច្ច​ពិនិត្យ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​ក្រុមហ៊ុន​និង​វាស់វែង​លើ​ទីតាំង​ប្លង់​ឡើងវិញ​។​ករណី​ប្លង់​ខាងលើ​នោះ​ស្ថិតនៅ​លើដី​អនុក្រឹត្យ​គឺ​ស្ថិតនៅក្នុង​អតីត​ឡូត៍​នេសាទ​លេខ​១៤​ខេត្តកណ្ដាល​។​ប៉ុន្តែ​បច្ចុប្បន្ន​ទីតាំង​ឡូត៍​នេសាទ​លេខ​១៤​នេះ​ត្រូវបាន​ផ្ទេរ​ការគ្រប់គ្រង​ពី​រដ្ឋបាលខេត្ត​កណ្ដាល​ម​ក​ក្រោម​ការគ្រប់គ្រង​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​វិញ​”​។​

​ទាក់ទិន​បញ្ហា​នេះ ​លោក​សុខ​ សម្បត្តិ​ អភិបាលខណ្ឌ​ព្រែក​ព្នៅ​មិនអាច​សុំ​ការបញ្ជាក់​បានទេ​។​ប៉ុន្តែ​លោក​ស៊ីម​ ផង់​ នាយក​រដ្ឋបាល​សាលាខណ្ឌ​ព្រែក​ព្នៅ​បានឱ្យដឹងថា​៖​ការចាក់ដី​នៅ​ទីនោះ​(​បឹង​ព្រែក​ព្នៅ​និង​បឹង​សំរោង​)​គឺជា​ក្រុម​កា​ងារ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ចាក់ដី​ធ្វើជា​ក្រវាត់​ព្រំដី​កំណត់ដោយ​អនុក្រឹត្យ​ដឹកនាំ​ដោយ​ខ្ញុំ​ផ្ទាល់​(​ស៊ីម​ផង់​)​។​ក្រៅពីនេះ​អត់​មាន​ក្រុមហ៊ុន​មកចាក់​ដី​លុប​បឹង​នេះ​ទេ​។​កុំថាឡើយ​ក្រុមហ៊ុន​ម៉ែន​សារុន ​ក្រុមហ៊ុន​ណា​ក៏​មិន​អាចមក​ចាក់ដី​លុប​បឹង​នេះ​បានដែរ​។​

​លោកនាយក​រដ្ឋបាល​បាន​បន្តថា ​ប្រជាពលរដ្ឋ​នៅ​ទី​នោះបាន​ប្រកប​របរ​ចិញ្ចឹម​ត្រី​ប្រមាណ​៣៣៦​គ្រួសារ​ដោយ​ពួកគាត់​អត់​មាន​លិខិតស្នាម​កាន់កាប់​អ្វី​ទេ​។​ប៉ុន្តែ​ខាង​អាជ្ញាធរ​បាន​ដោះស្រាយ​គោលនយោបាយ​ជូន​ពួកគាត់​ច្រើន​គ្រួសារ​រួចមកហើយ ​គឺ​ទទួលបាន​ដោយ​ស្ម័គ្រចិត្ត​។​ក្នុងនោះ​នៅសល់​មួយចំនួន​តូច​ប្រមាណ​ជាង​១០​គ្រួសារ​មិនទាន់​បានទទួល​និង​មិនទាន់​ចូលរួម​សហការ​។​

​ករណីនេះ​អ្នកច្បាប់​ម្នាក់​បានបញ្ជាក់​ថា បើ​តាម​ទិដ្ឋភាព​ច្បាប់​ដែន​ឡូត៍​នេសាទ​គឺជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​(​មាត្រា​៩​នៃ​ច្បាប់​ស្ដីពី​ជលផល​ឆ្នាំ​២០០៦​និង​មាត្រា​១៥​ស្ដីពី​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១)​។​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​គ្មាន​កំណត់​អាជ្ញា​យុ​កា​លទេ ​និង​មិន​អាចជា​កម្មវត្ថុ​នៃ​លទ្ធកម្ម​សិទ្ធិ​បានដែរ​។​(​មេ​ត្រា​១៦​និង​មាត្រា​៤៣​នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១)​។​

​ឯ​ការផ្ដល់​កម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​ដី​នៅក្នុង​តំបន់​គ្រប់គ្រង​ជលផល​ឬ​ឡូត៍​នេសាទ​អាច​ប្រព្រឹត្តទៅបាន​លុះត្រាតែ​មានការ​សិក្សា​វាយតម្លៃ​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​ធ្វើសំណើ​ទៅ​រាជរដ្ឋាភិបាល​សម្រេច​(​មាត្រា​១៣​និង​មាត្រា​៩​នៃ​ច្បាប់​ស្ដីពី​ជលផល​)​។​

​អ្នកកាន់កាប់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវបាន​ចាត់ទុកថា​ខុសច្បាប់​ដដែល​ប្រសិនបើ​ស្ថានភាព​មិនកើត​ចេញពី​ការអនុញ្ញាត​តាមបែប​ផែន​ដែល​បាន​កំណត់ដោយ​ច្បាប់​ទេនោះ​។​អ្នកកាន់កាប់​ខុសច្បាប់​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ជាបន្ទាន់​និង​គ្មាន​សិទ្ធិ​ទាមទារ​សំណង​សម្រាប់​ការចំណាយ​និង​ការកែលម្អ​របស់ខ្លួន​ទៅលើ​អចលនវត្ថុ​នោះទេ​។​ត្រូវ​ទទួល​ទណ្ឌកម្ម​តាម​មាត្រា​២៥៩​នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ថែម​ទៀតផង​(​មេ​ត្រា​៤៣​នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១)​។​

​ចំណែក​ប័ណ្ណ​ឬ​ឯកសារ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ​ត្រូវ​ចាត់ទុកជា​មោ​ឃៈ​និង​គ្មាន​តម្លៃ​គតិយុត្ត​។​រីឯ​ភ្នាក់ងារ​ដែល​ចេញ​ប័ណ្ណ​ឬ​ឯកសារ​សមញកាល់​សិទ្ធិ​កាន់កាប់​នេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ទាំង​ស៊ីវិល​និង​ព្រហ្មទណ្ឌ​៕S/​Ha

រូបភាពខាងលើពេលក្រុមហ៊ុនកំពុងចាក់ដី។

រូបភាពបន្ទាប់កន្លែងចិញ្ចឹមត្រីមិនទាន់ចាក់ដី