ពលរដ្ឋ​ជាង​១០០​នាក់​នាំគ្នា​មក​ដាក់បន្ទុក​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​

508
ចែករម្លែក

ដោយ​៖​បូកគោ​/​កំ​ពតៈ​ក្រោយពី​ស៊ើបអង្កេត​មួយរយៈ​ពេល​ខ្លី កាលពី​ល្ងាច​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ខេត្តកំពត​បាន​នាំខ្លួន​ជនសង្ស័យ​ប្រាំមួយ​នាក់មក​សាកសួរ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ក្នុងភូមិ​ព្រៃ​ពាយ​ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​នាពេល​ថ្មីៗ​នេះ​។​

នៅ​ព្រឹក​ថ្ងៃទី​៣​ខែកុម្ភៈ​ពលរដ្ឋ​ក្នុងភូមិ​ប្រមាណ​ជាង​១០០​នាក់​បាន​តាម​មក​ដាក់បន្ទុក​លើ​ជនសង្ស័យ​ដោយ​អះអាងថា​អ្នក​ទាំងនោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ពិតប្រាកដ​មែន​។

​សូម​រំលឹកថា​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៩​ដោយសារ​បាត់​បុរស​ជា​សមាជិកគ្រួសារ​ម្នាក់​មិនឃើញ​ត្រឡប់ទៅផ្ទះ បងប្អូន​សាច់ញាតិ​បាន​តាម​ទៅរក​ដល់​ចម្ការ​ស្ថិតនៅ​ចំណុច​ស្រែ​ព្រៃ ក្នុងភូមិ​ព្រៃ​ពាយ​ឃុំ​ត្រពាំង​ភ្លាំង​។​

ទើប​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក៏​ប្រញាប់ប្រញាល់​ប្រាប់​សមត្ថកិច្ច​ឱ្យដឹង ភ្លាមៗ​ដើម្បី​ចុះ​ពិនិត្យមើល​។ បុរសរងគ្រោះ​ឈ្មោះ អ៊ួ​ន វណ្ណា អាយុ ៤៨​ឆ្នាំ​ស្នាក់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត តែ​ឃ្លាតឆ្ងាយ​ពី​ទី​កើតហេតុ​។

​តាមរយៈ​ការធ្វើ​កោសល្យវិច័យ​សមត្ថកិច្ច​បាន​បញ្ជាក់ថា​ជនរងគ្រោះ​ត្រូវគេ​វាយ​ត្រង់​ក្បាល​ពីក្រោយ​ជាច្រើន​កន្លែង​និង​រហែក​មាត់​ផ្នែក​ខាងឆ្វេង​។​នេះ​ជា​ករណី​មនុស្សឃាត​បង្កឡើង​ដោយ​ជន​មិន​ស្គាល់មុខ​ដែល​តម្រូវឱ្យ​សមត្ថកិច្ច​តាមដាន​ស្រាវជ្រាវ​ដើម្បី​នាំ​ជនដៃដល់​យកមក ផ្តន្ទាទោស​តាមច្បាប់​។

សាច់ញាតិ​ជនរងគ្រោះ​បញ្ជាក់ថា​ពេល​ក្រុមគ្រួសារ​យក​គោយន្ត​ដឹក​សព​មក​លំនៅស្ថាន​មាន​ដៃជើង​ឈ្មួញ​ដី​ដែល​តែង​ធ្វើបាប​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ព្យាយាម​រារាំង​។​តែដោយសារ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទើប​គោលបំណង​ពួកគេ​មិនបាន​សម្រេច​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ៅ​ច័ន្ទ​មធុ​រិ​ទ្ធ​ស្នងការ​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ក្រោយ​កំណត់ថា​ក្រុម​ជន​ដែល​ព្យាយាម​អុកឡុក​គ្រួសារ​សព​តម​ផ្លូវ​អាចពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​។​

សមត្ថកិច្ច​ក៏​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​ប្រាំមួយ​នាក់មក​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្ត​តែម្តង​។​ជាមួយគ្នានេះដែរ​ដើម្បីឱ្យ​ច្បាស់​ថា​ពួកគេ​ធ្លាប់ប្រើ​ហិង្សា​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ហើយ​មាន​បណ្តឹង​កន្លងមក​នោះ​សមត្ថកិច្ច​ក៏បាន​ជូនដំណឹង​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មកជួប និង​មើលមុខ​ផ្ទាល់​។

​លោកស្នងការ​បានបញ្ជាក់​ថា​មិន​ត្រឹម​តែមាន​បណ្តឹង​ដូច​ការគិត​នោះទេ​ក្នុងចំណោម​ពួកគេ​ទាំង​ប្រាំមួយ​នាក់​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ឈ្មោះ​អ៊ួ​នវ​ណ្ណា​ប្រាកដ​មែន​។​ដូច្នេះ​សមត្ថកិច្ច​នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី ហើយ​តាម​ស្វែងរក​អ្នកពាក់ព័ន្ធ​បន្ថែមទៀត​៕S/