ពលរដ្ឋ​ជាង​៣០០​នាក់​ទទួល​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​

1416
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ក្រុមការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីពេល​កន្លងទៅនេះ បានរួម​សហការ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​បងប្អូន​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​សរុប​ចំនួន​៣៨០​នាក់ ដែល ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ការ​ឲ្យ​ដឹង​របស់ ប​.​ស​.​ស នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅនេះ បាន​ឲ្យ​ដឹងថា ក្រៅពី​ផ្តល់​សេវាកម្ម​ខាងលើ និង​ការ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត ក៏ដូចជា​ប្រជាពលរដ្ឋ​នៅនឹងកន្លែង ក្រុមការងារ​បាន​ចុះសួរសុខទុក្ខ​និង​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ដល់​កម្មករនិយោជិត​នៅតាម​លំនៅឋាន​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក យ៉ា​ម យុ​ទ្ធា មន្ត្រី​នៃ ប​.​ស​.​ស បាន​បញ្ជាក់ថា កន្លងមក​ក្រុមការងារ ប​.​ស​.​ស ចូលរួម​សហការ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ចំនួន​០៣​លើក​រួចមកហើយ ដែល​លើក​នេះ​គឺជា​លើក​ទី​៤​ហើយ ដោយ​ក្រុមការងារ​បានទទួល​អ្ន​ក​ជំងឺ​ទូទៅ​ចំនួន​៣៨០​នាក់ ក្នុងនោះ អ្នកមាន​ជំងឺ​សើរ​ស្បែក​ចំនួន​៥៥​នាក់ ពិនិត្យ​ជំងឺ​កុមារ​ចំនួន​៥០​នាក់ ពិនិត្យ​ជំងឺ​មាត់​ធ្មេញ​ចំនួន​១៨​នាក់ និង​ចុះ​អប់រំ​សុខភាព​(​មាត់​ធ្មេញ​) នៅតាម​ខ្នង​ផ្ទះ​បាន​ចំនួន​៤៣៦​គ្រួសារ​។ លោក​ឲ្យ​ដឹង​ទៀតថា បងប្អូន​ជា​កម្មករ និយោជិត​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ក៏​អាច​ទៅ​ទទួល​សេវា​ពិនិត្យ និង​ថែទាំ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​ជា​ដៃគូរ​របស់ ប​.​ស​.​ស ទូទាំង​រាជធានី​-​ខេត្ត ដោយ​ឥតគិតថ្លៃ​ទៀតផង​។ សម្រាប់​ការ​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​បងប្អូន​កម្មករ កម្មការិនី​គ្រាន់តែ​កាន់​បណ្ណ​សមាជិក ប​.​ស​.​ស ទៅ​ជួ​ម​ជាមួយ​ភ្នាក់ងារ​ប្រចាំការ​នៅតាម​មន្ទីរពេទ្យ នោះ​ភ្នាក់ងារ ប​.​ស​.​ស នឹងធ្វើ​ការសម្របសម្រួល​ជូន​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ក៏បាន​ផ្តាំផ្ញើរ​ឲ្យ​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​គិតគូ​ថែរក្សា​សុខភាព ដោយ​បរិភោគ​អាហារ​ដែលមាន​ជីវជាតិ និង​មាន​អនាម័យ​ល្អ ហើយក៏​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នា​ខែកក្កដា​ខាងមុខ ដើម្បី​ប្រើប្រាស់ សិទ្ធិ​០៥​ឆ្នាំ​ម្តង ក្នុងការ​ជ្រើស​មេដឹកនាំ​របស់ខ្លួន​៕ ល​